សង្គម​ខ្មែរ​៖​«​នយោបាយ​»​​ជា​ឆ្នាំងបាយ​​អ្នក​នយោ​បាយ​ ទុច្ចរិត និង ​អាត្មានិយម​​?​

19-10-2018 8:38 am 4891
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​នាទី​វិភាគ​ព្រឹត្តិការណ៍​កម្ពុជា​នៅថ្ងៃនេះ គួន សំបូរ នឹងធ្វើ​ការវិភាគ​លើ​ប្រធានបទ ពាក្យ​នយោបាយ​។ តើ​ដូចម្តេច​ដែល​ហៅថា នយោបាយ​? ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន ចាត់ទុក​រឿង​នយោបាយ​ជា ការបោកប្រាស់​? តើ​គួរ​ដោះស្រាយ​ដោយ​របៀប​ណា​? សូម​ស្តាប់​បទ​វិភាគ​ដោយ​គួន សំបូរ​ដូចតទៅ​៖

​នយោបាយ គឺជា​សិល្បៈ​សុច្ចរិត​ដែល​ធ្វើឱ្យ​សម្រេច​ដល់​នូវ​គោលដៅ​ជាក់លាក់ និង មាន​របៀប​បត់បែន​ដោយ​ភាព​វៃឆ្លាត ប្រកបដោយ​ភាពស្មោះត្រង់ និង ត្រឹមត្រូវ​។ ជា​ការងារ​សម្រាប់​បុគ្គល​មាន​ចិត្តសប្បុរស​មាន​បេះដូង​ស្មោះត្រង់​បរិសុទ្ធ មាន​ទស្សនវិស័យ ហើយ​ធ្វើ​ការងារ​ដើម្បី​ជួយ​សង្គមជាតិ​។ ចំណែក​និយមន័យ​ផ្សេងទៀត​ពាក្យ​ថា​នយោបាយ គឺជា​ជា​ការសិក្សា​ពី​មធ្យោបាយ​ដឹកនាំ​មនុស្ស និង ប្រើប្រាស់​ស្ថាប័ន​ដែល​គ្រប់គ្រង ជីវិត គំនិត ឆន្ទៈ​របស់​ពួកគេ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម​។​

​ប៉ុន្តែ​ជាទូទៅ ក្នុង​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត និង ស្អប់ខ្ពើម​រឿង​នយោបាយ​ភាគច្រើន​កើតមាន​នៅ​បណ្តា​ប្រទេស​ក្រីក្រ ឬ ប្រទេស​ដែល​ទើបតែ​ងើប​ចេញពី​ភ្លើងសង្គ្រាម​។ ពួកគេ​តែង​ចាត់ទុក​ការងារ​នយោបាយ​ថា ជា​ការបោកប្រាស់ កាច​សាហាវ ហើយ​អ្នក​អាចធ្វើ​នយោបាយ​បាន លុះត្រាតែ​មនុស្ស​ពូកែ​ខាង​បោកប្រាស់ ភូតកុហក​ជាដើម​។​

ឧទាហរណ៍​៖ ដូច​នៅ​កម្ពុជា ក្រោយពី​កម្ពុជា​បាន​ជ្រក​ក្រោម​ដំបូល​ប្រជាធិបតេយ្យ​តាំងពី​ឆ្នាំ​១៩៩៣​មក គេ​ពិនិត្យឃើញថា ពលរដ្ឋ​ភាព​ច្រើន​បាន​ឱ្យនិយមន័យ នយោបាយ​ថា ជា «​ឆ្នាំងបាយ​» ឬ​ជា​ការបោកប្រាស់ ពោរពេញ​ដោយ​ល្បិចកល​គ្រប់បែបយ៉ាង ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ក្រុម​បក្ខពួក និង ដើម្បី​អំណាច​ក្រុមគ្រួសារ​ជាដើម​។​

​យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ​ជូន​ណាត បាន​ឱ្យនិយមន័យ​ពាក្យនយោបាយ​ថា គឺជា «​ឧបាយ​ក្នុង​ការណែនាំ​,​កលល្បិច ឬ មេគំនិត ដែល​គេ​ផ្តើមឡើង ដើម្បី​ដឹកនាំ​ជន​ដទៃ ឱ្យ​ប្រព្រឹត្ត​ទៅរក​ទី ដៅ​យ៉ាងនេះ ឬ​យ៉ាងនោះ ជា​កិច្ចការ​ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​រដ្ឋ​»​។​

​ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​ខ្លះ ចាត់ទុក​នយោបាយ​ជា​ការបោកប្រាស់​? ចម្លើយ​អាចមកពី​ទី​១ ពលរដ្ឋ​នៅ មានចំណេះដឹង​ទាប ខ្វះ​ការអាន ការវិភាគ ការតាមដាន​ព័ត៌មាន និង តាមដាន​សកម្មភាព របស់​អ្នកនយោបាយ​។ ទី​២ ដោយសារតែ​ជីវភាព​ខ្វះខាត ពួកគេ​មិនសូវ​ចំណាយពេល ដើម្បី​គិត​រឿង​ប្រទេស​ជិត ពោលគឺ​គិតតែ​ពី​រកស៊ី​បំពេញ​ក្រពះ និង ថែទាំ​កូនចៅ​របស់​ពួកគេ​។ ទី​៣ អ្នកនយោបាយ​ក្នុងសង្គម​នោះ មានគំនិត​ទុច្ចរិត អាត្មានិយម អវិជ្ជា ហើយ​បាន​យក​នយោបាយ​ជា​មុខរបរ​រកស៊ី មក​ចិញ្ចឹមជីវិត​ខ្លួន និង គ្រួសារ​ខ្លួន​ជាដើម​។​

