លោកហ៊ុនសែនបង្ហើបពីការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-អាមេរិកដោយមានលក្ខខណ្ឌ

29-09-2018 9:26 am 4337
  ស្តាប់
(ពីឆ្វេងទៅស្តាំ) លោក អាឡេកសាន់ឌ័រ ហ្វេលមែន និងលោកហ៊ុន សែន ក្នុងជំនួបពិភាក្សា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ។ រូបថតពី fb page លោកនាយករដ្ឋមន្រ្តី ។
ស្តាប់ជាសំឡេង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋាការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញ នោះ ការបន្តរុករកអដិ្ឋធាតុទាហានបាត់ខ្លួនអាមេរិក នឹងបន្តឡើងវិញ ដូចអ្វីដែលកម្ពុជា-អាមេរិក ធ្លាប់បានអនុវត្តរួមគ្នានាពេលកន្លងមក ។ 

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នាសហរដ្ឋអាមេរិក ។

លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់ធ្វើជាមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក ។ រូបលោកផ្ទាល់ គឺជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាង កម្ពុជា និងសហរដ្ឋអាមេរិក ។

លោកបន្តថា នាពេលខាងមុខ អ្វីដែលលោកចង់ឃើញនោះ គឺទំនាក់ទំនងនៃប្រទេសទាំងពីរ នឹងមានភាពកាន់តែល្អប្រសើរឡើង ពិសេសរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុរកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទាំងនេះ ធ្វើឡើងបន្ទាប់ពីលោក អាឡេកសាន់ឌ័រ ហ្វេលមែន បានបង្ហាញនូវគោលបំណង ចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានាពេលខាងមុខ ។

ជាមួយគ្នានេះ លោកក៏ស្នើសុំឱ្យកម្ពុជាបន្តនូវគោលនយោបាយសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយថែមទៀត ដោយសារកម្ពុជា ជាសមាជិករបស់អាស៊ាន លោកចង់ឱ្យកម្ពុជាបន្តការគាំទ្រ និងជួយជំរុញការកសាងសមត្ថភាព ពិសេសបង្កើនគុណភាពនៃការអប់រំក្នុងក្របខណ្ឌអាស៊ាន ។

គូសបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានកំពុងចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕

<iframe width="560" height="315" src="https://www.youtube.com/embed/RrXMQHZMCe0" frameborder="0" allow="autoplay; encrypted-media" allowfullscreen></iframe>

ព័ត៌មានផ្សេងទៀត