លោក​ហ៊ុន​សែន​៖ EBA​គង់តែ​បាត់បង់ នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់​

20-10-2018 10:44 am 11263
  ស្តាប់
ស្តាប់ជាសំឡេង

​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា នា​ទីក្រុង​ប្រ៊ុច​សែ​ល លោក ហ៊ុន សែន អះអាងថា EBA គង់តែ​បាត់បង់​ពី​កម្ពុជា នៅពេល​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់ ។ លោក​បន្តថា បច្ចុប្បន្ន​លោក​កំពុង​ធ្វើការ​ជាមួយ​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ចំនួន​២ ដើម្បី​បន្ត​ផ្តល់​កម្ចី ក្នុង​អត្រា​ការប្រាក់​អនុគ្រោះ​រយៈពេល​១០​ឆ្នាំ ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា​ពី​សហភាព​អឺរ៉ុប វា​គង់តែ​បាត់បង់ នៅពេល​ដែល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់ ។ 

​លោក​បាន​ថ្លែង​បែបនេះ នៅ​កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​បែ​ល​ហ្សិក ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់ ពី​ប្រទេស​ហុងគ្រី បារាំង និង​អាល្លឺម៉ង់ ។​

​លោក ហ៊ុន សែន បញ្ជាក់​បន្តថា លោក​បាន​ធ្វើការ​មួយ​ជំហាន​ជា​មួយ​ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដើម្បី​ឱ្យ​ភាគី​ទាំងនេះ បន្ត​ផ្តល់​អត្រា​ការប្រាក់​អនុគ្រោះ​រយៈពេល​១០​ឆ្នាំ ហើយ​លទ្ធភាព​សង​រយៈ​ពេល​៤០​ឆ្នាំ ។​

​លោក​បន្តថា កម្ពុជា​នៅ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការខ្ចី​ថវិកា​ពី​បរទេស ប៉ុន្តែ​កម្ពុជា​កំណត់ត្រា​កម្ចី​បរទេស​ត្រឹម ២៣​ភាគរយ ប៉ុណ្ណោះ ធៀប​ជាមួយ​ចំណូល​សេដ្ឋកិច្ចជាតិ ពោល​គឺ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​របស់​ខ្លួន លើ​បញ្ហា​ផ្សេងៗ​ជាច្រើន មិនមែន​សុទ្ធតែ​ពឹង​លើ​បំណុល​បរទេស​នោះ​ទេ ។​

​យ៉ាងណាក៏ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ​ក៏​បាន​អះអាងថា កម្ពុជា​មិន​ទាន់​បាត់បង់​អ្វី​ទាំងអស់ ចំពោះ​ការអនុគ្រោះ​ពន្ធ​ទំនិញ​ពី​សហភាព​អឺរ៉ុប ។ បញ្ហា​នេះ ត្រូវបាន​គេ​យក​ធ្វើ​ជា​សង្គ្រាមចិត្តសាស្ត្រ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ ៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនEBA

ព័ត៌មានផ្សេងទៀត