លោក​ង្វៀន ភូ​ត្រុង​ត្រូវ​តែងតាំង​​ជា​ប្រធានាធិបតី​ថ្មី​​វៀតណាម​​បន្ថែម​លើ​​តំណែង​​កំពូល​​បច្ចុប្បន្ន​

24-10-2018 10:19 am 1216
  ស្តាប់
លោក​ង្វៀន ភូត្រុង(Nguyen Phu Trong)​ពេលស្បថចូល​កាន់តំណែង
ស្តាប់ជាសំឡេង

​សមាជិកសភា​វៀតណាម​កាលពី​ថ្ងៃទី​២៣​តុលា បាន​បោះឆ្នោត​គាំទ្រ​លោក​ង្វៀន ភូត្រុង(Nguyen Phu Trong)​យ៉ាងច្រើន​លើសលប់ ឲ្យធ្វើជា​ប្រធានាធិបតី​ថ្មី​វៀតណា​ម បន្ទាប់ពី​មរណភាព​របស់លោក​ប្រធានាធិបតី​Tran Dai Quang​។ លោក​Trong​ទទួលបាន​សំឡេងគាំទ្រ​៩៩.៨​ភាគរយ ពី​ការបោះឆ្នោត​របស់​សមាជិក​សភា​៤៧៧​រូប ដែលមាន​សំឡេង​ប្រឆាំង​តែមួយ​សំឡេង​ប៉ុណ្ណោះ នេះ​បើតាម​ការបញ្ជាក់​នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​។

​លោក​Nguyen Phu Trong ជា​បេក្ខភាព​តែ​ម្នាក់​គត់ ដែល​គេ​គិតថា​ស័ក្ដិសម​សម្រាប់​តំណែង​ប្រធានាធិបតី​វៀតណាម​។ លោក​ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​កាន់តំណែង​ពីរ​ក្នុងពេល​តែមួយ គឺជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​ផង​និង​ជា​ប្រធានាធិបតី​ផង បន្ទាប់ពី​លោក​Ho Chi Minh​។ ក្នុងពេល​ស្បថ​ចូល​កាន់តំណែង លោក​Trong​បាន​ថ្លែងថា “​ខ្ញុំ ជា​ប្រធានាធិបតី​វៀតណាម សូម​ប្ដេជ្ញា​ថា​នឹង​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេសជាតិ ប្រជាពលរដ្ឋ និង​រដ្ឋធម្មនុញ្ញ​។ នេះ​គឺជា​កិត្ដិយសដ៏​ធំធេ​ងណាស់ តែ​ក៏​ជា​ទំនួល​ខុសត្រូវ​ដ៏​ធ្ងន់​មួយ​សម្រាប់​ខ្ញុំ​។​”

​ចំពោះ​ក្រុមអ្នកវិភាគ​និយាយថា លោក​Trong​ទំនងជា​ផ្ដោត​សំខាន់​ជាងគេ លើ​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ដែល​លោក​បាន​ដឹកនាំ​តាំងពី​ឆ្នាំ​២០១៦​។ យុទ្ធនាការ​នេះ​មាន​មន្ដ្រី​កំពូលៗ នាយក​ប្រតិ​ប​ត្ដិ និង​អ្នក​បម្រើការ​ក្នុង​ធនាគារ​រាប់ពាន់នាក់ ត្រូវ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​។ ស្របពេល​ស្ថិតក្រោម​ការដឹកនាំ​របស់លោក ការបង្ក្រាប​របស់​ក្រុមប្រឆាំង​ក៏មាន​ច្រើន ដោយ​ក្នុងឆ្នាំនេះ​មនុស្ស​ជាង​៥០​នាក់​ត្រូវ​ជាប់ពន្ធនាគារ​។​

​សូមបញ្ជាក់ថា លោក​Nguyen Phu Trong កើត​នៅ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​១៩៤៤ ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម គិតដល់​បច្ចុប្បន្ន​លោក​មាន​វ័យ​៧៤​ឆ្នាំ​។ លោក​ជា​អ្នកនយោបាយ​ល្បីឈ្មោះ​មួយរូប បាន​ចូលរួម​ជា​សមាជិក​គណបក្ស​កុ​មុ្មយ​នីស្ដ​វៀតណាម​តាំងពី​ឆ្នាំ​១៩៦៨ និង​បាន​ក្លាយជា​សមាជិកសភា​ក្នុង​ឆ្នាំ​២០០២ ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​គណបក្ស​ពី​ឆ្នាំ​២០០០-២០០៦​។ បន្ទាប់មក​បាន​ក្លាយជា​ប្រធានរដ្ឋសភាជាតិ​វៀតណាម​ពី​ឆ្នាំ​២០០៦-២០១១ តែងតាំង​ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​ក្នុង​ឆ្នាំ​២០១១ ហើយ​ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី​ទី​៩​របស់​វៀតណាម​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​នេះ​៕

ព័ត៌មានផ្សេងទៀត