គម្រោង​សិក្សា​​បង្កើត​ខេត្ត​ថ្មី​ ត្រូវ​​លោក​ហ៊ុន សែន​ បញ្ជា​ឲ្យ​​លុបចោល​​

05-10-2018 12:03 pm 2543
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​លុបចោល​កា​រ​បំបែក​ខេត្ត​ថ្មី ចំនួន​ពីរ ក្នុង​ភូមិសាស្ត្រ ខេត្ត​កណ្តាល  ខេត្ត​រតនៈគិរី និង​មណ្ឌលគិរី​។ ដោយ​លោក​បង្ហើប​ថា មាន​អ្នកខ្លះ​បាន​ប្រឹង​រត់​ការសុំ​ឋានៈ​ជា​អភិបាលខេត្ត​។​

កន្លងទៅ ក្រសួងមហាផ្ទៃ បាន​បញ្ចេញ ស​ជណ ស្តីពី​គម្រោង បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​ទៀត គឺ មួយ​បំបែក​ចេញពី​ខេត្ដ​កណ្ដាល និង​មួយទៀត កាត់​ស្រុក​ស្រុក​កោះ​ញែក​នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី បង្កើត​ទៅជា​ខេត្ត​ថ្មី​មួយទៀត ដោយ​អះអាងថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង បង្ខិត​សេវាសាធារណៈ​ទៅជិត​ប្រជាពលរដ្ឋ និង​ដើម្បី​ការអភិវឌ្ឍ​។​

​ទំនង មាន​ការរិះគន់​ច្រើន ទើប​នៅ​ព្រឹក​ថ្ងៃទី ៥ តុលា ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក​ហ៊ុន សែន បញ្ជា​ឲ្យ​លុប ចោល​គម្រោង​បង្កើត​ខេត្ត​ថ្មី​នេះ វិញ ហើយ​បញ្ជាក់ថា គ្មាន​ការបង្កើត ឬ​បំបែក ខេត្ត ណា​ទេ​។ លោក​បាន​ទាំង​ស្តីបន្ទោស ដល់​ក្រសួងមហាផ្ទៃ លើ​ករណីនេះ​ផងដែរ​។

​លោក​ហ៊ុន សែន ប្រាប់​ឱ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ​សេចក្តីជូនដំណឹង​ថ្មី​ថ្ងៃនេះ ឱ្យ​បញ្ឈប់​ការសិក្សា​អំពី​គម្រោង​បំបែក​ខេត្ត​ថ្មី ដែល​ស្នើឡើង​ដោយ​ក្រសួងមហាផ្ទៃ កាលពី​ពេលកន្លងមក​។ លោក​ថា មិនបាច់​យក​លេស​បង្ខិត​សេវា​ឱ្យ​កៀក​ពលរដ្ឋ មក​ធ្វើជា​កម្មវត្ថុ​ដើម្បី​បែងចែក​ខេត្ត​ថ្មី​នោះទេ​។ តែ​រឿង​ដែល​ធ្វើឲ្យ​លោក​ហួសចិត្ត​បំផុត​នោះ បែរជា​មាន​សំណើសុំ​តំណែង​អភិបាល អភិបាលរង​ខេត្ត​ថ្មី ដែល​ធ្វើឱ្យ​លោក​មិន​សប្បាយចិត្ត​។​

​សូមបញ្ជាក់ថា កាលពី​ចុង​ខែសីហា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ស ខេង បានស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​បន្ថែមទៀត​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី និង​រតនគិរី​។ សំណើរ​សុំ​បង្កើត​ខេត្ត​ថ្មី​នេះ ក្រោម​ហេតុផល ដើម្បី​ជួយ​លើ​កម្ពស់​ប្រសិទ្ធិភាព​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ងាយស្រួល​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ជាដើម​។ ជា​ការកត់សម្គាល់ សំណើ​នេះ ក៏​ត្រូវបាន​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​សិក្សាហើយ​ដែរ កាលពី​ពេលនោះ​។​

​នៅក្រោយ​ការលេចឮ​ពី​គម្រោង​បង្កើត​ខេត្ត​ថ្មី ក្រុមអ្នកតាមដាន និង​សិក្សា​ពី​សង្គម​នានា មើលឃើញថា​គឺ​ជាការ​ខ្ជះខ្ជាយ​ថវិកាជាតិ ខណៈ​កម្ពុជា​មាន​ផ្ទៃដី​តូច និង​មាន​ប្រជាជន​តិច​នៅឡើយ​។ លោក​មាស នី ធ្លាប់បាន​លើកឡើងថា អ្វីដែល​រដ្ឋាភិបាល​គួរ​ធ្វើ គឺ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តាមរយៈ​ការបង្កើន​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ និង​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​ក្នុង​ខេត្ត​ដែលមាន​ស្រាប់ ជាជាង​បង្កើត​ខេត្ត​ថ្មី​។​

បច្ចុប្បន្ន កម្ពុជា​មាន​ផ្ទៃដី​១៨១,០៣៥​គីឡូម៉ែត្រ​ការ៉េ និង​មាន​រាជធានី​/​ខេត្ត​សរុប​ចំនួន​២៥​នៅ​ទូទាំងប្រទេស​៕

ព័ត៌មានផ្សេងទៀត