ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ក្រចេះ៖ស្លាប់​៣​នាក់​និង​ជាង​៤០​នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​

19-10-2018 9:19 am 742

​ករណី​សង្ស័យ​ពុល​ស្រាស នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​៤១​នាក់ ត្រូវបាន​បញ្ជូនទៅសង្រ្គោះនៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​លោក​វ៉ា ថន​អភិបាលខេត្ត​ក្រចេះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​Fresh News នៅ​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​នេះ​។​

​ករណី​សង្ស័យ​ពុល​ស្រាស​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៨​ខែតុលា​ម្សិលមិញ ក្រោយ​ពលរដ្ឋ​រងគ្រោះ​ផឹក​ស្រាស ដែល​ផលិត​នៅក្នុង​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ​។ បន្ទាប់ពី​ផឹក​ស្រាស​នេះ បណ្តា​លឲ្យមនុស្ស​៣​នាក់ ដែល​រួមមាន​ប្រុស​២​នាក់​និង​ស្រី​ម្នាក់ បាន​ស្លាប់ ជាមួយនឹង​អាការ​ណែន​ដើមទ្រូង និង​ថប់ដង្ហើម​។ ក្រោយ​កើត​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ផលិត​ស្រាស​ខាងលើ ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​បន្ថែម​។​​

នេះ​ជា​ករណី​ពុល​ថ្មី​មួយទៀត ដែល​កើតឡើង​នៅក្នុង​ខេត្តក្រចេះ ក្រោយ​ករណី​ពុល​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​បន្តបន្ទាប់​គ្នា នៅក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល​ ខេត្តក្រចេះកាលពី​ខែកក្កដា​ឆ្នាំ​២០១៨ និង​នៅ​ក្នុងស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កាលពី ខែឧសភា​ឆ្នាំ​២០១៨​។ ករណី​ពុល​នេះ បាន​បណ្តាលឲ្យ​ពលរដ្ឋ​ស្លាប់​និង​របួស​ជាច្រើន​នាក់។​

ករណី​ពុល​កាលនោះ គឺ​ក្រសួង​៣ រួមមាន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួងសុខាភិបាល បានបញ្ជាក់​មូលហេតុ​ខុសៗ​គ្នា​។ នៅ​ក្នុងនោះ ក្រសួង​សុខាភិបាល អះអាងថា ករណី​ពលរដ្ឋ​ពុល និង​ឈឺ​នៅ​ខេត្តក្រចេះ គឺ​បណ្ដាលមកពី​ការ​ផឹកស្រា ដែលមាន​ជាតិ​មេ​តា​ណុល​ខ្ពស់ និង​ការបរិភោគ​ទឹក ដែលមាន​ជាតិ​ថ្នាំពុល​កសិកម្ម​។ ក្រោយមក ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​វិញ អះអាងថា ការពុល​នេះ ដោយសារ​ក្នុង​ទឹក​មាន​សារ​ធាតុគីមី​ស្សានី​ដ (Cyanide) ដែល​គេ​ប្រើ​សម្រាប់​បន្សុទ្ធ​ឬ​លាង​សម្អាត​មាស​។ ចំណែក​ក្រសួង​រ៉ែ និង​ថាមពល​វិញ អះអាងថា ពលរដ្ឋ​នៅ​ខេត្តក្រចេះ​ពុល បណ្ដាលមកពី​ស្រាស និង​ទឹក​ដែលមាន​ថ្នាំពុល​កសិកម្ម​ទៅវិញ​។​

​ការបញ្ជាក់មូលហេតុមិនស៊ីសង្វាក់គ្នានេះ បានធ្វើឲ្យរដ្ឋមន្ត្រីនៃក្រសួងនេះ រងនូវការស្តីបន្ទោសធ្ងន់ៗ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ ក្រោយមកទើប​ក្រសួង​ទាំង​៣ គឺ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួងសុខាភិបាល បាន​មូលមាត់គ្នា​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ ដោយ​បញ្ជាក់​ពី​មូលហេតុ ករណី​ប្រជាពលរដ្ឋ​ស្លាប់ និង​ឈឺ​នៅ​ខេត្តក្រចេះ កើតឡើង​ដោយសារ​ពុល​ស្រាស ដែលមាន​លក់​និង​ផលិត​នៅក្នុង​មូលដ្ឋាន ដែលមាន​សារធាតុ​មេ​តា​ណុល​កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេ​និង​អូរ​គគី មាន​សារ​ធាតុគីមី​មាន​កំហាប់​ខ្ពស់ ដែល​បណ្ដាលមកពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​៕

 ពាក្យគន្លឹះ  ខេត្តក្រចេះពុលស្រាស

ព័ត៌មានផ្សេងទៀត