មន្ត្រី​បរិស្ថាន​៖​ក្នុង​មួយ​ឆ្នាំៗ​សំរាម​នៅ​កម្ពុជា​មាន​ការកើនឡើង​១០​ភាគរយ​

03-10-2018 2:07 pm 990

​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​ប្រមាណ​១០%​ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​កំណើនប្រជាជន ការផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ និង​ការ​វេច​ខ្ចប់​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ការយល់ដឹង​ពី​ការញែក​សំរាម​តាម​ប្រភេទ​សំរាម​ស្របតាម​គោលការណ៍​បច្ចេកទេស​នៅ​មាន​កម្រិត​នៅឡើយ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​នេត ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​៣ ខែតុលា​។​

​លោក​នេត ភ​ក្ត្រា បាន​បន្តថា នៅក្នុង​ឆ្នាំ ២០១៧ កន្លងទៅនេះ តាម​ការប៉ាន់ប្រមាណ នៅ​ទូទាំង​ប្រទេស​កម្ពុជា បរិមាណ​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន ដែល​បាន​បង្កើតឡើង គឺ​ប្រហែល​ជាង ៣,៦៥​លាន​តោន ឬ​ប្រមាណ​ជាង ១​ម៉ឺន តោន​ក្នុង​មួយថ្ងៃ ដែល​នៅ​ក្នុង​នោះ រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជិត ៣ ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ក្រុង​សៀម​រាម សំរាម​ដែល​ត្រូវបាន​បង្កើត​ឡើង​មាន​ប្រមាណ​ជិត ៣៥០ ទៅ ៤០០ តោន នៅ​ក្នុង​មួយ​ថ្ងៃ និង​ក្រុងព្រះសីហនុ មាន​ប្រមាណ​ពី ៦០០ ទៅ​៦៥០​តោន​នៅក្នុង​មួយថ្ងៃ​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ បាន​គូសបញ្ជាក់ថា បរិមាណ​សំណល់​រឹង​មាន​ប្រហែល​៤១% (១,៥ លាន តោន​/​ឆ្នាំ​) នៃ​បរិមាណ​សំណល់​សរុប ត្រូវ​បាន​ប្រមូល​យក​ទៅ​ដាក់​នៅ​ទីលាន​ចាក់សំរាម និង​ប្រហែល ១១% (៤០ ម៉ឺន​តោន​/​ឆ្នាំ​) នៃ​បរិមាណ​សំណល់​សរុប ត្រូវ​បាន​ប្រមូល​ទិញ​សម្រាប់​ធ្វើ​ការកែច្នៃ ហើយ​បរិមាណ​សំណល់​ដែល​នៅសល់​ប្រមាណ​ជា ៤៨% ត្រូវ​បាន​ដុត ឬ​បោះចោល​នៅតាម​ទីសាធារណៈ និង​ប្រភព​ទឹក​នានា ខណៈពេលដែល​ការសិក្សា​បង្ហាញថា សំណល់​រឹង​ដែល​អាច​កែច្នៃ​បាន​គ្រប់​ប្រភេទ​មាន​ប្រហែលជា​ពី​៧០-៨០% នៃ​បរិមាណ​សំណល់​សរុប​។ ដោយឡែក នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​ធំៗ បរិមាណ​សំណល់​ប្រហែល​ពី ៧០% ទៅ​៨០% នៃ​បរិមាណ​សំណល់​សរុប ត្រូវ​ប្រមូល​ទៅ​ដាក់​នៅ​ទីលាន និង​សម្រាប់​ការកែច្នៃ​។​

ក្រៅពី​ការបញ្ជាក់​ទាក់ទង​ទៅ​នឹង​បរិមាណ​សំរាម​នៅ​ក្នុង​ប្រទេស​រួចហើយ​លោក​នេត ភ​ក្ត្រា ក៏​បាន​អំពាវនាវ និង​ស្នើសុំ​ឱ្យ​គ្រប់​ភាគី​ទាំងអស់ ដូចជា​ប្រជាពលរដ្ឋ ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ភោជនីយដ្ឋាន ផ្សេងៗ​ត្រូវ​រួម​សហការ​គ្នា​សម្អាត​អនាម័យ​បរិស្ថាន ត្រូវ​វេច​ខ្ចប់​និង​ញែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​មិន​ត្រូវ​មើលបំណាំ​គ្នា​នោះទេ ព្រោះ​កម្ពុជា​ជា​ផ្ទះ​របស់​យើងទាំងអស់គ្នា​ដែល​ត្រូវ​បោសសម្អាត និង ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យ​ល្អ និង​ធ្វើឱ្យ​បរិស្ថាន​នៅ​កម្ពុជា​មាន​និរន្តរភាព ប្រកបដោយ​គុណភាព​៕

 

 ពាក្យគន្លឹះ  ក្រសួងបរិស្ថានសំរាម

ព័ត៌មានផ្សេងទៀត