កម្ពុជា​-​វៀតណាម​បន្ត​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​

18-10-2018 3:31 pm 1240
សកម្មភាពជីកកកាយអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅលើទឹកកម្ពុជានាពេលកន្លមក ។ រូបថតពី​ vov.vn ។

​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ឯកភាព​បន្ត​កិច្ចសហការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ​បន្តទៀត ខណៈ​កាលពី​ឆ្នាំទៅ អដ្ឋិធាតុ​វៀតណាម​ត្រូវបាន​បញ្ជូន​ទៅ​មាតុភូមិ​និវត្ត​ចំនួន​៥០​អដ្ឋិធាតុ ។ រដ្ឋាភិបាល​វៀតណាម​នឹង​បញ្ជូន​ក្រុម​ជំនាញ​របស់​ខ្លួន មក​បំពេញ​ប្រតិបត្តិការ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជំនាញ​ខេត្ត​ទាំងពីរ បាន​កំណត់​ពេលវេលា និង​ទីកន្លែង ដើម្បី​អនុវត្ត ...

​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ចុះ​ហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រុករក ការជីក​គាស់ និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី​ជីវិត​កាលពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា សម្រាប់​រដូវប្រាំង ឆ្នាំ​២០១៨ - ២០១៩ ។​

​ការចុះហត្ថលេខា​នេះ ធ្វើឡើង​រវាង​លោក ជូ ថាញ់​មិញ ប្រធាន​គណៈកម្មការ​ជំនាញ​ខេត្ត​គៀង​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក ជាវ វិជ្ជា​ក់ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែតុលា នា​សាលាខេត្ត​ព្រះសីហនុ ។​

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​លើក​ទី​១៧ កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧ របស់​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា - វៀតណាម ។​
​រដ្ឋាភិបាល​វៀតណាម​នឹង​បញ្ជូន​ក្រុម​ជំនាញ K-92 ខេត្ត​គៀង​យ៉ាង ដើម្បី​បំពេញ​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន ។​

​សម្រាប់​លទ្ធផល​ក្នុង​រដូវប្រាំង ឆ្នាំ​២០១៧-២០១៨ កន្លងមក ក្រុម K-92 ខេត្ត​គៀង​យ៉ាង បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​រុករក​បាន​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​មាតុភូមិ​និវត្ត​ទៅកាន់​ប្រទេស​វៀតណាម​វិញ និង​បញ្ចុះ បាន​ចំនួន ៥០​អដ្ឋិធាតុ ។​

​បើ​តាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការងារ​ស្វែងរក​អដ្ឋិធាតុ​នៃ​រដ្ឋាភិបាល​កម្ពុជា​បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៧ មាន​អដ្ឋិធាតុ​ទាហាន​វៀតណាម​ជិត​៤​ពាន់​នាក់​ទៀត ដែល​ពុំ​ទាន់​រកឃើញ​នៅឡើយ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ។​

​ប្រទេស​កម្ពុជា​-​វៀតណាម បានដាក់​ផែនការ​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម និង​ធ្វើ​មាតុភូមិ​និវត្ត​ទៅកាន់​ប្រទេស​វៀតណាម​វិញ ឱ្យបាន​ចប់​ត្រឹម​ឆ្នាំ​២០២០ ៕

ព័ត៌មានផ្សេងទៀត