​លោក​ហ៊ុន សែន បង្ហាញ​ពី​ភាព​មមាញឹក​នៅ​ក្រៅប្រទេស ស្ទើរ​រក​ពេលបាយ​គ្មាន​

16-10-2018 9:54 am 35090

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហាញ​ពី​កាលបរិច្ឆេទ នៃ​ការបំពេញ​បេសកម្ម នៅ​ក្រៅប្រទេស ចាប់ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​២៤ តុលា ដែល​ស្ទើរតែ​រក​ពេល​ទទួលទាន​បាយ​គ្មាន​។ ប៉ុន្តែ​យ៉ាងណា លោក​ថា លោក​ពេញចិត្ត​នឹង​កិច្ចការងារ​នេះ ព្រោះ​វា​ជា​ប្រយោជន៍​ជាតិ​យើង​។


​ក្រោយពេល​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី ជា​ផ្លូវការ គេ​សង្កេតឃើញ​វត្តមានលោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហាក់​មាន​ភាព​មមាញឹក​ខ្លាំង ទាំង​កិច្ចកា​រងារ​នៅក្នុង​ប្រទេស និង​អន្តរជាតិ​។

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៥ តុលា តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បង្ហាញ​ពី​កាលបរិច្ឆេទ ចូលរួម​កិច្ចប្រជុំ​នៅ​ក្រៅប្រទេស ដែល​ស្ទើរតែ​រក​ពេល​សម្រាក និង​ទទួលទាន​បាយ​គ្មាន​។​

​ប្រមុខ​រដ្ឋាភិបាល​បាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅ​ម៉ោង ១២ និង ២០​នាទី ឈានចូល​ថ្ងៃ​ទី ១៧ តុលា លោក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បែ​ល​ហ្សិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២​។ ចាប់ពី​ថ្ងៃ​ទី​២០-២២ តុលា លោកនាយក​រដ្ឋមន្ត្រី នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ទួ​គី  និង​ប្រទេស​ស្វីស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម​។ ហើយ​នៅ​ថ្ងៃទី​២៥ តុលា លោក​នឹង​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​សេចក្តី​ពី​ការព្រាង​ច្បាប់​ថវិកា សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៦ តុលា​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា ក្រឡេក​មើល​កម្មវិធី​ការងារ នៅ​ក្រៅ​ប្រទេស​លើក​នេះ ពិតជា​មមា​រញឹក​ស្ទើរតែ​រក​ពេលបាយ​មិនឃើញ ប្រជុំ​ផង ជំនួប​ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញចិត្ត​នឹង​ធ្វើ​កិច្ចការ​នេះ ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​។ ការងារ​មួយ​ដែល​ខ្ញុំ​មិន​អាច​បោះបង់ចោល​បាន គឺ​ជួប​បងប្អូន​ប្រជាជន និង​និសិត្ស​ខ្មែរ​ដែល​កំពុង​រស់នៅ​និង រៀនសូត្រ​នៅ​អឹរ៉ុប ដែល​បងប្អូន​កូនក្មួយ​កំពុង​រង់ចាំ​ខ្ញុំ​នៅ​ទីនោះ​។

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ថែម​ទៀត​ថា ការងារ​យោធារ​កូនទាហាន​ដើរ​មុខ មេទាហាន​ដើរ​ក្រោយ ឯ​ការងារ​នយោបាយ​វិញ គឺ​មេដឹកនាំ​ដើរ​មុខ អ្នកជំនួយការ​ដើរ​ក្រោយ​វិញ ហើយ​នេះ​ប៉ះ​លើ​រូប​ខ្ញុំ​តែ​ម្តង គឺ​ដើរ​មុខ​ជា​និច្ច​។ តើ​នេះ​ជា​ព្រហ្ម​លិខិត​ដែល​តម្រូវ​អោយ​ខ្ញុំ​ធ្វើ​ក្នុង​ជាតិ​នេះ​មែន​ទេ​? តែ​បើ​ទោះ​ជា​ដោយ​មូលហេតុ​ណា​ក៏​ដោយ ខ្ញុំ​ត្រូវតែ​ធ្វើ​ដើម្បី​សេចក្តីសុខ និង​ការរីកចំរើន​របស់​ជាតិ​យើង​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនមមាញឹក

ព័ត៌មានផ្សេងទៀត