ក្រោយ​រងគ្រោះ​ដោយ​រលក​ស៊ូណាមិ​មនុស្ស​ស្លាប់​ជិត​៩០០​នាក់​ឥណ្ឌូនេស៊ី​សុំ​ជំនួយ​​បន្ទាន់​​

01-10-2018 3:01 pm 1545
  ស្តាប់
រូបភាពជាជន​រងគ្រោះដែលជម្លៀសចេញពីលំនៅស្ថាន
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្ដរជាតិ ជួយ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការផ្ដល់​ជំនួយ​មនុស្សធម៌ បន្ទាប់ពី​ប្រទេសមួយ​នេះ​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី បង្ក​ជា​រលក​ស៊ូណាមិ​សម្លាប់​មនុស្ស​ជិត​៩០០​នាក់​។ លោក​ប្រធានាធិបតីចូកូ វី​ដូ​ដូ បានចេញ​បញ្ជា​ឲ្យទទួល​យក​ជំនួយ​គ្រប់ផ្នែក​ពី​អន្ដរជាតិ ដើម្បី​ជួយសង្គ្រោះ​ប្រជាជន ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល និង​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​ថៃ​និង​អូស្ដ្រាលី បានផ្ដល់​ជា​ជំនួយ​ជា​បណ្ដើរៗ​ហើយ​។ កាលពី​ព្រឹក​ថ្ងៃទី​០១​តុលា​នេះ អាជ្ញាធរ​បាន​យក​ជំនួយ​និង​សម្ភារៈ​ជាច្រើន​ទៅកាន់​កោះ​Sulawesi ជា​តំបន់​រងគ្រោះ​ដោយសារ​រលក​ស៊ូណាមិ​។ 

​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​របង្ក​ជា​រលកយ​ក្ស​ស៊ូណាមិ វាយប្រហារ​នៅ​ទីក្រុង​Palu​កោះ​Sulawesi​កាលពី​ថ្ងៃ​២៨​កញ្ញា​។ រលក​សូ​ណា​មិ​មាន​កម្ពស់​រហូតដល់​៦​ម៉ែត្រ មាន​ល្បឿន​ប្រមាណ​៨០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឆ្លងកាត់​ដែនសមុទ្រ​។ ក្រៅពី​មនុស្ស​ស្លាប់មាន​មនុស្ស​របួស​រាប់រយ​នាក់ ជម្លៀស​ខ្លួន​ប្រមាណ​១​ម៉ឺន​នាក់ បង្ក​ការខូចខាត​ផ្ទះសម្បែង​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល​១៤​ថ្ងៃ​។​

​សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​ងាយ​រងគ្រោះ ដោយសា​រ​បន្ទុះ​ភ្នំភ្លើង​និង​រញ្ជួយ​ដី​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក ដូច្នេះហើយ​បាន​ជាមាន​គ្រោះ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំភ្លើង​កើតឡើង​ញឹកញាប់​។ កាលពីដើមឆ្នាំ​នេះ​មាន​គ្រោះ​រញ្ជួយ​ដី​កើតឡើង​ជាច្រើនលើក​នៅ​កោះ​Lombok បានសម្លាប់​មនុស្ស​ជាង​៥០០​នាក់ និង​ប្រមាណ​១,៥០០​នាក់​រងរបួស​។ ប្រជាជន​ប្រមាណ​៤​សែន​នាក់ បាន​ជម្លៀស​ខ្លួន​ដោយសារតែ​ផ្ទះ​របស់​ពួកគេ​ត្រូវ​បំផ្លាញ​។​

​ឥណ្ឌូនេស៊ី​ក៏​ធ្លាប់​រង​ការវាយប្រហារ​ដោយ​រញ្ជួយ​ដី​ជាច្រើន​ទៀត ក្នុងនោះ​មាន​រញ្ជួយ​ដី​កម្រិត​៩.១​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​កាលពី​ឆ្នាំ​២០០៤​ផងដែរ​។ រញ្ជួយ​ដី​កាលនោះ​បាន​បង្ក​ជា​រលក​ស៊ូណាមិ​សម្លាប់​មនុស្ស​ជាង​១០​ម៉ឺន​នាក់​។ ចំណែក​បន្ទុះ​ភ្នំភ្លើងក៏​កើតឡើង​ជាញឹ​កញាប់​ផងដែរ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕

ព័ត៌មានផ្សេងទៀត