តំបន់អាស៊ីជាតំបន់ដ៏មានសក្ដានុពលមួយក្នុងពិភពលោក មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធា។ ក្នុងតំបន់នេះក៏មានប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាច្រើន និងប្រទេសមហាអំណាចមួយចំនួនដែរ ជាក់ស្ដែងដូចជាចិន ជប៉ុន កូរ៉េខាងត្បូងជាដើម។ តែយ៉ាងណាមិញអាស៊ីនៅមានបញ្ហាប្រឈមកើតឡើងដែរ ដូច្នេះដើម្បីបំពេញសក្ដានុពលរបស់ខ្លួនឲ្យបានទាំងស្រុង តំបន់អាស៊ីចាំបាច់ត្រូវតែយកឈ្នះលើឧបសគ្គធំៗចំនួន៧។ តើឧបសគ្គទាំងនោះមានអ្វីខ្លះ?
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
ជាការពិតណាស់ថាតំបន់អាស៊ីកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយតំបន់មួយនេះក៏មានសក្ដានុពលខ្លាំងសម្រាប់ពិភពលោកទាំងមូល។ ប៉ុន្ដែទន្ទឹមនឹងការរីកចម្រើនបញ្ហាប្រឈមក៏នៅតែកើតមានឡើងដែរ ក្នុងសតវត្សទី២១នេះ។ ដូច្នេះតំបន់អាស៊ីត្រូវតែយកឈ្នះលើឧបសគ្គធំៗចំនួន៧ បើចង់បានសក្ដានុពលពេញលេញ។
ទី១៖ ត្រូវធ្វើយ៉ាងណាដើម្បីអាចទទួលបានកាន់តែប្រសើរ នៃតម្លៃលក់ផលិតផលក្នុងពិភពលោក
អាស៊ីគឺជាអ្នកនាំមុខគេក្នុងការធ្វើពាណិជ្ជកម្មនិងការវិនិយោគអន្ដរជាតិ។ ប៉ុន្ដែជាការពិតដែលថាប្រទេសមួយចំនួនដូចជាចិន ឥណ្ឌា និងឥណ្ឌូនេស៊ីជាដើម ផលិតផលដែលលក់នៅក្នុងទីផ្សារពិភពលោកកំពុងទទួលបានតម្លៃទាប បើប្រៀបធៀបនឹងខ្សែសង្វាក់តម្លៃទំនិញសកលលោក។ តួយ៉ាងមានផលិតផលគ្រឿងអេឡិចត្រូនិច រថយន្ដ កាត់ដេរសម្លៀកបំពាក់ និងការបម្រើសេវាកម្មមួយចំនួនទៀត។ កិច្ចខិតខំប្រឹងប្រែងមានកាន់តែច្រើន ទាមទារនូវតម្លៃល្អប្រសើរជាងមុន សម្រាប់ពង្រឹងទីផ្សារ ពង្រឹងដើមទុន ពង្រឹងសមត្ថភាពបុគ្គលិក ពង្រឹងផ្នែកបច្ចេកវិទ្យា និងបង្កើនការច្នៃប្រតិដ្ឋ។
ទី២៖ ត្រូវធ្វើឲ្យមានសក្ដានុពលខ្លាំងបំផុតនៃនគរូបនីយកម្ម
បណ្ដារោងចក្រនិងមជ្ឈមណ្ឌលសេវាកម្មជាច្រើនក្នុងតំបន់អាស៊ី បានជួលជនអន្ដោប្រវេសន៍ក្រីក្រឲ្យមកធ្វើការ ដោយពួកគេបានផ្លាស់ប្ដូរទីលំនៅទៅរស់នៅក្នុងទីក្រុងឬរាជធានី រំពឹងអាចទទួលបានជីវិតល្អប្រសើរ។ ប៉ុន្ដែក្ដីសង្ឃឹមរបស់ពួកគេជារឿយៗត្រូវបរាជ័យ ដោយត្រូវទៅរស់នៅក្នុងតំបន់អនាធិបតេយ្យក្នុងទីក្រុងវិញ។ ករណីនេះបានកើតឡើងនៅក្នុងប្រទេសចិន ដែលមានជនអន្ដោប្រវេសន៍ក្នុងស្រុកភាគច្រើន មិនបានទទួលសេវាសង្គមទេ។ ជាការចាំបាច់ដែលត្រូវរៀបចំឲ្យបានល្អប្រសើរ នៅក្នុងទីក្រុងមានប្រជាជនចំណាកស្រុកទៅបំពេញការងារច្រើន។ នៅតាមទីក្រុងទំនើបមួយចំនួនក្នុងតំបន់អាស៊ីដូចជាសិង្ហបុរី ហុងកុង តូក្យូ និងសេអ៊ួលជាដើម កំពុងស្ថិតពីក្រោយទីក្រុងក្នុងប្រទេសលោកខាងលិចនៅឡើយ ក្នុងការស្វែងរកការបង្កើតថ្មីនិងគំនិតច្នៃប្រតិដ្ឋថ្មី។
