«១០៨​ចក្ខុវិស័យ គួច ម៉េង​លី​»​សៀវភៅ​វិនិយោគ​យុវជន​នា​ពេលបច្ចុប្បន្ន​និង​អនាគត​

20-10-2018 9:26 am 4332
លោក គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួរ អេឌ្យូខេសិន ក្នុងពិធីសម្ពោធសៀវភៅ នៅព្រឹកម្សិលម៉ិញ ។ រូបថត៖ ម៉េង សុងលី។

​សៀវភៅ «១០៨ ចក្ខុវិស័យ គួច ម៉េង​លី​» ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ។ សៀវភៅ​ដែលជា​ស្នាដៃ​ទី​៥​របស់​លោក​នេះ ត្រូវ​បាន​សរសេរ​និង​បោះពុម្ព​ឡើង ដើម្បី​ជា​ទុន​មួយ​សម្រាប់​វិនិយោគ​ទៅ​លើ​យុវជន​កម្ពុជា ដើម្បី​ឱ្យ​ក្លាយខ្លួន​ជា​បុគ្គល​ជោគជ័យ​នា​ពេលអនាគត ...

​លោក គួច ម៉េង​លី ស្ថាបនិក​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន​បាន​ប្រាប់ថា សៀវភៅ​១០៨ ចក្ខុវិស័យ​នេះ គឺ​ត្រូវ​បាន​សរសេរ និង​ដកស្រង់​ឡើង​ចេញ​ពី​បទ​ពិសោធន៍​ជីវិត​ជោគជ័យ​របស់​លោក​ផ្ទាល់ ចាប់តាំងពី​លោក​ចាប់ផ្តើម​រហូតដល់​បច្ចុប្បន្ន​…
​សំឡេង​លោក គួច ម៉េង​លី ៖

​លោក​សង្ឃឹមថា សៀវភៅ ១០៨ ចក្ខុវិស័យ​នេះ នឹង​មាន​អ្នកអាន​ច្រើន ព្រោះ​ដោយសារ​តែ​ខ្លឹមសារ​នៃ​សៀវភៅ​ទាំងមូល គឺ​សុទ្ធសឹងតែ​ជា​ទ្រឹស្តី​ណែនាំ អប់រំ​ដល់​យុវជន ។​

​លោក​គួច ម៉េង​លី បញ្ជាក់ថា នៅក្នុង​១០៨​ចក្ខុវិស័យ ឬ​១០៨​រឿង​ដែល​មាន​នៅក្នុង​សៀវភៅ​នេះ យ៉ាងហោចណាស់ អ្នកអាន​ក៏​អាច​ដកស្រង់​បាន​នូវ​ចំណុច​មួយចំនួន​ដែល​អាច​ជួយ​ពួកគេ​បានដែរ ។​

​លោក គួច ម៉េង​លី អះអាងថា សៀវភៅ​នេះ នឹង​អាច​ដាស់តឿន​ស្មារតី​យុវជន និង​ជួយ​ពួកគេ ក្រោយ​ពួកគេ​បាន​អាន​ទាំង ១០៨ ចក្ខុវិស័យ​នេះ​…
​សំឡេង​លោក គួច ម៉េង​លី ៖

​លោក​បន្តថា សៀវភៅ​ដែលជា​ស្នាដៃ​ទី​៥​របស់​លោក​នេះ ត្រូវ​បាន​បោះពុម្ព​ឡើង​ចំនួន ៣.០០០​ក្បាល ហើយ​គ្រោង​នឹង​បោះពុម្ព​បន្ថែម​ចំនួន​១​ម៉ឺន​ក្បាល​ទៀត ។​

​គូសបញ្ជាក់ថា សម្រាប់​ខ្លឹមសារ​នៃ​សៀវភៅ​ដែល​មាន​កម្រាស់​៤៨៧​ទំព័រ​នេះ នឹង​មាន​បង្ហាញ​ពី​ពិសោធន៍​ជីវិត​ក្នុង​អាជីព​ជា​ធុរជន​,​ចក្ខុវិស័យ​ចម្រុះ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ជំនួញ​ប្រកបដោយ​និរន្ដរភាព​, វិធីសាស្ត្រ​លើកទឹកចិត្ត​ដើម្បី​គោលដៅ​ជីវិត​ច្បាស់លាស់​, បណ្ដុះ​ឱ្យ​មាន​ភាពក្លាហាន មិន​កំសាកញី មិន​បាក់ស្បាត ផ្ទុយទៅវិញ​ឱ្យមាន​ការទទូច តស៊ូ​ព្យាយាម ម្ចាស់ការ និង​មិន​ប្រញាប់​ចុះចាញ់​ចំពោះ​បញ្ហា​ពិសេស​គឺ​បណ្ដុះ​ឱ្យមាន​វប្បធម៌​ចែករំលែក ក្នុង​ការចាប់យក​ឱកាស​នៃ​អាជីព​ការងារ​ចំពោះមុខ និង​ទៅ​អនាគត តាម​ចំណេះ ចំណង់ ជំនាញ និង​បទពិសោធន៍ ដែលជា​ទេពកោសល្យ​របស់​មនុស្ស​ម្នាក់ៗ ៕​

ព័ត៌មានផ្សេងទៀត