ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនកាលពីថ្ងៃពុធ បានទទូចឲ្យពិភពលោកគួរតែឆ្លើយតបជាមួយភាពវិជ្ជមានចំពោះកូរ៉េខាងជើង ដើម្បីឲ្យរដ្ឋមួយនេះបន្ដដំណើរការរំលាយនុយក្លេអ៊ែរទាំងស្រុង។ ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក លោកមូនបានគូសបញ្ជាក់ថា លោកគីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានសម្រេចដើរតាមជម្រើសថ្មី ដូច្នេះអន្ដរជាតិគួរតែឆ្លើយតបជាមួយឥរិយាបថវិជ្ជមាន។
នៅក្នុងកិច្ចជំនួបជាលើកទីបីនៅកូរ៉េខាងជើងថ្មីៗនេះ លោកមូនបានឲ្យដឹងថាលោកគីមបានផ្លាស់ប្ដូរទិសដៅនៃស្ថានភាពនយោបាយលើឧបទ្វីបកូរ៉េបច្ចុប្បន្ន។ កូរ៉េខាងជើងបានផ្លាស់ប្ដូរពីការរស់នៅដោយឯកោជាយូរឆ្នាំ ងាកមកចូលរួមក្នុងចង្កោមអន្ដរជាតិ។ កូរ៉េខាងជើងបានឯកភាពចាត់វិធានការតាមដំណាក់កាល ដើម្បីឆ្ពោះទៅរំលាយនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ ដូច្នេះត្រូវតែបន្ដគាំទ្រឲ្យលោកគីមដើរលើផ្លូវដ៏ត្រឹមត្រូវនេះ ស្វែងរកសន្ដិភាពជានិរន្ដរ៍។ ដល់ពេលហើយដែលអន្ដរជាតិឈប់មានឥរិយាបថរឹងទទឹងជាមួយកូរ៉េខាងជើង ហើយគួរត្រឡប់ទៅគាំទ្រអ្វីដែលកូរ៉េខាងជើងកំពុងធ្វើ។
យ៉ាងណាមិញគោលជំហររបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ជែអ៊ីន ត្រូវអាមេរិកនិងជប៉ុនមានមតិយោបល់ឆ្លើយតបវិញដែរថា កូរ៉េខាងជើងត្រូវតែបោះបង់ចោលនុយក្លេអ៊ែរទាំងស្រុងសិន មុនស្នើឲ្យអន្ដរជាតិដកទណ្ឌកម្ម។ កូរ៉េខាងជើងត្រូវបានគេមើលឃើញថា យល់ព្រមបោះបង់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។
ស្ថិតក្រោមការដឹកនាំរបស់អាមេរិក ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មបីដងលើកូរ៉េខាងជើងកាលពីឆ្នាំមុន។ ទណ្ឌកម្មនេះក្នុងគោលបំណងរាំងខ្ទប់មិនឲ្យកូរ៉េខាងជើងទទួលបានប្រាក់ចំណូលពីបរទេស សម្រាប់ផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្ដែអាមេរិកក៏ប្រឈមនឹងការរិះគន់ពីចិននិងរុស្ស៊ីផងដែរ ទាមទារឲ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង។
ពាក់ព័ន្ធនឹងការរំលាយនុយក្លេអ៊ែរកូរ៉េខាងជើង រដ្ឋមន្ដ្រីការបរទេសអាមេរិកបានលើកឡើងពេលជួបជាមួយរដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងថា លោកនឹងធ្វើដំណើរទៅកូរ៉េខាងជើងខែក្រោយ ដើម្បីជំរុញដំណើរការរំលាយនុយក្លេអ៊ែរនេះឲ្យកាន់តែមានប្រសិទ្ធភាព។ លោកក៏នឹងរៀបចំកិច្ចប្រជុំលើកទីពីររវាងលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុនក្នុងពេលឆាប់ៗ តបតាមការស្នើសុំពីកូរ៉េខាងជើង៕