ខួប​​២៧​​ឆ្នាំ​ថ្ងៃ​​២៣​​តុលា​៖​​បញ្ចប់​សង្គ្រាម​​ខ្មែរ​​ខាងក្រៅ​ តែ​ជម្លោះ​ផ្ទៃក្នុង​​នៅ​​បន្ត​​?​

23-10-2018 8:53 am 3945

​ថ្ងៃទី​២៣ តុលា ឆ្នាំ​២០១៨​នេះ គឺជា​ខួប​គម្រប់​២៧​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ ជា​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ក្រុម​ប្រដាប់អាវុធ ៤​ភាគី​របស់​ខ្មែរ បាន​អង្គុយ​ចុះហត្ថលេខា បញ្ចប់​សង្គ្រាមស៊ីវិល​ជាង​ពីរ​ទស្សវត្ស​នៅ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ពិសេស គឺ​ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី​។ ក៏ប៉ុន្តែ​បើទោះបីជា​កិច្ចព្រមព្រៀង​នេះ​ ធ្វើឱ្យ​ភាគី​នយោបាយ​ខ្មែរ​ទម្លាក់អាវុធ​ហើយ​ចូល​តុ​កចរចាក្តី គេឃើញ​២៧​ឆ្នាំក្រោយ​មកនេះ  ជម្លោះ​នយោបាយ​ផ្ទៃក្នុង​រវាង​ខ្មែរ និង ខ្មែរ​គ្នាឯង នៅតែ​បន្ត​រហូតមកដល់​ពេល​បច្ចុប្បន្ន​។​

​ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ដល់​ថ្ងៃទី ២៣ តុលា ឆ្នាំ​២០១៨ គឺជា​ខួប​គម្រប់​២៧​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។​កាលពី​២៧​ឆ្នាំមុន នៅថ្ងៃនេះ​ភាគី​ជម្លោះ​ទាំង​៤​របស់​កម្ពុជា​គឺ ភាគី​រដ្ឋ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង ភាគី​ខ្មែរក្រហម រួមជាមួយ​ប្រទេស​ចំនួន ១៨ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​។​

​កិច្ចព្រមព្រៀង​នេះ គឺជារ​បត់​នយោបាយ​ថ្មី​នៃ​ប្រជាជាតិ​កម្ពុជា​ក្នុង​ការបើកផ្លូវ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ការបោះឆ្នោត​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៣ ក្រោម​ការរៀបចំ​របស់​អង្គការសហប្រជាជាតិ​។​ក្រៅពី​ការបោះឆ្នោត កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ក៏​មានចែង​ដែរ​អំពី​ការធានា​ឱ្យ​កម្ពុជា មាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មាន​ការគោរព​សិទ្ធិមនុស្ស និង មាន​អធិបតេយ្យភាព បូរណភាព​ទឹកដី​ដែល​គ្មាន​អ្នកណា​អាច​បំពាន​បាន​។​

​ជា​ការពិត​ កិច្ចព្រមព្រៀង​មានតម្លៃ​ធំធេង​ណាស់​សម្រាប់​កម្ពុជា​។ ធំធេង​ព្រោះថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ បាន​ផ្តល់ឱកាស​ដល់​កម្ពុជា បញ្ចប់​ជម្លោះ​នយោបាយ និង សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ដែល​កើតឡើង​ជាង​ពីរ​ទស្សវត្ស​មក ហើយ​ប្រជាជន​ខ្មែរ​រួមគ្នា​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​ដោយ​ដៃទទេ​ស្អាត​។ ប៉ុន្តែ​ជា​អកុសល ​បើទោះបី​ជាកិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ធ្វើឱ្យ​ភាគី​នយោបាយ​ខ្មែរ​ទម្លាក់អាវុធ​ហើយ​ចូល​តុ​កចរ​ចាក្តី តែ​២៧​ឆ្នាំក្រោយ​មកនេះ ជម្លោះ​នយោបាយ​ផ្ទៃក្នុង​រវាង​ខ្មែរ និង ខ្មែរ​គ្នាឯង នៅតែ​បន្ត​រហូតមកដល់​ពេល​បច្ចុប្បន្ន​ដោយ​ពេលខ្លះ​ស្ទើ​ផ្ទុះ​ជា​សង្គ្រាប​ជាថ្មី​ក៏មាន​។​

​ជាក់ស្តែង​ជាង​ពីរ​ទសវត្ស​មកនេះ គេ​ឃើញ​ជម្លោះ​របស់​អ្នកនយោបាយ បាន​កើតឡើង​ជា​ច្រើនសា​រ ដោយសារតែ​ការសម្រេចចិត្ត​ខុស​របស់​អ្នកនយោបាយ ហើយ​ទម្លាប់​ធ្វើ​នយោបាយ​របស់​អ្នកនយោបាយ​ខ្មែរ ហាក់​មិនទាន់មាន​អ្វី​ប្រែប្រួល​ធំដុំ​នៅឡើយ ពោល​អ្នកនយោបាយ​ខ្មែរ​តែង​ប្រើ​យុទ្ធវិធី​ផ្តួល​គ្នា​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន ដើម្បី​ជ័យជំនះ ដើម្បី​អំណាច បើទោះបីជា​ផលវិបាក​របស់​វា​ទៅជា​យ៉ាងណាក៏ដោយ​។​

