រុស្ស៊ី​៖​​បើ​នៅមាន​​វត្ដ​មាន​​អាមេរិក​​ក្នុងប្រទេស​ស៊ី​រី សង្គ្រាម​​​មិនអាច​​បញ្ចប់​​បាន​ដាច់ខាត​

13-10-2018 1:20 pm 1891
  ស្តាប់
រូបភាព​​កងទ័ព​​ពេលប្រយុទ្ធនៅស៊ីរី
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក​Sergey Lavrov បាន​និយាយថា វត្ដ​មាន​របស់​អាមេរិក​ដោយ​ខុសច្បាប់​នៅ​ក្នុងប្រទេស​ស៊ី​រី គឺជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដែល​សង្គ្រាម​នៅ​ទីនោះ​មិនអាច​បញ្ចប់​បាន​។ ជាពិសេស​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​នៅតាម​តំពន់​ដង​ទន្លេ Euphrates​ក្នុងប្រទេស​ស៊ី​រី​។ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​RT​របស់​រុស្ស៊ី លោក​Lavrov​គូសបញ្ជាក់​បន្ថែមថា​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ីរី ពិតជា​មិនអាច​បញ្ចប់​បានឡើយ ដរាបណា​នៅមាន​អ​វត្ដ​មាន​អាមេរិក​។​

​លោក​ថា រឿងរ៉ាវ​អាច​បញ្ចប់​បាន​នៅពេលដែល​ប្រជាជន​ស៊ី​រី​ត្រឡប់មក​គ្រប់គ្រង​ប្រទេស​ខ្លួន​វិញ និង​នៅពេល​ភាគី​ពាក់ព័ន្ធ ពិសេស​អ្នក​ដែល​ចូលក្នុង​ទឹកដី​ស៊ី​រី​ដោយ​មិនបាន​អញ្ជើញ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​។ ចំពោះ​ខេត្ដ​Idlib​មិនមែនជា​តំបន់​សង្គ្រាម​ចុងក្រោយ​ក្នុងប្រទេស​ស៊ី​រី​ឡើយ នៅមាន​តំបន់​ផ្សេងៗ​ទៀត​ដែល​អាមេរិក​កំពុង​ចង់​ដាក់​ការត្រួតត្រា ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ី​រី ដោយមាន​ការគាំទ្រ​ពី​ក្រុមឃឺ​ដ ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​។ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ជួយ​បង្កើត​រដ្ឋបាល​គ្រប់គ្រង​ក្នុង​តំបន់​ដែល​អាមេរិក​ត្រួតត្រា​។ យន្ដការ​នេះ​ហាក់​ធ្វើឲ្យមាន​ការបែងចែ​កការកាន់កាប់​កាន់តែច្រើន ផ្ទុយ​ពី​គោលនយោបាយ​រដ្ឋាភិបាល​ស៊ី​រី​។​

​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍ លោក​Sergey Lavrov​សង្កត់ធ្ងន់ថា អាមេរិក​មិនបាន​ជួយ​រក្សា​សន្ដិភាព​នៅក្នុង​តំបន់​ទេ ផ្ទុយទៅវិញ​គោលនយោបាយ​របស់​អាមេរិក មានតែ​ធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់ និង​មិនអាច​បញ្ចប់សង្គ្រាម​បាន​ដាច់ខាត​។ ក្រៅពីនេះ​លោក​រដ្ឋមន្ដ្រី​ក៏បាន​ច្រានចោល​ការចោទប្រកាន់​នានា​ពាក់ព័ន្ធ​នឹង​រុស្ស៊ី ដូចជា​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ការជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ជាដើម​។ ការចោទប្រកាន់​រុស្ស៊ី​បែបនេះ​ហាក់​បង្ហាញថា អ្នក​ចោទប្រកាន់​ទាំងនោះ​មិនបាន​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ឡើយ​។​

​សូមបញ្ជាក់ថា អាមេរិក​និង​រុស្ស៊ី​ដ្បិតថា​បាន​ជួយ​អន្ដរាគមន៍​បញ្ចប់សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​ដូចគ្នា​មែន ប៉ុន្ដែ​មាន​និន្នាការ​ខុសគ្នា​។ រុស្ស៊ី​គាំទ្រ​ដល់​រដ្ឋាភិបាល​ស៊ី​រី ប៉ុន្ដែ​អាមេរិក​វិញ​គាំទ្រ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​។ បច្ចុប្បន្ន ស៊ី​រី​នៅ​មិនទាន់​រកឃើញ​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ជាង​៧​ឆ្នាំ​បានទេ ទោះបី​ដណ្ដើមបាន​ទឹកដី​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​វិញ​ក៏ដោយ​៕

 ពាក្យគន្លឹះ  រុស្ស៊ីអាមេរិកស៊ីរី

ព័ត៌មានផ្សេងទៀត