ក្រសួង​ការងារ​រៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​អាណត្តិ​ថ្មី​

18-10-2018 2:57 pm 837
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើកឡើងថា កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ឆ្នាំ​២០១៩-២០២៣ ត្រូវ​ទាមទារ​ការចូលរួម​អនុវត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សម្រាប់​ការប្រមូលផ្តុំ​កិច្ចខិតខំ​នានា ដើម្បី​លុបបំបាត់​ភាពក្រីក្រ និង​ជា​មធ្យោបាយ​សម្រាប់​សម្រេច​បាន​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព សមធម៌ និង​បរិយា​ប័ន្ន​។ លោក​ថា នេះ​ជា​កត្តា​គន្លឹះ​បង្កើតឲ្យមានឱ​កាសកា​រងារ ផលិតភាព ផ្តល់​ចំណូល​ត្រឹមត្រូវ កន្លែងធ្វើការ​មាន​សុវត្ថិភាព និង​មានការ​គាំពារ​សង្គម​សមស្រប​តាម​ដំណាក់កាល​នី​មួយៗ​នៃ​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ 

​ការ​ថ្លែង​របស់លោក​អ៊ិត សំហេង គឺ​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ នៅ​ថ្ងៃទី​១៨ តុលា​។​

​បើតាម​ក្រសួង​ការងារ ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣​នេះ គឺជា​តម្រូវការ​ចាំបាច់ និង​ត្រូវ​រៀបចំ​ឲ្យមាន​ភាព​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​ក្របខណ្ឌ​អភិវឌ្ឍន៍​ជាតិ ក៏ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ។​

​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​រយៈពេល​បន្ទាប់​នេះ ក៏​នឹង​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​ក្របខណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៩-២០២៣(UNDAF)​ផងដែរ ដែល​សម្របសម្រួល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ក្នុង​ការគាំទ្រ​ជា​យុទ្ធសាស្ត្រ​ទៅលើ​អាទិភាព​នៃ​ការអភិវឌ្ឍ​ជាតិ និង​ក្នុង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​។​

​ចាប់តាំងពី​ឆ្នាំ​២០០៥ មក​ប្រទេស​កម្ពុជា​បាន​អនុវត្តន៍​នូវ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ចំនួន​០៤​ដំណាក់កាល​រួចមកហើយ​។ កម្មវិធី​ថ្មី​នេះ គឺ​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោតលើ​ការបង្កើន​លទ្ធផល​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ចីរភាព ក៏ដូចជា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ការងារ​សមរម្យ និង​ការអភិវឌ្ឍ​នានា​៕

 ពាក្យគន្លឹះ  ក្រសួងការងារ

ព័ត៌មានផ្សេងទៀត