លោក​ហ៊ុន សែន​ ធានា​មិន​បង្ក​​ការលំបាក​​ដល់​ក្រុមហ៊ុន​​អ៊ឺរ៉ុប​ទេ​ បើ​ទោះ​គេ​​គំរាម​ដក​​EBA​ក្តី​​

19-10-2018 10:52 am 4538
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ម៉ា​ទីន ហេ​យ តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ក្រុមហ៊ុន​បុ​សស៍ (Bosch) ប្រចាំ​អាស៊ីអាគ្នេយ៍ កាល​ថ្ងៃទី ១៨ តុលា លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​នៅមុខ​ពាណិជ្ជករ វិនិយោគគិន និង​មន្ត្រី​សំខាន់ៗ មកពី​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អ៊ឺរ៉ុប​ថា ទោះបី​សហភាព​អ៊ឺរ៉ុប មានបំណង​ដាក់ទណ្ឌកម្ម​ដក EBA ពី​កម្ពុជា​យ៉ាងណាក្តី ក៏​កម្ពុជា មិន​សងសឹក​ទៅលើ​ក្រុមហ៊ុន​មកពី​សហគម​អ៊ឺរ៉ុប ឬ​មកពី​បណ្តា​ប្រទេស​ដទៃ ឲ្យមាន​ការពិបាកឬ​ទទួលការ​ខាតបង់ ដោយសារ​ការសម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​សហភាព​អ៊ឺរ៉ុប នោះដែរ​។​

​លោក ម៉ា​ទីន ហេ​យ ប្រាប់​លោក​ហ៊ុន សែន​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន - សហភាព​អឺរ៉ុប មាន​គម្រោង​ដឹកនាំ​ក្រុមហ៊ុន​មួយចំនួន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ឆ្នាំ​២០១៩ ដើម្បី​ណែនាំ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​មួយចំនួនធំ​ថែមទៀត​ឲ្យមក​វិនិយោគក្នុង​ប្រទេ​សកំ​ពុង​អភិវឌ្ឍ​មួយ​នេះ​។

​លោក​ហ៊ុន សែន បានលើកឡើង​ពី​ការ​គំរាម​ដល់​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ារ ក្នុង​ការដកចេញ​នូវ “​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (Everything But Arms- EBA) ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន​។​ប៉ុន្តែ​លោក​ថា ប្រសិន​សហភាព​អឺរ៉ុប សម្រេច​ដកចេញ EBA គឺ​ហាក់បីដូចជា សហភាព​អឺរ៉ុប បោះបង់ចោល​នូវ​អ្វីៗ ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ​កន្លងមក​នៅ​កម្ពុជា​។ ដូច្នេះ​សូមឲ្យ​សហភាព​អ៊ឺរ៉ុប​ពិនិត្យ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ស្តាប់​ចំពោះ​មតិយោបល់​ក្រុម​អ្នក​ធុរកិច្ច​នៅ​អ៊ឺរ៉ុប​ខ្លះ​ផង​។​

​លោក​ហ៊ុន សែន និយាយថា ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​នៅ​អឺរ៉ុប​បាន​ប្រព្រឹត្ត​នូវ​កំហុស​២​លើក​រួចមកហើយ មកលើ​កម្ពុជា ហើយ​ការសម្រេច​ដកចេញ EBA  មានន័យថា សហភាព​អឺរ៉ុប បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​មកលើ​កម្ពុជា​។ លោក​ថា កំហុស​លើក​ទី​១ គឺ​កាលពី​អតីតកាល​ក្នុង​ទសវត្ស​ឆ្នាំ ៧០ ដែលមាន​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​នៅ​អ៊ឺរ៉ុប​បាន​គាំទ្រ​រដ្ឋប្រហារ​យោធារ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​នាំមក​នូវ​សង្គ្រាម​វិនាសកម្ម និង​ការបំផ្លិចបំផ្លាញ​ដល់​កម្ពុជា​។ កំហុស​ទី​២ គឺ​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​នោះ បាន​គាំទ្រ​របប​ខ្មែរ ក្រហម​ជាង​១​ទសវត្ស រួមទាំង​ការពារ​អាសនៈ​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ (UN) ដែល​របប​នេះ​បានសម្លាប់​មនុស្ស​អស់​ជាង​៣​លាន​នាក់​។ ដូច្នេះ​សូមកុំ​ឲ្យមាន​កំហុ​សទី​៣​កើតឡើង​ចំពោះ​កម្ពុជា​ជា​បន្តទៀត ព្រោះ​មិនមែន​ប្រទេស​ទាំងនោះ ជា​អ្នក​ដែល​ត្រូវ​ទទួលរង​នូវ​ភាព​ខ្លាច​ផ្សា​នោះទេ គឺ​ពលរដ្ឋ​កម្ពុជា​ទៅវិញ​ទេ ជា​អ្នក​ដែល​ត្រូវ​ទទួលរង​នូវ​ការឈឺចាប់ និង​វិនាស​ហិនហោច​។​

​លោក​អនុប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប ដែលមាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុម ហ៊ុន សម្តែង​ក្តីបារម្ភ​ថា ប្រសិនជា​មាន​ការដក​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ វា​និង​ធ្វើឲ្យ បះ​ពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី​សហភាព​អឺរ៉ុប​។ តាមរយៈ​របាយការណ៍​នេះ តំណាង​ធុរកិច្ច EU-Asean និង​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​តំណាង​ក្រុមប្រឹក្សា​អឺរ៉ុប​លើ​បញ្ហា​នេះ ព្រោះ​វា​នឹង​ធ្វើឲ្យប៉ះពាល់​នូវ​ផលប្រយោជន៍​ក្រុមហ៊ុន​អ៊ឺរ៉ុប​ជាច្រើន ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​។​

​ការបារម្ភ​នេះ ត្រូវបាន​លោក​ហ៊ុន សែន បញ្ជាក់​រួចហើយ ដោយ​ធានា​មិន​ឲ្យមាន​ការពិបាក ឬ​ទទួល​ការខាតបង់​ដោយសារ​ការសម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​សហភាព​អ៊ឺរ៉ុប​ឡើយ​៕

ព័ត៌មានផ្សេងទៀត