កំណាត់​ផ្លូវជាតិ​ទៅ​កោះកុង នឹង​ជួសជុល​ឱ្យ​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ​

14-10-2018 4:20 pm 844
  ស្តាប់
ស្តាប់ជាសំឡេង

​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ភ្ជាប់ ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ភូមិសាស្ត្រ ស្រុក​ស្រែអំបិល ទៅ​កាន់​ទី​រួម​ខេត្ត​កោះកុង ដែល​រង​ការខូចខាត យ៉ាងដំណំ ដោយសារ​ទឹកភ្លៀង​ជន់​លិច នឹង​ធ្វើ​ឱ្យ​រួចរាល់​នៅមុន​ពិធីបុណ្យ​សមុទ្រ ខាងមុខ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ក្នុង​ពេល​ចុះ​ត្រួត​ពិ​ន្យិ និង​ចាប់ផ្តើម​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ នៅក្នុង​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨​នេះ ។​

​ការជួសជុល​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​កោះកុង​នេះ គ្រោង​បញ្ចប់​ក្នុង​អំឡុង​ខែ​ធ្នូ ឲ្យបាន​មុន​ពិធីបុណ្យ​សមុទ្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ ក៏ដូចជា​ទៅលេង​បុណ្យ​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​។​

​លោក ស៊ុន ចាន់ថុល បន្ថែមទៀតថា ផ្លូវ​ដែល​រង​ការខូចខាត​នេះ មាន​ប្រវែង​រហូតដល់​ទៅ ៦០​គីឡូម៉ែត្រ ចែកចេញ​ជា ៩១​កន្លែង ដោយ​បច្ចុប្បន្ន​លោក​បាន​ដាក់​គ្រឿងចក្រ​រហូត​ជាង ១០០​គ្រឿង​ទាំង​ខាង​ក្រុម​សាងសង់​របស់​ក្រសួង និង​កងវិស្វកម្ម ដើម្បី​ពន្លឿន​ការងារ​ជួសជុល​ផ្លូវ​នេះ ឲ្យបាន​មុនបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ​។ ការជួសជុល​ផ្លូវ​នេះ គឺ​ប្រើ​ថវិកា​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង​។ ឯ​ថវិកា​កម្ចី​របស់​កូរ៉េ គឺ​ទុក​សម្រាប់​សាងសង់ និង​លើកកម្ពស់​គុណភាព​ផ្លូវ​នេះ​ទៅ​ជា​ផ្លូវ AC ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ពីរ​ឆ្នាំ​ខាង​មុខ​។​

​លោក​ស៊ុន ចាន់ថុល ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ មាន​ការយោគយល់ និង​អធ្យាស្រ័យ នៅ​អំឡុង​ពេល ជួប​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ដោយសារ​ផ្លូវ​ខូច ក៏ដូចជា​ពេល​ជួសជុល ផងដែរ​៕

ព័ត៌មានផ្សេងទៀត