ទី៣៖ ត្រូវផ្ដល់ឱកាសឲ្យប្រជាជនអាស៊ីទាំងអស់
ការរើសអើងជាតិសាសន៍ ប្រកាន់បក្សពួក ការធ្វើទុក្ខបុកម្នេញ មានច្រើននៅទ្វីបអាស៊ី។ ដូច្នេះដើម្បីការពារសេដ្ឋកិច្ចនិងសង្គមឲ្យសម្រេចបានសក្ដានុពលពេញលេញ ចាំបាច់ត្រូវពិនិត្យមើលករណីនេះឡើងវិញ។ មានស្ដ្រីជនជាតិជប៉ុន ស្ដ្រីនៅអាស៊ីខាងត្បូង ដែលទទួលរងទុក្ខវេទនា។ ក្រៅពីនេះមានកុមារជាច្រើនត្រូវបានបង្ខិតបង្ខំឲ្យរៀបការទាំងវ័យក្មេងនិងត្រូវបានសម្លាប់។ ចំពោះជនជាតិដើមភាគតិចនៅអាស៊ី ដូចជាក្រុមទីបេ ក្រុមអ៊ុយហ្គួរនៅចិន ក្រុមតាមិលនៅស្រីលង្កា និងក្រុមវណ្ណៈទាបនៅឥណ្ឌា កំពុងទទួលការគំរាមកំហែងដោយសារតែការរើសអើងនិងការធ្វើទុក្ខបុកម្នេញ។
ទី៤៖ ដោះស្រាយវិបត្ដិប្រជាសាស្ដ្រ
បណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី ប្រឈមនឹងបញ្ហាកំណើនប្រជាជនដែលពិបាកនឹងដោះស្រាយ។ នៅតំបន់អាស៊ីភាគខាងកើត ភាពដែលអាចមានកូនបានធ្លាក់ចុះទាបជាងអត្រាដែលជំនួសប្រជាជនវ័យចាស់ជរា កម្លាំងពលកម្មបានថយចុះ ហើយនៅជប៉ុនចំនួនប្រជាជនបានធ្លាក់ចុះ។ បញ្ហានេះរដ្ឋាភិបាលរកដំណោះស្រាយឆ្លើយតបយឺតយ៉ាវ ចំពេលដែលនៅអាស៊ីខាងត្បូង នៅឥណ្ឌូនេស៊ីនិងហ្វីលីពីន មានយុវជនកាន់តែច្រើនសម្រុកចូលធ្វើការក្នុងវិស័យនានា ប៉ុន្ដែភាគច្រើននៃពួកគេគ្មានការអប់រំខ្ពង់ខ្ពស់ទេ រីឯការងារទៀតសោតក៏មិនគ្រប់គ្រាន់។ វាជាកត្ដាធ្វើឲ្យរំជើបរំជួលយ៉ាងឆាប់រហ័សនៅក្នុងសង្គម។
ទី៥៖ ជួសជុលនយោបាយមិនប្រក្រតី
អាស៊ីកំពុងស្រែករកលទ្ធិប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ ដើម្បីកែលម្អមូលដ្ឋានគ្រឹះសម្រាប់ឲ្យសេដ្ឋកិច្ចរឹងមាំ និងធ្វើឲ្យវណ្ណៈកណ្ដាលក្នុងសង្គមមានលក្ខណៈសមរម្យ។ ប៉ុន្ដែយ៉ាងណាក៏ដោយវិធានការមួយចំនួន មិនដើរតាមលទ្ធិប្រជាធិបតេយ្យទេ ហើយក៏គ្មានលទ្ធិប្រជាធិបតេយ្យចាស់ទុំដែរ។ ផ្ទុយពីការរំពឹងទុករបស់អ្នកវិទ្យាសាស្ដ្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យតិចតួចនៅអាស៊ី។
ទិដ្ឋភាពនយោបាយនៅអាស៊ីកំពុងមានវិបត្ដិធ្ងន់ធ្ងរ ជាមួយនឹងបញ្ហាប្រជាធិបតេយ្យនៅជប៉ុន នៅកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងក្រុមគាំទ្រជំនួញផ្ដាច់មុខនៅហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី ដែលមិនគោរពតាមលទ្ធិប្រជាធិបតេយ្យ។ ក្រៅពីនេះបញ្ហាអតិថិជនចិននៅកម្ពុជា នៅឡាវ បញ្ហាប្រជាធិបតេយ្យទន់ខ្សោយនៅក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុងហ្គោល ស្រីលង្កា បង់ក្លាដែសនិងនេប៉ាល់ ក៏កំពុងធ្វើឲ្យរង្គោះរង្គើដល់ស្ថានភាពនយោបាយក្នុងតំបន់អាស៊ីដែរ។ ដោយឡែករដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធានៅប្រទេសថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា ព្រមទាំងការគ្រប់គ្រងតាមបែបផ្ដាច់ការនៅក្នុងប្រទេសចិន នៅកូរ៉េខាងជើង និងវៀតណាម ក៏ជាផ្នែកដ៏សំខាន់ផ្សេងទៀតបង្កជាវិបត្ដិនយោបាយ។
