លោក​ហ៊ុន សែន​លើកឡើង​ពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អាណត្តិថ្មី​ប្រាប់​IMF

12-10-2018 12:26 pm 1740
  ស្តាប់
ស្តាប់ជាសំឡេង

​ជា​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​លោក​ហ៊ុន សែន លើកឡើង​ក្នុង​វេទិកា​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា​IMF និង​ធនាគារពិភពលោក​នោះ គឺ​ផ្ដោត​សំខាន់​លើ​ការដាក់ចេញ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។ ក្នុងនោះ ចំណុច​អាទិភាព​បី​ផ្សេងទៀត​ក៏​ត្រូវបាន​លោក​ហ៊ុន សែន​លើក​បង្ហាញ​អាស៊ាន IMF និង​ធនាគារពិភពលោក​។ បី​ចំណុច​នោះ​ផ្ដោតលើ​ការជំរុញ​កំណើន ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកែទម្រង់​បន្ថែមទៀត​លើ​បរិយាកាស​ធុរកិច្ច​។​

​ក្នុង​សន្ទរកថា​ថ្លែង​ចេញពី​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី លោក​ហ៊ុន សែន បាន​អះ​អា​ថា ជាង​ពីរ​ទសវត្សរ៍​មកនេះ កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម ៧.៧% ក្នុង​មួយឆ្នាំ ជាមួយនឹង​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។ លោក​ថា កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើឲ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ហើយ​ភាពក្រីក្រ​ក៏​ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម​១០%​ភាគរយ និង​គម្លាត​ចំណូល​ក្នុងចំណោម​ប្រជាជន​ត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប តាមរយៈ​បែងចែក​ផល​នៃ​កំណើន​ដល់​គ្រប់​ស្រទាប់​ប្រជាជន​។ 

តាម​លោក​ហ៊ុន សែន រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ធានាបាន​ថា កម្ពុជា​នឹង​ឈានទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​ខាងមុខ​។ 

​ក្នុងន័យនេះ លោក​នាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា កម្ពុជា​បាននិងកំពុង​យកចិត្តទុកដាក់​បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន លើកកម្ពស់​ការទទួល​បាន​សេវាសាធារណៈ​សំខាន់ៗ​ប្រកបដោយ​គុណភាព​។ មិនតែប៉ុណ្ណោះ ក៏​បូក​បញ្ចូល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សេវា​អប់រំ សេវា​សុខភាព និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេងៗ​។ ជាពិសេស​ធានា​តុល្យភាព និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​ជនបទ ពង្រីក​ការតភ្ជាប់​ទាំង​ផ្នែក​ទន់ និង​រឹង ព្រមទាំង​ពន្លឿន​សមារណកម្ម​សេដ្ឋកិច្ច​នៅ​ក្នុងប្រទេស ក្នុង​តំបន់ និង​សកលលោក​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត