គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ពលរ​ដ្ឋ​ទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ដើមខែ​តុលា​

30-09-2018 12:54 pm 1421
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រជាពលរដ្ឋ​អាច​ចាប់ផ្តើម​ទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម​សាលាឃុំ សង្កាត់​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​។ គ​.​ជ​.​ប បានបញ្ជាក់​ថា ក្នុងករណី​ដែល​ពិនិត្យ​ឃើញ​មាន​កំហុស ពលរដ្ឋ​អាច​ស្នើសុំ​ឲ្យមាន​ការកែតម្រូ​វ ដោយយោង​តាម​ឯកសារ​សំអាង​ច្បាស់លាស់​។

​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្ដីអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅពិនិត្យ​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ដើម្បី​ប្រាកដថា​ខ្លួន​មាន​ឈ្មោះ​បោះឆ្នោត​ត្រឹមត្រូវ ខណៈ​គ​.​ជ​.​ប ទើបបាន​សម្រេច​លុបឈ្មោះ​ពលរដ្ឋ​ជាង​៩​ម៉ឺន​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​។​

​នៅ​ក្នុង​សេចក្ដីអំពាវនាវ​កាលពី​ថ្ងៃ​០៨ ខែ​កញ្ញា គ​.​ជ​.​ប បានសរសេរថា​៖ «​ក្នុងករណី​ដែល​ឈ្មោះ ឬ​ទិន្នន័យ​របស់​បងប្អូន​ពុំ​ត្រឹមត្រូវ បងប្អូន​ត្រូវ​ស្នើសុំ​ទៅ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​ធ្វើ​ការកែតម្រូវ ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ឯកសា​រ​សំអាង​ច្បាស់លាស់​»​។​

​បន្ថែម​ពីលើ​នេះ គ​.​ជ​.​ប ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ប៉ុន្តែ​មិន​ទាន់​បាន​ចុះឈ្មោះ ប្រញាប់​ទៅ​ចុះ​ឈ្មោះ​ចាប់ពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅតាម​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​។​

​គួរបញ្ជាក់​ថា នៅក្រោយ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លងទៅ គ​.​ជ​.​ប បាន​លុបឈ្មោះ​ពលរដ្ឋ​ចំនួន ៩៥,៩២៨​នាក់​ចេញពី​បញ្ជី​បោះឆ្នោត​។ លោក​សោម សូ​រី​ដា អគ្គលេខាធិការរង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ធ្លាប់​បាន​បញ្ជាក់ថា មូលហេតុ​ដែល​គ​.​ជ​.​ប សម្រេច​លុបឈ្មោះ​ប្រជាពលរដ្ឋ​ជាង​៩​ម៉ឺន​នាក់​ចេញ​ពី​បញ្ជី គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន បាន​ទទួលមរណភាព មួយចំនួន​ត្រូវបាន​ដកហូត​នូវ​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន និង​ប្រជាពលរដ្ឋ​ខ្លះទៀត​បាន​ផ្លាស់​ទីលំនៅ​៕


 ពាក្យគន្លឹះ  គ.ជ.បបោះឆ្នោត

ព័ត៌មានផ្សេងទៀត