កម្ពុជាស្នើ​កូរ៉េខាងត្បូង​ជួយ​ពន្លឿន​សាងសង់​កំណាត់​ផ្លូវជាតិ​៤៨

27-09-2018 10:33 am 1363
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ពន្លឿន​ការកសាង​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ពី​ស្រុក​ស្រែអំបិល ទៅ​កាន់​ទី​រួម​ខេត្ត​កោះកុង ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ហើយក៏​បាន​ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព​ទិញ និង​នាំចូល​កសិផល​របស់​កម្ពុជា​ទៅកាន់​កូរ៉េខាងត្បូង ឲ្យបាន​ច្រើន​ថែមទៀត​។​

​សំណើ​នេះ ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក លី ណា​ក់​យ៉ុន នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ​។​
​ក្នុង​កិច្ច​ជំនួប​នេះ​ដែរ នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​២ បាន​រំលឹក​ឡើងវិញ​ពី​ភាព​វិវឌ្ឍន៍​ដ៏​ល្អ ប្រសើរ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​លោក​ហ៊ុន សែន ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហាញ​ការគាំទ្រ ដល់​ការ​ប្រារព្វ​ខួប នៃ​ទំនាក់ទំនង​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ដែល​គ្រោង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៩​ខាងមុខ នៅ​សាធារណរដ្ឋ​កូរ៉េ​។ លោក​ហ៊ុន សែន ក៏​មាន​បំណង​ចង់​ឲ្យ​វេទិកា​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ក្លាយជា​វេទិកា​សម្រាប់​ថ្នាក់ដឹកនាំ​កំពូល ដូច​អ្វី​ដែល​ប្រទេស​មេគង្គ​ធ្លាប់បាន​ធ្វើ​ជាមួយ​ប្រទេស​ជប៉ុន និង​ចិន​ជាដើម​។

​យ៉ាងណាមិញ សម្រាប់​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក លី ណា​ក់​យ៉ុន បាន​ថ្លែងអំណរគុណ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​គាំទ្រ​ការ​ប្រារព្វ​ខួប​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​២០១៩​ខាងមុខ នៅ​ប្រទេស​កូរ៉េខាងត្បូង​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​សម្តេច​តេជោ ជួយ​កៀរគរ​បណ្តា​មេដឹកនាំ​អាស៊ាន​ដទៃទៀត ដើម្បី​ឲ្យ​កិច្ចប្រជុំកំពូល​រំលឹក​ខួប​ចេញ​ជា​រូបរាង​ពិតប្រាកដ​។​

​លោក លី ណា​ក់​យ៉ុន ក៏​បាន​វាយតម្លៃ​ខ្ពស់​ពី​ការលើក​កម្រិត​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​អរគុណ​សម្តេច​តេជោ ដែល​បាន​ជួយ​សម្របសម្រួល​ក្នុង​ទំនាក់ទំនង​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ក្នុង​ពេល​កន្លងមក​៕

ព័ត៌មានផ្សេងទៀត