លោក​ហ៊ុន សែន ​ប្រាប់​ទៅ​លោក​សម រង្ស៊ី ​កុំ​សុំ​លោក​​ចរចា​ឲ្យសោះ​​

21-10-2018 9:34 am 6461
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បាន​ចំអក​ទៅ​លោក​សម រង្ស៊ី ដែល​កំពុង​រស់​ភៀសខ្លួន​នៅ​បរទេស គេច​ពី​សំណាញ់​ច្បាប់​របស់​កម្ពុជា​នោះ កុំ​ផ្ញើ​សារ​សុំ​ចរចា​ជាមួយ​លោក​ឲ្យសោះ ព្រោះ​លោក​គ្មាន​ផ្លូវ​ចរចា​ជាមួយ​នោះឡើយ​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ រស់នៅ​ទ្វីបអឺរ៉ុប ប្រមាណ​ជាង​១,០០០​នាក់ នាទី​ក្រុង​ប្រ៊ុច​សែ​ល កាល​យប់​ថ្ងៃទី​១៩ តុលា​។

​លោក​ហ៊ុន សែន បាន​បង្ហើប​ថា លោក​សម រង្ស៊ី តែងតែ​ផ្ញើ​សារ​មកសុំ​ចរចា​ជាមួយ​លោក តែ​សម រង្ស៊ី​ដដែល​នេះ បែរជា​ស្រែកប្រាប់​ពលរដ្ឋ​ថា មិន​ចរចា​ជាមួយ​ហ៊ុន សែន​ទៅវិញ​។ លោក​ហ៊ុន សែន និយាយថា «​ដូច្នេះ ខ្ញុំ​សូម​ផ្ដាំ​ទៅវិញ គេ​ថា​គេ​ឈប់​ចរចា​ជាមួយ ហ៊ុន សែន សូមទោស​! ខ្ញុំ​សុំឲ្យ​អ្នក​កត់ត្រា​ឲ្យបាន ហើយ​សម្ដី​ខ្លួនឯង​ថត​ទុកឲ្យ​ជាប់ ហើយ​សូមអ្នក​ទាំងឡាយ ដែលមាន​បណ្ដាញសារព័ត៌មាន​ផ្លូវ​ខ្លួន​កត់ត្រា​ឲ្យ​ជាប់ មនុស្ស​ហ្នឹង (​សម រង្ស៊ី​) បាន​និយាយថា​កុំ​ចរចា​ជាមួយ ដោយ​គេ​ប្រើពាក្យ​ថា កុំ​ចរចា​ជាមួយ​ជនពាល កុំ​ចរចា​ជាមួយ​រដ្ឋាភិបាល​ហ៊ុន សែន​»​។ លោក​ហ៊ុនសែន​បញ្ជាក់ថា ប៉ុន្តែ​ធាតុពិត លោក​សម រង្ស៊ី បាន What's app ទៅសុំ​ដល់​ជប៉ុន​ជួយ​ដើម្បី​ចរចា វាយ​ចូល What's app របស់លោក​ជា​ញឹកញយ​ផងដែរ ដើម្បី​សុំ​ចរចា​។ ហេតុអ្វី ក៏​ឆាប់​ភ្លេច​ម្ល៉េះ​?

​យ៉ាងណាក្តី មកដល់ពេលនេះ តម្រុយ​វិជ្ជមាន នៃ​ប៉ូល​នយោបាយ​ទាំងពីរ នៅ​មិនទាន់​លេចចេញ​នៅឡើយ​ទេ​។​ក្នុង​បេសកកម្ម​ការទូត​ជាប់ៗ​គ្នា​រយៈកាល​ចុងក្រោយ​នេះ រដ្ឋាភិបាល​អះអាងថា ខ្លួន​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នៃ​នយោបាយ​ការទូត លើ​ឆាក​អន្តរជាតិ​។​ប៉ុន្តែ ក្រុមអ្នកវិភាគ​ខ្លះ មើលឃើញ​ផ្ទុយ​ពីនេះ​វិញ​ថា រដ្ឋាភិបាល​កំពុង​ចាញ់​ប្រៀប​ក្រុមប្រឆាំង លើ​នយោបាយ​ការទូត​។ ចាញ់ ប្រៀប ដោយ​មើលឃើញថា សហគមន៍​អន្តរជាតិ​ធំៗ មាន​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សហភាព​អន្តរ​សភា​IPU និង​ក្នុង​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប សុទ្ធតែ​បង្ហាញ​ទំនោរ​គាំទ្រ​ក្រុម​ប្រឆាំង និង​ស្នើ​រដ្ឋាភិបាល សម្រួល​ស្ថានការណ៍​នយោបាយ ឲ្យបាន​ប្រសើរ​ឡើងវិញ ទៀតផង​៕

ព័ត៌មានផ្សេងទៀត