លោក​ហ៊ុន សែន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​ពី​ថ្ងៃទី​៦​ដល់១០​តុលា​

05-10-2018 9:44 am 1162

​នៅក្នុង​ឱកាស​ដែល​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ធំ ចាប់ពី​ថ្ងៃទី​៨​ដល់​១០​ខែតុលា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​មិនមាន​វត្តមាន នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ដោយ​លោក​ត្រូវ​អញ្ជើញ​ចូលរួម​កិច្ច ប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ចាប់ពី​ថ្ងៃទី​៦ ដល់ ១០ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នៅក្នុង​ឱកាស​នោះ លោក​ហ៊ុន សែន​នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ទិសដៅ​នា​ពេលអនាគត នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​។​

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​នេះ នឹង​ពិភាក្សា​និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខុមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធសាស្ត្រ​នេះ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។ ក្រៅ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ លោក​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ស៊ីន​ហ្សូ អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន ស្តីពី បញ្ហា​ផ្សេងៗ​ដែលជា​ការយកចិត្ត​ទុកដាក់​រួម នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ មុននឹង​ធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា​។​

​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ លោក​នាយករដ្ឋមន្ត្រី​នឹង​ទទួលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា លោកហ៊ី​រ៉ូ​យូគី អ៊ី​ស៊ី​ហ្គេប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ JETRO លោក​ហ្វ៊ូមី​អាគី តាកាហាស៊ីអតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​ក​ម្ពជា ព្រមទាំង​តំណាង​ក្រុមហ៊ុន​មួយចំនួនទៀត​។ ឆ្លៀត​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេសជប៉ុន លោក​ហ៊ុន សែន​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត