សាលាក្រុង​រៀបចំ​ការប្រកួត​រចនា​ខ្លោងរ​បារ​កាត់​ទទឹង​ផ្លូវ​អបអរ​ពិធី​បុណ្យ​អុំទូក​

15-10-2018 10:40 am 1223

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ អំពី​ការរៀបចំ ឱ្យ​មាន​ការប្រកួត​រចនា​ខ្លោងរ​បារ​កាត់​ទទឹង​ផ្លូវ​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដែល​នឹង​ត្រូវ​បាន​យកទៅ​តម្លើង​នៅ​៤​ទីតាំង​ផ្សេងៗ​គ្នា ។ ខ្លោងរ​បារ​ដែល​ទទួល​បាន​គាំទ្រ​ច្រើន​ជាង​គេ តាមរយៈ​ការ​ចុច Like នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត និង​ត្រូវបាន​យក​ស្នាដៃ​នោះ ទៅ​តម្លើង​នៅ​តាម​ទីតាំង​ដែល​បាន​ត្រៀម​ទុក...

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែតុលា បាន​លើកឡើង​ថា រដ្ឋបាល​រាជធានី នឹង​រៀបចំ​ឱ្យមាន​ការប្រកួតប្រជែង រចនា​ម៉ូដ​ខ្លោងរ​បារ​កាត់​ទទឹង​ផ្លូវ អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក សម្រាប់​ឆ្នាំ​២០១៨ ។​

​ការរៀបចំ​ប្រកួតប្រជែង​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​អ្នកជំនាញ​ខាង​ផ្នែក​រចនា​ទាំងអស់ ពិសេស​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចូលរួម​ចំណែក​បង្ហាញ​ស្នាដៃ​របស់​ខ្លួន នូវ​ម៉ូដ​ខ្លោងរ​បារ​ដែលមាន​សោភណភាព​ស្រស់ស្អាត និង​បង្កប់​ទៅ​ដោយ​រចនាបថ​ខ្មែរ​ពិតៗ ។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ខ្លោងរ​បារ​ដែល​ទទួល​បាន​ការគាំទ្រ​ច្រើន​ជាង​គេ​តាមរយៈ​ការ​ចុច Like នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត និង​ដាក់​តម្លើង​នៅ​តាម​ទីតាំង​ដែល​បាន​ត្រៀម​ទុក​ជា​ស្រេច ។​

​ទីតាំង​ដែល​នឹង​ត្រូវ​តម្លើង​មាន​ចំនួន​៤ រួមមាន របារ​កាត់​ទទឹង​មហាវិថី​ព្រះ​នរោត្តម​មុខ​វិមានឯករាជ្យ​, របារ​កាត់​ទទឹង​មុខ​នាឡិកា​រមណីយដ្ឋាន​វត្ត​ភ្នំ​, របារ​កាត់​ទទឹង​វិថី​ព្រះសីហនុ ចំណុច​ខាងលិច​រង្វង់​មូល​សម្តេច​ជួន​ណាត និងរ​បារ​កាត់​ទទឹង​តិរវិថី​ព្រះស៊ីសុវត្ថិ ចំណុច​សួន​ព្រះ​គន្លុង ។​

​សម្រាប់​ខ្លឹមសារ​អក្សរ ត្រូវបាន​កំណត់ថា « អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​, ថ្ងៃ​ពុធ ១៤​កើត ព្រហស្បតិ៍ ១៥​កើត និង​សុក្រ ១​រោច ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ២២ និង​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ » ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ការទទួល​រូប នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ។​

​គូសបញ្ជាក់ថា សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​ឆ្នាំ​នេះ នឹង​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២១ ២២ និង​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ព្រះរាជ​ពិធី​បុណ្យ​អុំទូក ត្រូវបាន​ខកខាន​រៀបចំ​ចំនួន​៣​លើក គឺ​នៅ​ឆ្នាំ​២០១១ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ក្រោយ​មាន​សោកនាដកម្ម​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​ជាង​៣០០​នាក់ នៅ​ស្ពាន​កោះ​ពេជ្រ កាលពី​ឆ្នាំ​២០១០ ៕

ព័ត៌មានផ្សេងទៀត