ទោះបីជាអាមេរិកបានព្រមានថាគ្រប់ប្រទេសទាំងអស់ មិនអាចចុះកិច្ចព្រមព្រៀងទិញសព្វាវុធពីរុស្ស៊ីបានក្ដី ប៉ុន្ដែឥណ្ឌាហាក់មិនបានអើពើនឹងការហាមឃាត់របស់អាមេរិកឡើយ។ ផ្ទុយទៅវិញឥណ្ឌាបានចុះកិច្ចព្រមព្រៀងបញ្ជាទិញប្រព័ន្ធការពារមីស៊ីលប្រភេទS-400ពីរុស្ស៊ីថែមទៀតផង។ កិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃសុក្រ នៅពេលនាយករដ្ឋមន្ដ្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន នៅក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌា។
តាមប្រភពពីមន្ដ្រីរដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា កិច្ចព្រមព្រៀងនៃការទិញលក់ប្រព័ន្ធការពារមីស៊ីលនេះ មានតម្លៃប្រមាណ៥ពាន់លានដុល្លារ។ រុស្ស៊ីសង្ឃឹមនឹងអាចបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅឥណ្ឌានៅឆ្នាំក្រោយ ដោយបញ្ជូនរួមគ្នាទៅតួកគីផង។
សូមបញ្ជាក់ថា អាមេរិកបានព្រមានគ្រប់ប្រទេសទាំងអស់ មិនអាចទិញសព្វាវុធពីរុស្ស៊ីបានឡើយ។ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មដល់យោធាចិនរួចមកហើយដែរ បន្ទាប់ពីចិនបញ្ជាទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។ ចំពោះឥណ្ឌាមិនដឹងថាអាមេរិកនឹងដាក់ទណ្ឌកម្មដូចចិនដែរ ឬចាត់វិធានការផ្សេងទេ៕