ព្យុះទីហ្វុងត្រាមី(Trami)កំពុងតែវាយលុកកោះអូគីណាវ៉ា និងកោះអាម៉ាមីក្នុងខេត្ដកាហ្គូស៊ីម៉ា ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។ តំបន់មួយចំនួនទៀតអាចនឹងរងគ្រោះដោយសារព្យុះនេះនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់នៅម៉ោង៣រសៀលថ្ងៃទី២៩កញ្ញានេះថា ព្យុះដ៏ខ្លាំងនេះស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រភាគពាយព្យទីក្រុងណាហាក្នុងខេត្ដអូគីណាវ៉ា និងកំពុងបោះពួយទៅតំបន់ភាគខាងជើងក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះមានល្បឿនអតិបរមា១៨០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីព្រឹកថ្ងៃសៅរ៍។ មន្ដ្រីផ្នែកអាកាសធាតុបានព្យាករណ៍ថា កម្រិតទឹកភ្លៀងអាចមានរហូតដល់៤០០មីលីម៉ែត្រនៅកោះអាម៉ាមី និង២៥០មីលីម៉ែត្រនៅកោះអូគីណាវ៉ាក្នុងរយៈពេល២៤ម៉ោងរហូតដល់ថ្ងៃអាទិត្យ។ ព្យុះទីហ្វុងត្រាមីត្រូវបានគេព្យាករណ៍ថា នឹងបោកបក់ទៅតំបន់ភាគឦសានបន្ដទៀត។ វានឹងធ្វើដំណើរទៅកាន់តែជិតតំបន់ភាគខាងលិចប្រទេសជប៉ុននៅថ្ងៃអាទិត្យ និងតំបន់ភាគខាងកើត ភាគខាងជើងនៅពេលបន្ទាប់។ មន្ដ្រីផ្នែកអាកាសធាតុបានប្រកាសឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្នាក់នៅក្នុងផ្ទះរហូតដល់ថ្ងៃចន្ទ ការពារក្រែងមានគ្រោះថ្នាក់កើតឡើងដោយចៃដន្យ៕