លោក​ហ៊ុន សែន ថា​ការធ្វើ​បាតុកម្ម​ទារ​ដំឡើង​ប្រាក់ខែ​គ្រូ​ជា​សិទ្ធិ​របស់គេ​

05-10-2018 1:53 pm 1743
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ដែល​រៀបចំឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​វត្តមាន​លោកនាយក​រដ្ឋា​មន្ត្រី​ហ៊ុន សែន​។ ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​គុណភាព​គ្រូ ជា​គុណភាព​មូលធន​មនុស្ស សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ ព្រម​ពេល​ជាមួយគ្នា​នឹង​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​របស់​រដ្ឋាភិបាល​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ដើម្បី​ទាមទា​រឲ្យរដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ និង​លក្ខខណ្ឌ​ការងារ​សមរម្យ​ជូន​គ្រូបង្រៀន​។​

​ថ្លែង​ចេញពី​វិទ្យាស្ថាន​ជាតិ​អប់រំ​នៃ​ទិវា​គ្រូបង្រៀន លោក​ហ៊ុន សែន ថា​ការធ្វើ​បាតុកម្ម​ទាមទារ ដំឡើង​ប្រាក់ខែ​ជា​សិទ្ធិ​របស់គេ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ចំនួន​គ្រូ​ប្រមាណ​ជាង​១២​ម៉ឺន​នាក់ និង​អ្នក​បាតុកម្ម​មិន​ពេញចិត្ត​១​រយ ២​រយ​នាក់​ក៏​សូម​អញ្ជើញ​តាមចិត្ត​ចង់​។ លោក​ហ៊ុន សែន​ថា សម័យនេះ​ជា​សម័យ​បាតុកម្ម​។​

​លោក​ហ៊ុន សែន​៖

​លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើកឡើងថា រដ្ឋាភិបាល​មិនត្រូវ​ដំឡើង​តែ​ប្រាក់ខែ​ដ៏​តិចតួច​ជា​រៀងរាល់ឆ្នាំ​នោះទេ តែ​ត្រូវ​ពិនិត្យមើល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផង​។ តាម​លោក​រ៉ុង ឈុន បើ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​នៅតែ​បន្ត​ឡើងថ្លៃ ជីវភាព​គ្រូបង្រៀន គឺ​នៅតែ​លំបាក​ដដែល ហើយ​ដែល​នេះ​វា​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​អប់រំ​។​

លោក​រ៉ុង ឈុន​៖

​ក្នុងពេល​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ដាក់​ញត្តិ​ទៅកាន់​រដ្ឋាភិបាល និង​ក្រសួង​អប់រំ សមាគម​គ្រូបង្រៀន​មិន​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាតឲ្យ​ហែ​ក្បួន​នោះទេ​។ យ៉ាងណា ប្រាក់ខែ​២​លាន​រៀល គឺជា​អ្វីដែល​សមាគម​ទាមទារ​សម្រាប់​គ្រូបង្រៀន ខណៈដែល​រដ្ឋាភិបាល​ស​ម្រេច​ដំឡើង​ប្រាក់បៀវត្ស​ជូន​គ្រូបង្រៀន​កម្រិត​ទាប​បំផុត​ត្រឹម​១,១១៤,៤៥០​រៀល ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨​។ 

​រដ្ឋាភិបាល​អាណត្ត​ថ្មី​នេះ ក៏បាន​សន្យា​ដំឡើង​ប្រាក់បៀវត្ស​បន្ថែមទៀត ដល់​គ្រូបង្រៀន មន្ត្រី​រាជ្យ​ការ និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត