លោកហ៊ុន សែន នឹងបន្តទស្សនកិច្ចនៅតួកគី ក្រោយបញ្ចប់នៅប៊ែលហ្ស៊ិក និងស្វីស

17-10-2018 6:04 pm 1422
  ស្តាប់
ស្តាប់ជាសំឡេង

លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋតួកគី ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ តុលា ជាបន្តទៀត  តបតាមការអញ្ជើញរបស់រដ្ឋាភិបាលតួកគី។ នេះ ជាទស្សនៈកិច្ចមួយទៀតបន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅប្រទេសប៊ែលហ្ស៉ិក និងកិច្ចប្រជុំអន្តរជាតិ នៅប្រទេសស្វីស។ 

លោកហ៊ុន សែន ពេលនេះ កំពុងមមាញឹកក្នុងការបំពេញបេសកម្ម នៅក្រៅប្រទេស រហូតដល់លោកត្អូញត្អែរថាស្ទើររកពេលទទួលទានបាយគ្មាន។ ប៉ុន្តែយ៉ាងណា លោកថា លោកពេញចិត្តនឹងកិច្ចការងារនេះ ព្រោះវាជាប្រយោជន៍ជាតិ។

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលតួកគីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋតួកគី ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ដែលជាទស្សនកិច្ចបន្តមួយទៀត បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅប្រទេសប៊ែលហ្ស៉ិក និងកិច្ចប្រជុំអន្តរជាតិ នៅប្រទេសស្វីស។

ក្នុងលិខិតរបស់ក្រសួងការបរទេសបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងជួបប្រជុំទ្វេភាគីជាមួយលោករ៉េជីប ថាយយ៉ីប អ៊ែរឌូហ្គាន់ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា សំដៅស្វែងរកលទ្ធភាពពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។

នាឱកាសនោះ កិច្ចព្រមព្រៀងមួយចំនួនក៏ត្រូវបានគ្រោងនឹងចុះហត្ថលេខាផងដែរ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍វិនិយោគ និងសកម្មភាពកំចាត់មីន។

លោកនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមថ្លែងសន្ទរកថាក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ក្នុងគោលបំណងបញ្ចុះបញ្ចូលធុរជនតួកគីមកវិនិយោគនៅកម្ពុជាទៀតផង។

គួររំលឹកថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅទីក្រុងអង់ការ៉ា នាឆ្នាំ២០១៩។ប្រទេសទាំងពីរ ប្តេជ្ញានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ចំនួន៥០០លានដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។

សូមបញ្ជាក់ថា មកទល់ពេលនេះ លោកនាយករដ្ឋមន្ត្រីកំពុងបំពេញទស្សនកិច្ចការងារ នៅប្រទេសប៊ែលហ្ស៉ិកនៅឡើយ ហើយនឹងបន្តទៅចូលរួមកិច្ចប្រជុំអន្តរជាតិ នៅប្រទេសស្វីស និងបន្តទៀតគឺតួកគីតែម្តង៕

ដោយ៖ ប៉ាសុខេង

 ពាក្យគន្លឹះ  លោកហ៊ុនសែនតួកគី

ព័ត៌មានផ្សេងទៀត