ទី៦៖ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសេដ្ឋកិច្ច
ផលវិបាកមួយក្នុងចំណោមផលវិបាកជាច្រើនកើតចេញពីវិបត្ដិនយោបាយ គឺថានៅពេលតំបន់អាស៊ីបានផ្លាស់ប្ដូរទៅរកចំណុចកណ្ដាលនៃសេដ្ឋកិច្ចសកលលោក តំបន់អាស៊ីក៏បានផ្លាស់ប្ដូរទៅចំណុចកណ្ដាលនៃឧក្រិដ្ឋកម្មសេដ្ឋកិច្ចសកលលោកផងដែរ។ តំបន់អាស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពជាច្រើននៃឧក្រិដ្ឋកម្មសេដ្ឋកិច្ច ក្នុងនោះមានដូចជាការក្លែងបន្លំនិងការលួចចម្លង ផលិតផលគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ការរត់ពន្ធ អំពើពុករលួយ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត។ ខណៈដែលវិបត្ដិនយោបាយជាបុព្វហេតុមួយបង្កឲ្យមានឧក្រិដ្ឋកម្មសេដ្ឋកិច្ចកើតឡើង ពេលខ្លះតួអង្គរដ្ឋខ្លួនឯងក៏ជាអ្នកឃុបឃិតជាមួយក្រុមឧក្រិដ្ឋជន។ វិធានការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសេដ្ឋកិច្ច គួរតែត្រូវបង្កើតឡើងឲ្យបានទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់។
ទី៧៖ តើបណ្ដាប្រទេសនៅអាស៊ី អាចរស់នៅជាមួយគ្នាដោយសន្ដិភាព និងភាពសុខដុមបានឬទេ?
ស្របពេលដែលកត្ដាជាច្រើនបានពង្រឹងការស្ដារឡើងវិញក្នុងតំបន់អាស៊ីអស់រយៈពេលកន្លះទសវត្សមកហើយនោះ សន្ដិភាពដែលកំពុងលេចរូបរាងក្នុងតំបន់នេះ អាចជារឿងសំខាន់បំផុត។ ប៉ុន្ដែសព្វថ្ងៃស្ថិរភាពពិតប្រាកដនៃប្រទេសអាស៊ីក្រោយសង្គ្រាមដឹកនាំដោយអាមេរិក ត្រូវបានរង្គោះរង្គើព្រោះតែការកើនឡើងឥទ្ធិពលរបស់ចិន។ រង្គោះរង្គើនៅពេលចិនតស៊ូជាមួយអាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្ដ ដណ្ដើមគ្នាដឹកនាំនយោបាយនៅអាស៊ី។
មានការជជែកវែកញែកជាច្រើនលើកឡើងថា តើបញ្ហានេះនាំឲ្យមានជម្លោះផ្នែកយោធារវាងចិននិងអាមេរិកដែរឬទេ។ តែក្នុងករណីណាក៏ដោយ អាមេរិកហាក់កំពុងតែបាត់បង់ការកាន់កាប់ទៅលើទ្វីបអាស៊ី។ ជាក់ស្ដែងរដ្ឋាភិបាលអាមេរិកស្ថិតក្រោមគ្រប់គ្រងដោយលោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងជួបភាពរកាំរកូសជាមួយសម្ព័ន្ធមិត្ដមួយចំនួននៅអាស៊ី។ ដូច្នេះមានន័យថាវានឹងក្លាយជារឿងចាំបាច់ណាស់សម្រាប់ប្រទេសនៅអាស៊ី ក្នុងការសហការល្អប្រសើរជាមួយគ្នា។ តែអ្វីដែលកំពុងមានការព្រួយបារម្ភ ហើយអាចជាបញ្ហាប្រឈមដ៏ធំរារាំងការរួបរួម គឺភាពតានតឹងពាក់ព័ន្ធនឹងប្រទេសចិន កូរ៉េខាងជើង ជប៉ុន តៃវ៉ាន់ ហុងកុង កូរ៉េខាងត្បូង និងប្រទេសឥណ្ឌា៕