ដោយសារតែមានវិសម្ពាធ (TD) ដែលកើតឡើងនៅឈូងសមុទ្រថៃ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា វិសម្ពាធខាងលើនេះ នឹងមានឥទ្ធិពលមកលើកម្ពុជា ដោយបង្កឱ្យតំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់មានល្បឿនពី១៧-១៩ម៉ែត្រ ក្នុងមួយនាទី។ រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ពិសេសនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា។ ចំណែកតំបន់ទំនាបកណ្ដាល រួមមានបណ្ដាខេត្ត ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងតំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ជាមួយនោះក្រសួង ក៏បានក្រើនរំលឹកឱ្យពលរដ្ឋ ដែលធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នផងដែរ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២០ ខែតុលា៕