លោក ហ៊ុន សែន លើកជាសំណើចំនួន៣ទៅកាន់អគ្គលេខាធិការអ.ស.ប

29-09-2018 11:17 am 2848
  ស្តាប់
(ពីឆ្វេងទៅស្តាំ) លោក ហ៊ុន សែន និងលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) ក្នុងជំនួបពិភាក្សា កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ។ រូបថតពី fb page លោកនាយករដ្ឋមន្រ្តី ។
ស្តាប់ជាសំឡេង

ក្នុងជំនួបពិភាក្សាការងារជាមួយលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងជាសំណើចំនួន៣ ...

សំណើទាំង៣នោះ រួមមាន៖

ទី១. ពាក់ព័ន្ធទៅនឹងការិយាល័យអង្គការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលគ្រោងនឹងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨ លោកហ៊ុនសែនបានអនុញ្ញាតឱ្យបន្តរយៈពេល២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខ គឺនៅពេលដែលលោកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវ នោះនឹងមានការចុះហត្ថលេខារវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ។ លោកបន្តថា កម្ពុជាពិតជាមានឆន្ទៈពេញលេញក្នុងការបន្តធ្វើការងារជាមួយអង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធិមនុស្ស ។

ទី២. លោកនាយករដ្ឋមន្រ្តី បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការសហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា ។ លោកមានប្រសាសន៍ថា កម្ពុជានឹងបន្តសកម្មភាពទាំងនោះដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើ និងអនុវត្តពីពេលមុនៗ ។ មានន័យថា អង្គការសហប្រជាជាតិបានស្នើឱ្យកម្ពុជាបន្តបង់ថវិកាលើការចំណាយរបស់មន្រ្តីបុគ្គលិកកម្ពុជា ដែលធ្វើការនៅសាលាក្តីខ្មែរក្រហម ។

និងទី៣. រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឱ្យកាន់តែសម្រេចបានថែមទៀត លើបេសកកម្មនៃការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ថាតើប្រទេសណាទៀតដែលត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ។

ជាមួយគ្នានេះ ក្នុងជំនួបពិភាក្សាការងារនេះ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិ និងជាមួយអាស៊ាន ៕

ព័ត៌មានផ្សេងទៀត