កម្ពុជា​ស្នើ​អាមេរិក​វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​

26-09-2018 1:46 pm 1073
  ស្តាប់
​លោក​ប៉ាន សូរ​ស័គ្គនៅខាងឆ្វេងលោកលោកវីល្លាម ហ៊ី​ដ(ប្រភពពីក្រសួងពាណិជ្ជកម្ម)
ស្តាប់ជាសំឡេង

​ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​ខ្មែរ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ទាមទារ​ឲ្យមាន​ការចូលរួម​វិនិយោគពី​ផ្នែក​ឯកជន ដើម្បី​ធ្វើ​ទំនើបកម្ម និង​ប្រែក្លាយ​វិស័យ​មួយ​នេះ ឲ្យទៅជា​មូលដ្ឋាន​ផលិត​កម្មជា​តិ សំដៅ​ធ្វើ​ពិពិធ​កម្ម (​ពង្រីក​) ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ក្នុង​តំបន់​និង​ពិភពលោក​។ ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក​ប៉ាន សូរ​ស័គ្គ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានស្នើ​គណៈប្រតិភូ​ធុរជន​អាមេរិក​ដឹកនាំ​ដោយ​លោក វីល្លាម ហ៊ី​ដ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និង​លោកអេ​ឡែន ឌី តាន់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា ឲ្យដល់​កម្រិតស្តង់ដារ​អន្តរ​ជាតិ​។​

​លោក​ប៉ាន សូរ​ស័គ្គិ​បាន​លើកទឹកចិត្ត​ប្រតិភូ​ធុរជន​អាមេរិក ចាប់​ដៃគូ​ជាមួយ​ធុរជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ការនាំយក​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​កសិផល​របស់​កម្ពុជា និង​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល ដើម្បី​ពង្រឹងសមត្ថភាព​វិស័យ​ឯក​ជន និង​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ក៏​បានលើកឡើង​អំពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា និង​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស ដូចជា​ការលើកលែង​ពន្ធ​នាំចូល​សម្រាប់​សម្ភារៈ និង​គ្រឿង​បរិក្ខា​កសិកម្ម​, ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការសម្រួល​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ​ផងដែរ​។ 

​ឆ្លើយ​នឹង​សំណើ​របស់លោក​ប៉ាន សូរ​ស័គ្គ គណៈប្រតិភូ​អាមេរិក​ដឹកនាំ​ដោយ​លោក​វីល្លាម ហ៊ី​ដ​និង​លោក​អេ​ឡែន ឌី តាន់​បាន​សន្យា​ជួយ​សម្របសម្រួល ការចាប់​ដៃគូ​ធុ​រកិច្ច​របស់​វិស័យ​ឯកជន នៃ​ប្រទេស​ទាំងពីរ និង​ពិនិត្យ​លទ្ធភាព​ជួយ​គាំទ្រ ការអភិវឌ្ឍ​សមត្ថភាព​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ជុំវិញ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​កសិផល​កម្ពុជា និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​។​

​គួរ​ជម្រាបជូន​ដែរថា វិស័យ​កសិកម្មកម្ពុជា ដែលមាន​ប្រជាជន​ជាង ៨០ភាគរយជា​កសិករ​ ត្រូវបាន​ចាត់ទុកថា ជា​សសរស្តម​ដ៏​សំខាន់​មួយនៃ​សេដ្ឋកិច្ច​កម្ពុជា។ កាលពី​ឆ្នាំ ២០១៧​កន្លងទៅ វិស័យ​កសិកម្ម បាន​រួមចំណែក នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ២៤,៩​ភាគរយ ខណៈ​ឧស្សាហកម្ម​មាន ៣២,៩% និង​សេវាកម្ម​មាន ៤២,២ភាគរយ៕

ព័ត៌មានផ្សេងទៀត