ប្រជាពលរដ្ឋដែលសង្ស័យថា ពុលស្រាសនៅតាមឃុំមួយចំនួនក្នុងស្រុកសំបូរ ខេត្តក្រចេះ អ្នកស្លាប់កើនឡើងចំនួន៥នាក់ហើយ ក្នុងនោះមានស្រីម្នាក់ ខណៈប្រជាពលរដ្ឋដែលធ្លាក់ខ្លួនឈឺបានកើនឡើងរហូតដល់៧៨នាក់។ នេះបើតាមលីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់សារព័ត៌មានហ្វេសញូ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ករណីសង្ស័យពុលស្រាសនេះ បានកើតឡើងទៅលើប្រជាពលដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ដោយពួកគាត់បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាស កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ពេលនោះមានអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្ត្រីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ករណីសង្ស័យពុលស្រាសស្លាប់អ្នកភូមិខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិនោះដើម្បីសាកសួរ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់ផងដែរ៕