​ចំពោះ​ព្រឹត្តិការណ៍​នយោបាយ​ថ្មីៗ​ចុងក្រោយ បន្ទាប់ពី​តុលាការ​កំពូល​ក្រុងភ្នំពេញ ប្រកាស​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​អតីត​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​មក សម្ភា​ធ​ពី​អន្តរជាតិ និង ការធ្វើ​បាតុកម្ម​ប្រឆាំង​ខ្មែរ និង ខ្មែរ​គ្នាឯង នៅ​ក្រៅប្រទេស បាន​កើតមាន​ជា​បន្តបន្ទាប់​។ ជម្លោះ​នេះ​កំពុងតែធ្វើ​ឱ្យ​កម្ពុជា​គ្រោះថ្នាក់ និង ខាតបង់​ប្រយោជន៍​ជាតិ ត្បិត​អី​អន្តរជាតិ​មួយចំនួន កំពុង​មើល​ជាតិ​កម្ពុជា​ក្នុង​ផ្លូវ​ងងឹត ហើយ​គ្រោង​ព្យួរ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​(EBA)​ដល់​កម្ពុជា​ដែល​ប៉ះពាល់​ដល់​ប្រជា​ពល​ស្លូតត្រង់​រាប់លាន​នាក់​ដែល​អាស្រ័យ​ផល​លើ​វិស័យ វាយ​ន​ភណ្ឌ​កាត់ដេរ និង ស្បែកជើង​។​

​តើ​អ្វី​ទៅជា​សមិទ្ធិផល​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​របស់​អ្នកនយោបាយ​ខ្មែរ​? សំណួរ​នេះ​ទុកឱ្យ​មិត្ត​អ្នក​អាច និង អ្នក​ស្តាប់​ពិចារណា​។​

​សរុប​មកវិញ បើទោះបីជា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស បាន​កន្លងផុត​អស់​រយៈពេល ២៧ ឆ្នាំ ហើយ​ត្រូវបាន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ រួចហើ​យក្តី​ ប៉ុន្តែ​បញ្ហា​នៅត្រង់ ការអនុវត្ត​មិនទាន់​បានល្អ​។​ទំនងជា​ការអនុវត្ត​មិនទាន់​ល្អ​នេះហើយ បានជា​ជម្លោះផ្ទៃក្នុង​កម្ពុជា​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ បង្ក​ឱ្យ​កម្ពុជា​ម្តង់​លិច ម្តង់​អណ្តែត​ តាម​អារម្មណ៍​របស់​អ្នកនយោបាយ​ដែលមាន​អនុត្តរភាព​ខ្ពស់​។​

​ចូល​កុំភ្លេចថា សហគមន៍​អន្តរជាតិ គឺ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ សម្រាប់​ដោះស្រាយ​បញ្ហា​ខ្មែរ​។ តែ​មានតែ​អ្នកនយោបាយ​ខ្មែរ​គ្នាឯង​ទេ ទើបជា​កូនសោ​ដ៏​សំខាន់​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​សព្វថ្ងៃ​។ ប្រវត្តិសាស្ត្រ​ខ្មែរ បានបញ្ជាក់​ហើយ​ថា​កាលណា​ដែល​ខ្មែរ​រត់​ទៅ​ពឹងពាក់​បរទេស ជាតិខ្មែរ​មិនដែល​ទទួលបាន​ផលចំណេញ​នោះទេ ផ្ទុយទៅវិញ​មានតែ​ខាតបង់​បន្ថែម​។ ដូច្នេះ កិច្ចព្រមព្រៀង ២៣ តុលា ទោះបីជា​កន្លងផុត​យូរ​ឆ្នាំ តែ​វា​នៅតែ​ជា​និមិត្តរូប​នៃ​ការ​សាមគ្គី​ជាតិខ្មែរ និង ជាការ​ដាស់​ស្មារតី​ដល់​អ្នកនយោបាយ​ខ្មែរ​គ្រប់រូប​ឱ្យ​ត្រឡប់មក​ដើរ​លើ​វិថី ដើម្បី​ប្រយោជន៍​ជាតិ និង ប្រជាជន​ខ្មែរ​ស្លូតត្រង់ ដែល​ត្រូវ​ការដើរ​ឱ្យទាន់​នូវ​ការវិវត្ត​នៃ​សកលភាវូបនីយកម្ម​ពិភពលោក​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត