កម្ពុជា-អ.ស.ប អនុម័តគម្រោងមុខរបរយុវជន ផ្តោតលើសហគ្រិនភាព ជំហានទី២

26-09-2018 9:54 am 905
  ស្តាប់
ស្តាប់ជាសំឡេង

បន្ទាប់ពីការអនុវត្តគម្រោង «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ជំហានទី១ ដែលមានរយៈពេល២ឆ្នាំត្រូវបានបញ្ចប់ ក្រសួងការងារ និងអង្គការសហប្រជាជាតិ ចាប់ផ្តើមអនុម័តនូវផែនការសកម្មភាពជំហានទី២ សម្រាប់២ឆ្នាំបន្តទៀត ។ ការប្រជុំសម្រេចផែនការនេះ ត្រូវបានធ្វើឡើងរវាងលោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកញ្ញា...

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាកម្មវិធី «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជនកម្ពុជា» ជំហានទី២នេះ គឺផ្តោតលើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន និងការអភិវឌ្ឍជំនាញ វិជ្ជាជីវៈឱ្យទាន់សម័យកាល និងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ ។ ជាមួយគ្នានេះ គម្រោងនេះ ក៏ត្រូវបានធ្វើឡើងដើម្បីពង្រីកការបណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យាទៅដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅ គឺក្រុមយុវជនងាយរងគ្រោះ និងមានជីវភាពក្រីក្រលំបាកជាដើម ។

លោករដ្ឋមន្រ្តីបន្តថា ជំហានទី២នេះ ក៏នឹងផ្តោតទៅរកការអភិវឌ្ឍ ការបណ្តុះបណ្តាល ការអប់រំ នៅតាមរោងចក្រ សហគ្រាស ពិសេសជំរុញការកាត់បន្ថយអនក្ខរកម្ម ចំពោះកម្មករនិយោជិត និងបំណិនជីវិតតាមគ្រឹះស្ថានសិក្សាអប់រំ ក៏ដូចជានៅតាមមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ក្រសួងការងារផងដែរ ។

លោកបន្តថា គម្រោងដែលមានការគាំទ្រពីអង្គការសហប្រជាជាតិនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលដៅអភិវឌ្ឍសហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ ។

លោកបញ្ជាក់ថា អង្គការសហប្រជាជាតិ ក៏មានបំណងចង់ជំរុញគោលនយោបាយរបស់ខ្លួន ឱ្យស្របនឹងគោលនយោបាយរបស់កម្ពុជា ដែលមានប្រយោជន៍ទៅលើការអភិវឌ្ឍ ការបណ្តុះបណ្តាលរបស់យុវជនកម្ពុជា ដើម្បីបង្កើតឱ្យមានកាលានុវត្តភាពសម្រាប់យុវជន និងការកសាងសមត្ថភាពស្ថាប័នដែលអនុវត្តកិច្ចការទាំងអស់នេះ មានលទ្ធភាពចាត់ចែងបន្តនៅទូទាំងប្រទេស ៕

ព័ត៌មានផ្សេងទៀត