បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រេច​មិន​ចូលរួម​«​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​»​ជា​ផ្លូវការ​

21-10-2018 4:52 pm 4396
  ស្តាប់
សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតសម្រេចលើការចូលរួមឧត្តមក្រុមប្រឹក្សា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។ រូបថត៖ហ្វេសប៊ុកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ស្តាប់ជាសំឡេង

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ បាន​ប្រជុំ​សម្រេច​ជា​ផ្លូវការ មិន​ចូលរួម​រួម​ជា​សមាជិក ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​បង្កើតឡើង​តាម​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ​ទេ ដោយ​លើក​មូលហេតុ​ថា ស្ថាប​ប័ន​នេះ​មិន​ឯករាជ្យ​។ តែ​យ៉ាងណា​ក៏​ដោយ​គណបក្ស​នេះ​ថា ខ្លួន​នៅតែ​បើកចំហរ​ការសន្ទនា​មតិ​ជាមួយ​រដ្ឋាភិបាល ក្នុងនាម​ជា​គណបក្ស​ប្រកួតប្រជែង​។

​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ដំបូង​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចាប់ផ្ដើម​សកម្មភាព​នយោបាយ​របស់​ខ្លួន​ឡើងវិញ ក្រោយ​ប្រកាស​ផ្អាក​រយៈពេល​២​ខែ​មក​។ ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​នេះ បាន​សម្រេច​ជា​ផ្លូវការ​ថា ខ្លួន​មិន​ចូលរួម​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នោះទេ​។​

​ថ្លែង​ប្រាប់​វិទ្យុ​វា​យោ នៅក្រោយ​កិច្ចប្រជុំ លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាងថា ការសម្រេច​មិន​ចូលរួម​នេះ គឺ​ដោយសារតែ​ស្ថាន​ប័ន​ក្រុមប្រឹក្សា មិន​មាន​ភាព​ឯករាជ្យ ពោល​គឺ​ស្ថិត​ក្រោម​ចំណុះ របស់​ទីស្ដីការគណរដ្ឋមន្ត្រី​។ លោក យ៉ង សាំង​កុមារ បន្ថែមថា បើ​ទោះ​បដិសធ​មិន​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ប៉ុន្តែ​គណបក្ស​លោក មិន​បដិសេធ​ក្នុង​ការផ្ដល់​យោបល់​ដល់​រដ្ឋាភិបាល​នោះ​ទេ​។ គណបក្ស​លោក​នៅតែ​បើកចំហ ចំពោះ​ការប្រឹក្សា​យោបល់​ជាមួយ​រដ្ឋាភិបាល​ជានិច្ច ...

​សំឡេង​លោក យ៉ង សាំង​កុមារ​៖

​សមាជិក​ឧត្តម​ក្រុមប្រឹក្សា និង​ជា​ប្រធាន​គណបក្ស​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ លើកឡើងថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ចោទសួរ​ពី​ឯករាជ្យភាព របស់​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​លោក​កំពុង​ចូលរួម​នោះទេ​។ លោក សូណង់ដូ ថា​ជា​ការយល់ឃើញ​ខុស​គ្នា​របស់​បុគ្គល​ម្នាក់ៗ ....

​សំឡេង​លោក ម៉ម សូណង់ដូ​៖

​គួរបញ្ជាក់​ថា​នៅ​ក្រោយ​ការបោះឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្ដាប់​យកអាសនៈ​សភា​ទាំង​១២៥​ជា​លើកដំបូង​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បង្កើត ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ក្នុង​បំណង​ផ្ដល់ឱកាស​ឲ្យ​គណបក្ស​ទាំងអស់​ចូលរួម​តាមដាន និង​ផ្ដល់​យោបល់ នូវ​ភាព​ចន្លោះប្រហោង​នៃ​ការអនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​។​

​យ៉ាងណា​ក៏​ដោយ​មាន​គណ​បក្ស​ចំនួន​៥ ក្នុងចំណោម​គណបក្ស​២០ ពុំ​បាន​ចូល​ចូលរួម​ជាមួយ​ស្ថាប័ន​បង្កើត​ថ្មី​នេះ​នោះ​ទេ​។ គណបក្ស​ទាំង​នោះ​រួម​មាន​គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​មាតុភូមិ​យើង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៕

ព័ត៌មានផ្សេងទៀត