​ឥរិយាបថ​យ៉ាង​នេះហើយ បានជា​ពលរដ្ឋ​ខ្លះ​ចាត់ទុក​នយោបាយ ជា​ការងារ​កខ្វក់ និង បាន​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​តៗ​គ្នា មិនឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ហើយ​បើ​ចង់​ធ្វើ​នយោបាយ​ប្រយ័ត្ន​គុក ឬ ស្លាប់​ខ្លួន​។ ចំណែក​ពលរដ្ឋ​ខ្លះទៀត គិតថា ការចំណាយ​ពេល​ជាមួយ​រឿង​នយោបាយ ជា​រឿង​ឥតប្រយោជន៍ ព្រោះ​នយោបាយ​មិនមែនជា​រឿង​របស់​ពួកគេ ទុកឱ្យ​អ្នកនយោបាយ​ចាត់ចែង​។ គំនិត​បែប​ជា​នេះ បានធ្វើឱ្យ​អ្នកនយោបាយ​មាន​អំនួត និង មាន​អន្តរ​ភាព​ខ្ពស់​លើ​ខ្លួនឯង រហូត​ធ្វើ​ព្យុះភ្លៀង​នៅ​ក្នុងសង្គម​ដោយ​មិន​អាណិត​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។​

​ជា​ការពិត ការងារ​នយោបាយ មិនមែនជា​ការបោកប្រាស ឬ មិនមែនជា​ការងា​រក​ខ្វក់​ទេ ពោល​មានតែ​អ្នកនយោបាយ​មួយចំនួន​ទេ ដែល​ធ្វើឱ្យ​នយោបាយ​ក្លាយទៅជា​ការងារ​កខ្វក់ ដោយសារ​គំនិត​អាត្មានិយម​។ នយោបាយ ជា​ការងារ​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​សង្គម​។ មិនអាច​ពីព្រោះ​រឿង​នយោបាយ ជា​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

​ជារួម​ប្រសិនបើ​ពលរដ្ឋ​មិន​ខ្វល់ រឿង​នយោបាយ​ទេ ជម្លោះ​នយោបាយ​នឹង​ជះឥទ្ធិពល​ដល់​ជីវភាព​រស់​របស់​ពួកគេ​ប្រចាំថ្ងៃ និង វាសនា​អនាគត​ប្រទេសជាតិ​ទាំងមូល​។ ចូល​កុំភ្លេចថា គ្មាន​សង្គម​ណា​រីកចំរើន​ដោយមិន​មាន​ការចូលរួម​គិតគូរ​ពី​ពលរដ្ឋ​នោះទេ។ហើយ​ការចូលរួម​របស់​ព​ល​រដ្ឋ ត្រូវប្រកបដោយ​ចំណេះដឹង និង ការគោរព​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ​បាន​ត្រឹមត្រូវ​ផងដែរ។​

​ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​រវល់​ខ្វល់​និង​រឿង​នយោបាយ អ្នកនយោបាយ​នឹង​មានឱកាស បង្កើតជា​បណ្តាញ​ខ្សែរយៈ​គ្រួសារ បក្សពួក ក្នុង​គ្រប់​ស្ថាប័នរដ្ឋ​តាមតែ​អាច​ធ្វើទៅបាន ដើម្បី​ពង្រឹង​អំណាច​រហូតដល់​បង្កើត​ជា របប​ផ្តាច់ការ បក្សពួក​ក្រុម​គ្រួសារនិយម បំផ្លាញ​ដល់​ផលប្រយោជន៍​ជាតិ និង ប្រជាជន​។

​ដូច្នេះ​ដើម្បី​ចូលរួម​កសាង​សង្គមជាតិ ឈានទៅរក​ភាព​រីកចំរើន ទាមទា​ឱ្យ​ពលរដ្ឋ​យល់ដឹង​នូវ​វប្បធម៌​នយោបាយ​កាន់តែច្រើន តាមរយៈ​ការ​ដាន​ស្ថានការណ៍​ព័ត៌មាន មានចំណេះដឹង​អាចធ្វើ​ការវិភាគ ឬ​ពិចារណា ចំពោះ​ឥរិយាបថ​របស់​អ្នកនយោបាយ ស្គាល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​នយោបាយ​សម្រាប់​ជាតិ​។ ម្ប៉ាង​វិញ​ទៀត ការចូលរួម​នយោបាយ ដាច់ខាត​ទាមទារ​ឱ្យមាន​ការយល់ដឹង មាន​សីលធម៌ គុណធម៌ និង គុណភាព​។

​ការចូលរួម​របស់​ព​ល​រដ្ឋ​ក្នុង​កិច្ចការ​នយោបាយ​សំខាន់ ក្នុង​ការជ្រើសរើស​អ្នកនយោបាយ​ដែលមាន ទេពកោសល្យ​ខ្ពស់ និង ជា​មនុស្ស​ស្មោះត្រង់ មាន​បេះដូង​បរិសុទ្ធ ហើយ​ជា​មនុស្ស​ពោរពេញ​ទៅដោយ​ទស្សនវិស័យ​វែងឆ្ងាយ គិតគូរ​ពី​វាសនា​ប្រទេសជាតិ​ជាធំ មិនមែន​គិតតែ​ពី​ផលប្រយោជន៍​បក្ខពួក​ខ្លួន គ្រួសារ​ខ្លួន​នោះទេ​៕

 ពាក្យគន្លឹះ  នយោបាយ

ព័ត៌មានផ្សេងទៀត