អគ្គលេខាធិការ​​UN​​ចុះ​ទៅសួរសុខទុក្ខ​​ប្រជាជន​រងគ្រោះ​​ដល់​កោះ​​Sulawesi

13-10-2018 8:50 am 750
លោក​អង់​តូ​នីញ៉ូ ហ្គួ​ទែ​រ៉េសពេលចុះសួរសុខទុក្ខប្រជាជនរងគ្រោះលើកោះ​Sulawesi

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នីញ៉ូ ហ្គួ​ទែ​រ៉េស បាន​និយាយ​លើក​ទឹកចិត្ដ​ប្រជាជន​ឥណ្ឌូនេស៊ី ដែល​រងគ្រោះ​ដោយសារ​រលក​ស៊ូណាមិ​កាលពី​ខែ​មុន ស្ថិតនៅលើ​កោះ​Sulawesi​។ លោក​ហ្គួ​ទែ​រ៉េ​សបាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​Palu​នៃ​កោះ​Sulawesi កាលពី​ថ្ងៃ​សុក្រ​។

បន្ទាប់ពី​បាន​ធ្វើដំណើរ​ទៅ​ទីតាំង​រងគ្រោះ​ដោយផ្ទាល់ លោក​បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ថា លោក​ពិតជា​ចង់​ផ្ដល់​កិត្ដិយស​ចំពោះ​ភាព​អត់ទ្រាំ ភាពក្លាហាន និង​សាមគ្គីភាព​របស់​ប្រជាជន​នៅលើ​កោះ​Sulawesi​។ លោក​សង្កត់ធ្ងន់ថា អង្គការ​សហប្រជាជាតិ​នឹង​បន្ដ​គាំទ្រ​កិច្ចខិតខំ​ជួយសង្គ្រោះ ប៉ុន្ដែ​យ៉ាងណាមិញ​ប្រជាជន​ឥណ្ឌូនេស៊ី​ខ្លួនឯង​ផ្ទាល់ កំពុងតែ​ដឹកនាំ​ដំណើរការ​នេះហើយ​។ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ នឹង​បន្ដ​ដាក់​បុគ្គលិក​ប្រចាំការ​នៅ​តំបន់​រងគ្រោះ ត្រៀម​ធ្វើ​អន្ដរាគមន៍​នៅពេល​ចាំបាច់​។

​ចំណែក​ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី ក៏​សន្យា​នឹង​ផ្ដល់ជំនួយ​១​ពាន់​លាន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​នៅ​តំបន់​រង​ការវាយប្រហារ​ផងដែរ​។ សូម​រម្លឹកថា រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​របង្ក​ជា​រលក​ស៊ូណាមិ​វាយប្រហា​រកោះ​Sulawesi​កាលពី​ថ្ងៃទី​២៨​កញ្ញា សម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់ បង្ក​ការខូចខាត​ដល់​អគារ​និង​ផ្ទះសម្បែង​ប្រជាជន​រាប់ម៉ឺន​ខ្នង បង្ខំ​ឲ្យ​ប្រជាជន​ចាកចេញ​ពី​លំនៅដ្ឋាន​ជិត​៩​ម៉ឺន​នាក់ និង​បង្ក​ការខូចខាត​ជាច្រើន​ទៀត​៕

ព័ត៌មានផ្សេងទៀត