លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្តសព ត្រាន់ ដាយក្វាង ប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺដ៏ធ្ងន់ធ្ងរ ។
មុននឹងធ្វើដំណើរទៅគោរពវិញ្ញាក្ខន្ធសព អតីតប្រធានាធិបតីវៀតណាម ដោយផ្ទាល់នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើសារនូវលិខិតចូលរួមមរណទុក្ខជូន នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វួក ចំពោះការបាត់បង់ ប្រធានរដ្ឋវៀតណាម ដែលនេះគឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងក៏ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រីសូមសម្តែង នូវសមានចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនេះដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់រដ្ឋវៀតណាម ដែលមានខ្លឹមសារជាអាទិ៍ថា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាព លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១កញ្ញាកន្លងទៅ។
ខ្លឹមសារបានបន្តថា មរណភាពរបស់លោក ត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់លោក ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ជិតស្និទ្ធជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែងរបស់លោក ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណងទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀត របស់ប្រជាជាតិវៀតណាម៕