រុស្ស៊ី​៖​​ជា​ជំហាន​​ដ៏​គ្រោះថ្នាក់​​ដែល​អាមេរិក​​ផ្គើន​ចង់​ដកខ្លួន​​ពី​សន្ធិសញ្ញា​​នុយក្លេអ៊ែ​រ​

22-10-2018 9:48 am 1680
  ស្តាប់
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ​ ពូទីន
ស្តាប់ជាសំឡេង

​ឆ្លើយតប​នឹង​ការប្រកាស​ព្រមាន​របស់លោក​ដូណាល់ ត្រាំ គ្រោង​នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី អនុ​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​ថា​វិធានការ​នេះ នឹង​ក្លាយជា​ជំហាន​ដ៏​គ្រោះថ្នាក់​។ ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​TASS​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី​២១​តុលា លោក​Sergei Ryabkov​គូសបញ្ជាក់ថា លោក​ត្រាំ​ធ្វើបែបនេះ​មិន​ត្រឹមតែ​មិន​យល់​ដល់​សហគមន៍​អន្ដរជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ​។

“​សន្ធិសញ្ញា​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្ដិសុខ​អន្ដរជាតិ និង​សន្ដិសុខ​ក្នុង​វិស័យ​អាវុធ​នុយក្លេអ៊ែរ ដែលជា​យុទ្ធសាស្ដ្រ​មួយ​ថែរក្សា​ស្ថិរភាព​។ រុស្ស៊ី​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ហើយ​វា​ជា​ការប៉ុនប៉ង​របស់​អា​មេរិក ដើម្បី​ទទួលបាន​ការ​សម្បទាន​តាម​នីតិវិធី​នៃ​ការគំរាមកំហែង​”​។ នេះ​ជា​សម្ដី​លោក​Sergei Ryabkov​បញ្ជាក់បន្ថែម​។ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​អាមេរិក​បន្ដសកម្មភាព​ខុស​ប្រក្រតី គ្មាន​តម្លាភាព និង​សម្រេចចិត្ដជា​ឯកតោភាគី​ដក​ខ្លួនចេ​ញ​ពី​កិច្ចព្រមព្រៀង​អន្ដរជាតិ​បែបនេះ​ទៀត នោះ​រុស្ស៊ី​នឹង​គ្មាន​ជម្រើស​អ្វី​ឡើយ ក្រៅតែពី​ចាត់វិធានការ​សងសឹក​ដែល​រួមបញ្ចូល​ទាំង​វិធានការ​បច្ចេកវិទ្យា​យោធា​ផងដែរ​។​

កាលពី​ថ្ងៃទី​២០​តុលា​លោក​ដូណាល់ ត្រាំ​បានប្រកាសថា លោក​នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​។ យោងតាម​ការចុះផ្សាយ​ដោយ​កាសែត​New York Times​ឲ្យដឹងថា មូលហេតុ​ដែល​លោក​ត្រាំ​សម្រេច​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម ដោយសារ​រុស្ស៊ី​រំលោភ​លើ​សន្ធិសញ្ញា និង​មូលហេតុ​មួយទៀត​ដើម្បី​អនុញ្ញាតឲ្យ​អាមេរិក​អាចផ​លិតអា​វុ​ធ ពង្រឹងសមត្ថភាព​ផ្នែក​សព្វាវុធ​ឲ្យ​កាន់តែ​រឹងមាំ ដើម្បី​ទប់​ទល់នឹង​ឥទ្ធិពល​យោធា​របស់​ចិន នៅ​តំបន់​ភាគ​ខាងលិច​ប៉ាស៊ីហ្វិក​។​

​សូមបញ្ជាក់ថា សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម ត្រូវបាន​ចុះ​ហេត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​Ronald Reagan​និង​មេដឹកនាំ​សហភាពសូវៀត លោក​Mikhaïl Gorbatchev​នៅ​ឆ្នាំ​១៩៨៧​។ ការបង្កើតឲ្យមានស​ន្ធិ​សញ្ញា​នេះឡើង ដើម្បី​បិទ​បញ្ចប់​ភាព​តានតឹង​ផ្នែក​យោធា​ក្នុងសម័យ​សង្គ្រាមត្រជាក់​។ សន្ធិសញ្ញា​ចងក្រង​ដោយ​បង្កប់​ខ្លឹមសារ ហាម​មិន​ឲ្យប្រើ​មី​ស៊ីល​គ្រប់​ប្រភេទ រួមមាន​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ឬ​មី​ស៊ី​ល​សម្រាប់​សង្គ្រាម ដែល​អាច​បាញ់​បាន​ពី​ចម្ងាយ​៥០០​ទៅ​៥០០០​គីឡូម៉ែត្រ​៕

ព័ត៌មានផ្សេងទៀត