លោក​ហ៊ុន សែន​ធ្វើដំណើរ​ទៅ​ចូលរួមមហាសន្និបាទ​អង្គការសហប្រជាជាតិនៅ​ព្រឹក​នេះ​

27-09-2018 9:15 am 1227

​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​កម្ពុជា ជា​អនុប្រធាន​នៃ​កិច្ចប្រជុំ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​៣០ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ លោក​នាយករដ្ឋមន្ត្រី​នឹងធ្វើ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ផ្តោតលើ​ការវិវត្ត​នាពេល​ថ្មីៗ និង​សមិទ្ធិផល​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​សម្រេចបាន និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការព្រួយបារម្ភ​រួម​ផងដែរ​។​

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ លោក អង់​តូ​នីញ៉ូ ហ្គូ​តេ​រ៉េស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, លោក បូ​យ​កូ បូរី​ស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​, លោក ខាដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​ជួបពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួនទៀត​។ ជាមួយគ្នា​នោះ លោក​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​ផងដែរ​។​

​សូមបញ្ជាក់ថា មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ធ្វើឲ្យ​អង្គការសហប្រជាជាតិ​មា​ន​សារសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់ : ភាពជា​អ្នកដឹកនាំ​សកល និង​ការទទួលខុសត្រូវ​រួម សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព​»៕

ព័ត៌មានផ្សេងទៀត