មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ទី​៣មាននៅ​ខេត្តបាត់ដំបង ក្រៅពី​២​កន្លែង​នៅ​ភ្នំពេញ​

28-09-2018 12:50 pm 1503
  ស្តាប់
ប្រភពពីក្រសួងសុខាភិបាល
ស្តាប់ជាសំឡេង

​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្ត​បាត់ដំបង បាន​បើក​ដំណើរការ​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​ការឯកភាព​ពី​មន្ទីរ​សុខាភិបាល​ខេត្ត និង​ប្រើប្រាស់​អគារ អតីត មជ្ឈមណ្ឌល​ផ្តល់​ឈាម​ខេត្តបាត់ដំបង ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ មជ្ឈមណ្ឌល​មួយ​នេះ ទើបតែ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៧​ខែកញ្ញា​ប៉ុណ្ណោះ​។ តាមរយៈ​មជ្ឈមណ្ឌល​នេះ អ្នករងគ្រោះ​ដោយ​សត្វ​ខាំ នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ក្បែរៗ​នោះ ដូចជា​ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្តពោធិសាត់ លែង​ពិបាក​ក្នុង​ការស្វែងរក​សេវា​ជំងឺ​ឆ្កែឆ្កួត ដល់​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ប្រើពេល​យូរ តទៅ​ទៀតហើយ​។ 

​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិបាល តំណាង​លោក​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌ​ល​បង្ការ​ជំងឺ​ឆ្កែឆ្កួត នៅ​ខេត្តបាត់ដំបង​ថា គឺជា​ការអនុវត្តន៌​តាមគោ​ល​នយោបាយ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដើម្បី​បង្ខិត​សេវា​បង្ការ​ជំងឺ ឲ្យ​កាន់​តែកៀក​ប្រជាពលរដ្ឋ​។ 

​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្តបាត់ដំបង​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អនុវត្តតាម​និយាម​បច្ចេកទេស​បង្ការ​ជំងឺ ដូច​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ភ្នំពេញ​ដែរ​។ មជ្ឈមណ្ឌល​នេះ ក៏មាន​គោលដៅ​បណ្តុះបណ្តាល ផ្តល់​ចំណេះដឹង និង​ផ្សព្វផ្សាយ​ជូន​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​អំពី​ជំងឺ​ឆ្កែ​ឆ្កួត និង​អំពី​វិធី​ចៀសវាង​ផ្សេងៗ អំពី​ជំងឺ​នេះ​ផងដែរ​។ 

​ការពង្រីក​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត នៅ​ខេត្តបាត់ដំបង់​នេះ ជា​ការឆ្លើយតប​ទៅនឹង​គោលដៅ​របស់​ក្រសួង​សុខាភិបាល ដើម្បី​កាត់បន្ថយ​ឲ្យនៅ​កម្រិតអ​ប្បរមា នូវ​ជំងឺ​ដែល​ចម្លង​តាមរយៈ​សត្វ​ឆ្កែឆ្កួត​ដ៏​គួរឲ្យខ្លា​ចនេះ​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែលមាន​លោក​ម៉ម ប៊ុនហេង​ជា​ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង (Conseil de Liaison) បានផ្តល់​ថ្នាំ​បង្ការ​ដល់​អ្នករងគ្រោះ ដោយ​សត្វ​ខាំ​ប្រមាណ​ជាង ២២ ០០០​នាក់​ក្នុង​១​ឆ្នាំ ដែល​ក្នុងនោះ​ភាគច្រើន​ជា​កុមារ​។ ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ប៉ុន្តែ​ក្នុងករណី​ឆ្លង​ជំងឺ​ឆ្កែ​ឆ្កួត ហើយ​មាន​ចេញ​ជា​រោគសញ្ញា​នោះ គឺ​ការវិវត្ត​ទៅរក​សេចក្តីស្លាប់​ក៏​ខ្ពស់​ណាស់ដែរ ប្រសិនបើ​មិន​បានទទួល​ថ្នាំ​បង្ការ​ក្រោយ​សត្វ​ខាំ​ឲ្យបាន​ទាន់ពេលវេលា​ទេនោះ​។​តាម​ការប៉ាន់ស្មាន ក្នុង​មួយឆ្នាំៗ ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជា​៨០០​នាក់ បាន​រងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត ក្នុងនោះ​អត្រា​អ្នករងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត គឺ​៥០​ភាគរយ មាន​អាយុ​ក្រោម​១៥​ឆ្នាំ​។ ជំងឺ​នេះ បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១០០​ភាគរយ ប្រសិនបើ​មិនបាន​ចាក់​ថ្នាំ​បង្ការ បន្ទាប់ពី​របួស​បង្កឡើង​ដោយ​សត្វ​ខាំ​។​

​គួរ​ជម្រាបជូន​ដែរថា មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្តបាត់ដំបង​នេះ ជា​មជ្ឈមណ្ឌល​ទី​៣​នៅកម្ពុជា ខណៈ​២​កន្លែង​ទៀត​មាននៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណ​: ស្ថិតនៅ​រាជធានី​ភ្នំពេញ​៕

 

 

 

ព័ត៌មានផ្សេងទៀត