ស្លាប់​៣៨៤នាក់​សារ​​រញ្ជួយ​ដី​​បង្ក​ជា​រលក​​ស៊ូណាមិ​​វាយប្រហារ​​​នៅ​​​ឥណ្ឌូនេស៊ី​

29-09-2018 9:08 am 1336
  ស្តាប់
រូបភាពទីតាំងរងគ្រោះ​​ដោយសារ​​រលកស៊ូណាមិ
ស្តាប់ជាសំឡេង

​មនុស្ស​ស្លាប់​និងរបួស​ជាច្រើន​នាក់​​ ដោយសារតែ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ វាយប្រហារ​នៅ​ទីក្រុង​តំបន់ឆ្នេរ​មួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​២៨​កញ្ញា​។ ដំបូង​ឡើយ​មាន​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​តំបន់​កណ្ដាល​នៃ​កោះ​Sulawesi​របស់​ឥណ្ឌូនេស៊ី ស្ថិតក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​។ នេះ​បើតាម​ក្រុម​តាមដាន​ភូមិសាស្ដ្រ​អាមេរិក​បញ្ជាក់​។

​បន្ទាប់ពី​រញ្ជួយ​ដី រលក​ស៊ូណាមិ​ដែលមាន​កម្ពស់​ប្រមាណ​ជា​២​ម៉ែត្រ ក៏បាន​វាយប្រហារ​ទីក្រុង​Palu​នៃ​កោះ​Sulawesi​តែម្ដង​។ តាម​រូបភាព​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គេ​ឃើញ​មនុស្សម្នា​ស្រែក​ទ្រហោយំ​ក្នុង​សភាព​ភ័យខ្លាច​យ៉ាងខ្លាំង និង​បានរ​ត់រក​កន្លែង​ជ្រក​រៀងៗ​ខ្លួន​។ អគារ ផ្ទះសម្បែង​ជាច្រើន​ត្រូវ​ខូចខាត​។ តាមតួលេខ​ពី​មន្ទីរពេទ្យ​យ៉ាង​ហោចណាស់​​មានមនុស្ស​ស្លាប់៣៨៤នាក់ ដែលចំនួននេះ​​អាច​នឹងបន្ដ​កើនឡើង។ ក្រៅពីនេះ​មានអ្នករបួសជា​​ច្រើនរយនាក់ទៀត។ យ៉ាងណា​មិញ​អាជ្ញាធរ​​មិនទាន់​​ប្រកាស​​ពី​​​ការខូចខាត​​សរុប​នោះទេ​។​

​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​ងាយ​រងគ្រោះ ដោយសា​រ​បន្ទុះ​ភ្នំភ្លើង​និង​រញ្ជួយ​ដី​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក ដូច្នេះហើយ​បាន​ជាមាន​គ្រោះ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំភ្លើង​កើតឡើង​ញឹកញាប់​។ កាលពីដើមឆ្នាំ​នេះ​មាន​គ្រោះ​រញ្ជួយ​ដី​កើតឡើង​ជាច្រើនលើក​នៅ​កោះ​Lombok បានសម្លាប់​មនុស្ស​ជាង​៥០០​នាក់ និង​ប្រមាណ​១,៥០០​នាក់​រងរបួស​។ ប្រជាជន​ប្រមាណ​៤​សែន​នាក់ បាន​ជម្លៀស​ខ្លួន​ដោយសារតែ​ផ្ទះ​របស់​ពួកគេ​ត្រូវ​បំផ្លាញ​។​

​ឥណ្ឌូនេស៊ី​ក៏​ធ្លាប់​រង​ការវាយប្រហារ​ដោយ​រញ្ជួយ​ដី​ជាច្រើន​ទៀត ក្នុងនោះ​មាន​រញ្ជួយ​ដី​កម្រិត​៩.១​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​កាលពី​ឆ្នាំ​២០០៤​ផងដែរ​។ រញ្ជួយ​ដី​កាលនោះ​បានសម្លាប់​មនុស្សជាង​១០​ម៉ឺន​នាក់​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។ ចំណែក​បន្ទុះ​ភ្នំភ្លើងក៏​កើតឡើង​ជាញឹ​កញាប់​ផងដែរ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ីរញ្ជួយដី

ព័ត៌មានផ្សេងទៀត