មន្ត្រី​ទូត​អាមេរិក​ ប្រាប់​ឲ្យ​កម្ពុជា​ ប្រយ័ត្នប្រយែង​​ក្នុងការ​រាប់អាន​​ចិន​​ជា​មិត្ត​​

26-09-2018 3:30 pm 18444
  ស្តាប់
ភារធារី​នៃ​ស្ថានទូត​អាមេរិក លោក Michael Newbill និងលោកផៃ ស៊ីផាន
ស្តាប់ជាសំឡេង

​ខណៈ ទំនាក់ទំនង រវាង​អាមេរិក និង​កម្ពុជា មិនសូវមាន​ភាព​ល្អូកល្អិន ដោយ​ចេះតែ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់ ពិសេស​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ បាន​ច្រាន​កម្ពុជា​ឲ្យ​ងាក​ទៅ​កៀក​ចិន​កាន់តែខ្លាំង និង​កាន់តែ​ស្អិតល្មួត​ចាក់ទឹកមិនលេច​។ រដ្ឋាភិបាល​កម្ពុជា បាន​ទោរ​ទៅរក​ចិន​ដោយ​ចំហ និង​ឆ្លៀត មក​ចំអក​អាមេរិក​ម្តងម្កាល​ទៀតផង​។ ជំនួយ​អភិវឌ្ឍន៍ ជាច្រើន​របស់​កម្ពុជា គឺ​បានមកពី​កម្ចី​របស់​ចិន​។

​ខណៈ​កំពុងតែ​ល្អូក​ល្អិន មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ក្រើនរំឭក​ដល់​កម្ពុជា​ឱ្យមាន​ការប្រយ័ត្នប្រយែង និង​ពិចារណា​ឱ្យ​ល្អិតល្អន់ ក្នុងការ​រាប់អាន​ប្រទេស​ចិន​ជា​មិត្ត ហើយក៏​បាន​ព្រមាន​ផងដែរ អំពី អន្ទាក់​បំណុល​របស់​ចិន ដែល​កន្លងមក បានធ្វើឲ្យ​ប្រទេស​មួយចំនួន​រងគ្រោះ​។​

ភារធារី​នៃ​ស្ថានទូត​អាមេរិក លោក Michael Newbill  បាន​ព្រមាន​ក្នុង​សិក្ខាសាលា​មួយ​នៅ​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​ថា កម្ពុជា​គួ​រណាស់តែ​ប្រយ័ត្នប្រយែង​ក្នុង​ការជឿទុកចិត្ត​លើ​ប្រទេស​ចិន​កុម្មុយនីស្ត​។​លោក បានលើកឡើង​ជា​ឧទាហរណ៍​ដែលមាន​ស្រាប់ នៅ​ប្រទេស​ស្រីលង្កា ជី​ប៊ូ​ទី និង​កោះ​ម៉ាល់​ឌី​វ ដែល​លង់​ផុងខ្លួន​ក្នុង​គម្រោង​កម្ចី​ជាមួយ​ប្រទេស​ចិន ដែល​នៅ​ទីបំផុត​គ្មាន​លទ្ធភាព​ស​ង​ត្រឡប់​។​

​ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន អះអាងថា កម្ពុជា​រាប់អាន​បរទេស​ជា​មិត្ត​ដោយ​ស្មើភាព មិន​ប្រកាន់​អាមេរិក ឬ​ចិន​ឡើយ​។ ឯ​កម្ចី ដែល​កម្ពុជា​ខ្ចី​ពី​ចិន​ដ៏​ច្រើន​នោះ កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការសង​ត្រឡប់​។ លោក​ផៃ ស៊ី​ផាន ចាត់ទុក​ការលើកឡើង របស់​ភារធារី​នៃ​ស្ថានទូត​អាមេរិក លោក Michael Newbill គឺ​គ្រាន់តែ​ជា​ទិសដៅ នៃ​ផលប្រយោជន៍​អាមេរិក​តែប៉ុណ្ណោះ ..............

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​សូមបញ្ជាក់ថា ការ​ថ្លែង​របស់​អ្នកការទូត​អាមេរិក​នេះ​ធ្វើឡើង ខណៈ​ប្រទេស​ចិន​បាន​គាំទ្រ​កម្ពុជា​យ៉ាង​ពេញទំហឹង ក្នុង​បរិបទ​នយោបាយ​នៃ​ការចាត់វិធានការ​ច្បាប់​លើ​គណបក្សប្រឆាំង រហូត​ធ្វើឲ្យ គណបក្ស​ប្រជាជន​កម្ពុជា របស់លោក​ហ៊ុន សែន ឈ្នះ​ភ្លូកទឹកភ្លូកដី និង​ក្រសោប​បាន​អសនៈទាំង​អស់​១២៥ នៅក្នុង​រដ្ឋសភា ដោយ​គ្នាន​ដៃ​គូប្រកួត គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​។​

​ជា​ការកត់សម្គាល់​មួយទៀត ការ​ក្រើនរម្លឹក ពី​មន្ត្រី​ទូត​អាមេរិក​ពេលនេះ ធ្វើឡើង​ចំ​ព្រឹត្តិការណ៍​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ផងដែរ​។

យ៉ាងណាក្តី លោក​Michael Newbill នៅតែ​បង្ហាញ​ក្ដី​សង្ឃឹមថា សហរដ្ឋអាមេរិក​«​នឹង​បន្ត​ជា​មិត្ត និង​ជា​ដៃគូ​ជាមួយ​កម្ពុជា ដដែល​។​

​លោក​ផៃ ស៊ី​ផាន បញ្ជាក់​យ៉ាងច្បាស់​ថា សម្រាប់​កម្ពុជា គឺ​ប្រយ័ត្នប្រយែង​បំផុត​។ លោក​ថា កម្ពុជា មិនឱ្យ​បំណុល​ទាំងនោះ​ក្លាយជា​ឥទ្ធិពល​នយោបាយ​លើ​កម្ពុជា​នោះទេ​។​ព្រោះ​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ដាច់ខាត មិនឱ្យ​កម្ពុជា​ធ្លាក់​ចូលទៅក្នុង​តំបន់​ភូមិសាស្ត្រ​នយោបាយ​ឡើយ​៕

ព័ត៌មានផ្សេងទៀត