លោក​ថោង​ខុន​លើកឡើង​ដំណោះស្រាយ​មួយចំនួន​អំពី​បញ្ហា​ប្រឈម​នៅ​ខេត្ត​ព្រះសីហនុ​

02-10-2018 3:51 pm 888
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់​ពី​មាន​ការលើកឡើង​ពី​បញ្ហា​ប្រឈម​ពី​សំណាក់​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន នៅក្នុង​កិច្ចប្រជុំ ដើម្បី​ពិគ្រោះ​យោបល់​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១ ខែតុលា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកទឹកចិត្ត និង​ស្នើ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ជំរុញ និង​ទប់ស្កាត់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​គោលដៅ​ទែស​ចរណ៍​ស្អាត និង​បៃតង...

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង ដោយ​លើក​ទឹកចិត្ត​ដល់​គណៈកម្មការ​ជាតិ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​មាន​អភិបាលខេត្ត លោក យន្ត មីន ជា​ប្រធាន ត្រូវខិតខំ​បន្ថែមទៀត ក្នុង​ការគ្រប់គ្រង​កាក​សំណល់​រាវ​ក្នុង​ក្រុង ពិសេស​ចំពោះ​មុខ​ត្រូវខិតខំ​ទប់ស្កាត់​ឱ្យបាន​នូវ​ទឹក​កខ្វក់​មិនឱ្យ​ហូរ​ចូល​សមុទ្រ សំដៅ​អនុវត្ត​ឱ្យបាន​តាម​ផែនការ ដែល​គណៈកម្មការ​ជាតិ​គ្រប់គ្រង​អភិវឌ្ឍ​ឆ្នេរ​បាន​ប្រជុំ​រយៈពេល​២​ខែ​កន្លងមក ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ក្រុង ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ក្នុង​ការបំពេញ​ការងារ​, បន្ថែម​ឧបករណ៍ មធ្យោបាយ សម្ភារ​ចាំបាច់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​ការប្រមូល​សំរាម និង​កាក​សំណល់​ក្នុង​ក្រុង​, ពង្រាយ​ធុង​ដាក់​សំរាម​នៅ​គ្រប់​ទីតាំង​គោលដៅ ធ្វើយ៉ាងណា​ឱ្យ​ទីក្រុង​ព្រះសីហនុ​ទាំងមូល ក្លាយជា​ទីក្រុង​ស្អាត គ្មាន​សំរាម ។​

​ក្រៅពីនេះ លោក​ក៏​បាន​បញ្ជាក់ថា សមត្ថកិច្ច​ត្រូវខិតខំ​ទប់ស្កាត់​សំណង់​អនាធិបតេយ្យ និង​គ្រប់គ្រង​ការដ្ឋាន​សាងសង់​ឱ្យបាន​ល្អ ពិសេស​ការដឹកជញ្ជូន បញ្ចេញ​កាកសំណល់​សាងសង់​ឱ្យ​បាន​ទាន់ពេលវេលា ។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​នៅតែ​មាន​ការ​សហការ​គ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ខេត្ត ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​មួយ​នេះ មាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ក្លាយជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង ដើម្បី​ទទួលបាន​អ្នកវិនិយោគ និង​ទេសចរ​ជាតិ​-​អន្តរជាតិ ឱ្យបាន​កាន់តែ​ច្រើន ៕

ព័ត៌មានផ្សេងទៀត