លោក​ គឹម សុខ និង​កូនស្រី ​បាន​សិទ្ធិ​ជ្រក​កោន​​នយោបាយ​​នៅ​ប្រទេស​​ទី​បី​​

12-10-2018 10:26 am 3562
  ស្តាប់
លោកគឹម សុខ និង កូនស្រីរបស់លោក។រូបថតពីហ្វេសប៊ុក
ស្តាប់ជាសំឡេង

​លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង កូនស្រី​របស់លោក​នៅ​ថ្ងៃទី ១១ ខែ តុលា បាន​ចេញដំណើរ​ទៅកាន់​ប្រទេស​ទី​បី​ហើយ បន្ទាប់ពី​លោក​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​ហ្វាំង​ឡ​ង់ ក្នុង​សហភាព​អឺរ៉ុប​។ ការទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់លោក គឹម សុខ ធ្វើឡើង​ដោយមាន​ការជួយ​អន្តរាគមន៍​ពី​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ និង មន្ត្រី​អន្តោប្រវេសន៍​នៃ​ប្រទេស​ថៃ​។

​ក្រោយពី​សំងំ​ជ្រកកោន​នៅ​ក្នុងប្រទេស​ថៃ​ជាង​មួយខែ​មក នៅពេលនេះ លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង សង្គម និង កូនស្រី​របស់លោក​អាយុ ៦ ឆ្នាំ បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​ថៃ ឆ្ពោះទៅ​ប្រទេស​ហ្វាំង​ឡ​ង់​ហើយ បន្ទាប់ពី​លោក​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ​។​

​សូម​រម្លឹកថា លោក គឹម សុខ ត្រូវ​បង្ខំចិត្ត​និរទ្ទេស​ខ្លួន ជាមួយ​កូនស្រី​របស់លោក ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣០ ខែ​សីហា​។ ការ​និរទ្ទេស​នេះ ធ្វើឡើង​ក្រោយ​មួយ​ថ្ងៃបន្ទាប់ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រាម​ប្ដឹង​លោក​ដាក់ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​សំណង ៨០០​លាន​រៀល ស្មើនឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ មកឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់លោក គឹម សុខ ត្រូវបាន​លោក​អះអាងថា ធ្វើឡើង​ដោយមាន​ការជួយ​អន្តរាគមន៍​ពី​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ និង មន្ត្រី​អន្តោប្រវេសន៍​នៃ​ប្រទេស​ថៃ ហើយ​មន្ត្រី​ទាំង​នោះបាន​ជូន​ដំណើរ​លោក​ដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​នៃ​ប្រទេស​ថៃ​ផងដែរ​។​

​សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅកាន់​តុលាការ បន្ទាប់ពី​លោក​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយ​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតករ​មិនឃើញ​។​ក្រោយមក​លោក​ត្រូវបាន​តុលាការ​ដោះលែង​ឱ្យមាន​សេរីភាព​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ក្រោយ​ជាប់ពន្ធនាគារ ១៨​ខែ គ្រប់​តាម​កាលកំណត់​។​

​ប៉ុន្តែ​ក្រោយមក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាមរយៈ​ដីកា​ចុះ​ថ្ងៃទី ១៤ កញ្ញា បាន​បង្គាប់​ឱ្យ​អាជ្ញាធរ​ស្វែងរក​ចាប់ខ្លួន និង​ឃុំខ្លួន​លោក​គឹម សុខ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​។ ដីកា​បង្គាប់​នេះ ត្រូវបាន​លោក គឹម សុខ ចាត់ទុកថា​ធ្វើឡើង​តាម​ការបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត