ក្រសួង​ការងារ​រំឭក​ម្ចាស់​រោងចក្រ សហគ្រាស​កុំឲ្យ​កេងប្រវ័ញ្ច​ពលកម្ម​កុមារ​

12-10-2018 3:40 pm 742
  ស្តាប់
ស្តាប់ជាសំឡេង

​បើទោះជា​កន្លងមក​ការចុះ​ធ្វើ​អធិការ​កិច្ចការងារ​នៅតាម​រោងចក្រ សហគ្រាស សិប្បកម្ម​ឡឥដ្ឋ មិនទាន់​រកឃើញ​ការប្រើប្រាស់​ការងារ​ដោយ​បង្ខំ និង​ពលកម្ម​កុមារ​ក្ដី ក៏​ម្ចាស់​រោងចក្រ សហគ្រាស ត្រូវអនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​តាម​ច្បាប់ការ​ងារ និង​លក្ខខណ្ឌ​ការងារ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រ​សួ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​តាម​ក្រសួង​ការងារ ម្ចាស់​រោងចក្រ សហគ្រាស​នានា​ត្រូវ​បន្ត​ប្រឆាំង​រាល់​ទម្រង់​នៃ​ការកេងប្រវ័ញ្ច​ពលកម្ម និង​ហាមឃាត់​ដាច់ខាត​ការប្រើប្រាស់​បំណុល នៃ​ទំនាក់ទំនង​បុគ្គល បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មក​ដាក់បន្ទុក​សេរីភាព​ការងារ​របស់​កម្មករ​។ គ្រប់​អាជីវកម្ម សិប្បកម្ម និង​សេវាកម្ម​ទាំងអស់ មិនត្រូវ​ប្រើប្រាស់​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​ឡើយ​។​

​ក្នុងករណី​អធិការកិច្ច​ការងា​ររ​បស់​ក្រ​សួ​ការងារ​រកឃើញ​មាន​ការបំពាន លើ​លក្ខខណ្ឌ និង​ច្បាប់​ស្ដីពី​ការងារ​ដូចដែល​មានភ្ជាប់​មកជា​មួយ​សេចក្ដីជូនដំណឹង​ខាងលើ ក្រសួង​នឹង​ផាកពិន័យ និង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។​

​កាលពីពេល​ថ្មីៗ​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​នឹង​ជំរុញឲ្យមាន​ការពន្លឿ​នសកម្មភាព ដើម្បី​សម្រេចបាន​គោលដៅ​ស្ដីពី​ការបញ្ចប់​រាល់​ទម្រង់​ទាំងអស់ នៃ​ពលកម្ម​កុមារ​ត្រឹម​ឆ្នាំ​២០២៥​។ ការសម្រេចបាន​គោលដៅ​នេះ តម្រូវឲ្យមាន​វិធីសាស្ត្រ​ដោះស្រាយ ដែលមាន​លក្ខណៈ​រឹងមាំ រួមបញ្ចូល​គ្នា​ក្នុង​ការលុបបំបាត់​ពល​កម្ម​កុមារ និង​លើកកម្ពស់​វប្បធម៌​បង្ការ​សុខភាព និង​សុវត្ថិភាព​ការងារ​។

​យ៉ាងណាក៏ដោយ អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​នៃ​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់បាន​អះអាងថា កុមារ​មួយចំនួន​នៅតែ​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដូចជា​នៅតាម​សិប្បកម្ម​ឡឥដ្ឋ សហគ្រាស​ផ្សេងៗ និង​នៅតាម​ផ្ទះ​ជាដើម​។ ជាមួយគ្នានេះ កុមារ​ខ្លះទៀត​នៅតែ​រងគ្រោះ ដោយសារ​ការរំលោភបំពាន​លើ​រាងកាយ ការជួញដូរ និង​រង​នូវ​អំពើហិង្សា​នានា​៕

 ពាក្យគន្លឹះ  ពលកម្មកុមារ

ព័ត៌មានផ្សេងទៀត