ជប៉ុនបន្តជួយកម្ពុជាអនុវត្តគម្រោងស្តីពីសុខភាព-សុវត្ថិភាពការងារក្នុងវិស័យសំណង់

27-09-2018 4:22 pm 1800
  ស្តាប់
ស្តាប់ជាសំឡេង

សភាជប៉ុនទទួលបន្ទុកសកម្មភាពអង្កការអន្តរជាតិខាងការងារ និងវិស័យសុខភាព សុវត្ថិភាពការងារ បានឯកភាព ជួយកម្ពុជាក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ឆ្នាំ២០១៨ - ២០២០ ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាង់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងភាគីជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នាទីស្តីការក្រសួងការងារ...

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងាររបស់ជប៉ុន ក្រសួងការងារបានអនុវត្តជោគជ័យនូវគម្រោងលើកទី១ និងកំពុងបន្តអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីទី៤ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ ។

សម្រាប់ទិសដៅសំខាន់ៗនៃគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨ - ២០២០ រួមមាន ៖

ទី១. បន្តអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ឆ្នាំ ២០១៨-២០២០ ដោយប្រើប្រាស់យន្តការក្រុមការងារពិគ្រោះយោបល់គម្រោង និងយន្តការដទៃទៀត ដើម្បីសម្រេចឱ្យបាននូវការរំពឹងទុករបស់គម្រោង ។

ទី២. ការរៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តបន្ថែមទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ ជាពិសេសវិស័យសំណង់ ។

ទី៣. ការពង្រឹងការចុះធ្វើអធិការកិច្ចការងារ ដើម្បីកែលម្អលក្ខខណ្ឌការងារនៅតាមការដ្ឋានសំណង់ ។

និងទី៤. លើកកម្ពស់ការយល់ដឹងរបស់កម្មករ និយោជិត និងនិយោជក តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាកម្មវិធីកែលម្អលក្ខខណ្ឌការងារសម្រាប់ការដ្ឋានសំណង់ខ្នាតតូច កម្មវិធីកែលម្អលក្ខខណ្ឌការងារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ៕ 

ព័ត៌មានផ្សេងទៀត