លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពិភាក្សា​អ្វី​ខ្លះ​ជាមួយ​ប្រធាន​រដ្ឋសភា​តួ​ក​គី​?

21-10-2018 10:42 am 1400
​លោកប្រធានរដ្ឋសភាតួកគីនិងលោកនាយករដ្ឋមន្រ្តីហ៊ុនសែន

​នៅក្នុង​ឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សាធារណរដ្ឋ​តួ​ក​គី កាលពី​ថ្ងៃ​ទី​២០ ខែតុលា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប៊ី​ណាលី យី​ដី​រី​ម ប្រធានរដ្ឋសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​តួ​ក​គី ។​

​នៅ​ក្នុង​កិច្ចពិភាក្សា​នោះ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ទាក់ទង​ទៅនឹង​ការ​រឹតចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា ឲ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ទ្វេ​ឡើង ពិសេស​គម្រោង​នៃ​ការបើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​តួ​ក​គី​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន បន្ទាប់​ពី​ប្រទេស​តួ​ក​កី បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៣​។​

​ក្រៅ​ពី​ការពិភាក្សា​ទាក់ទង​ទៅនឹង​ការ​រឹតចំណង​សាមគ្គីភាព និង​ការបើក​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​តួ​ក​គី​ប្រមុខ​ដឹកនាំ​កម្ពុជា និង​ប្រធានរដ្ឋសភា​តួ​ក​គី ក៏​បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ការជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ការទូត ការផ្លាស់ប្តូរ​យោបល់ លើ​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុងនោះ រួម​មាន​ការជំរុញ​ឲ្យមាន​ការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី មក​កាន់​កម្ពុជា ផងដែរ​។​

នៅក្នុង​ពេល​នោះ​ដែរ ប្រមុខ​ដឹកនាំ​ទាំងពីរ ក៏​បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ លើ​បញ្ហា​ទ្វេភាគី បញ្ហា​ពហុភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ពិសេស​ការបង្កើន​ជំនឿ​ទុកចិត្ត​និង​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ ដែល​ផ្តល់​នូវ​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​តែ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ង​ទី​២២ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ករ​អញ្ជើញ​របស់​រដ្ឋាភិបាល​តួ​ក​គី​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត