អ្នក​រង់ចាំ​ស្វាគមន៍​​លោក​ហ៊ុន សែន​ ទៅកាន់​​សហរដ្ឋអាមេរិក​!​

25-09-2018 2:54 pm 3110
  ស្តាប់
ស្តាប់ជាសំឡេង

ខណៈ​លោក​សម រង្ស៊ី ប្រកាសថា នឹង​ដឹកនាំ​បាតុកម្ម​ប្រឆាំងនឹង​វត្តមាន​លោក​ហ៊ុន សែន នៅឯ​បុរី ញូវយ៉ក នៅ​ថ្ងៃទី​២៧ កញ្ញា រួមទាំង​មជ្ឈដ្ឋាន​មួយចំនួន​យល់ថា លោក​ហ៊ុន សែន នឹងរង​ភាពអាម៉ាស់​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដោយសារ​ត្រូវ​បន្ទោស​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជាពិសេស គឺ​ការរម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​នោះ  លោក JANES M DeLEON ចៅក្រម​នៃ​សភា​វិនិច្ឆ័យ​នៃ​ទីក្រុង Philadelphia​នៃ​សហរដ្ឋអាមេរិក បានប្រកាស​ស្វា​មគ​មន៍​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​របស់លោក​ហ៊ុន សែន ចុងខែ​កញ្ញា​នេះ ទៅវិញ​។

​ចៅក្រម នៃ​តុលាការ​ទីក្រុង Philadelphia ជា​តុលាការ​ដ៏​ចំណាស់​មួយ​ក្នុង​រដ្ឋ Pennsylvania នៃ​សហរដ្ឋអាមេរិក ដែល​បានធ្វើ​ប្រតិបត្តិការ​ចាប់តាំងពី​ឆ្នាំ​១៦៨២​មក បានប្រកាស​ស្វា​មគ​មន៍​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​របស់លោក​ហ៊ុន សែន ចុងខែ​កញ្ញា​នេះ និង​បាន​សាទរ​ចំពោះ​លោក​ហ៊ុន សែន ដែល​ទទួលបាន​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៦ ផងដែរ​។​

​លិខិត​របស់លោក JANES M DeLEON ចៅក្រម​នៃ​សភា​វិនិច្ឆ័យ​នៃ​ទីក្រុង Philadelphia, ចុះ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​អបអរ​លទ្ធផល​ការបោះឆ្នោត ថ្ងៃទី​២៩ កក្កដា កន្លងទៅ ដែល​លោក​អះអាងថា បានមកពី​ការសម្រេចចិត្ត​ដោយផ្ទាល់​របស់​ប្រជាជន​កម្ពុជា និង​ផ្ដល់ជូន​លោក​ហ៊ុន សែន នូវ​ភាពជា​អ្នកដឹកនាំ​ក្នុង​ការរំដោះ ប្រទេស​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​

​និយាយ​ពី​ការ​សាទរ និង​គាំទ្រ ការបន្ត​ឈ្នះឆ្នោត និង​កាន់អំណាច​របស់លោក​ហ៊ុន សែន មកដល់ពេលនេះ កើតមាន​ជា​បន្តបន្ទាប់ ជិត​៣០​ប្រទេស​ហើយ​។ ក្នុងនោះ ប្រទេស​លោក​សេរី នៅ​អឺរ៉ុប មាន​អាល្លឺម៉ង់ និង​បារាំង ដែល​បង្ហាញ​ជំហ​រហាក់​ផ្ទុយគ្នា នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដទៃទៀត ដោយ​បារាំង និង​អាល្លឺម៉ង់ គាំទ្រ និង​ត្រៀម​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់លោក​ហ៊ុន សែន ទៅវិញ​។​

​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ កញ្ញា លោក​ហ៊ុន សែន នឹង​ធ្វើដំណើរ​កាន់​សហ​រដ្ឋ​អាមេរិក ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​នៅ​ទីនោះ​។ ដំណើរ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​ពេលនេះ អ្នកខ្លះ​យល់ថា លោក​ហ៊ុន សែន នឹងរង​ភាពអាម៉ាស់​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដោយសារ​ត្រូវ​បន្ទោស​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជាពិសេស គឺ​ការរម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​។ ដូចគ្នា​ដែរ អតីត​មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅឯ​បរទេស​នោះ បានប្រកាសថា នឹង​ដឹកនាំ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន និង​ជំរុញ​អន្តរជាតិ កុំឲ្យ​ទទួលស្គាល់​តំណាង​រដ្ឋាភិបាលថ្មី ដែល​អង្គុយ​នៅ​អាសនៈ​អង្គការសហប្រជាជាតិ​នេះ ដោយ​ថា រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​អាណត្តិ​ទី​៦ កើតចេញពី​ការបោះឆ្នោត​ក្លែងក្លាយ​។ សំឡេង​តវ៉ា និង​ភស្តុតាង​នានា ក៏​នឹងត្រូវ​លើក​បង្ហាញ​ក្នុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ពេលនោះ​ផងដែរ​។​

​ប៉ុន្តែ​លិខិត​ចំហ​មួយ របស់​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំបាក្យ​រដ្ឋាភិបាក​កម្ពុជា លោក​ផៃ ស៊ី​ផាន វាយតម្លៃថា នឹងមាន​ការអបអរ​សាទរ ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន​។​ការ​សាទរ ដោយ​លោក​ផៃ ស៊ី​ផាន អះអាងថា ដោយសារ​កម្ពុជា​បាន​បោះ​ជំ​ហ៊ាន​យ៉ាង​ធំ ប្រកបដោយ សក្ដានុពលភាព ថាមពល និង​ប្រសិទ្ធភាព​។​

​លោក​ផៃ ស៊ី​ផាន ថា ការប្រឆាំង​ណាមួយ​ពី​សំណាក់​ប្រទេស​ដទៃ គឺជា​យុទ្ធសាស្ត្រ​បំបែកបំបាក់​ខ្មែរ និង​ចង់ឲ្យ​ខ្មែរ បម្រើ​មនោគមវិជ្ជា​នៃ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ ក្នុង​ការប្រកួតប្រជែង​អំណាច និង​ឥទ្ធិពល​របស់គេ​នោះ​តែប៉ិណ្ណោះ រាប់ទាំង​អ្នកជិតខាង និង​បរទេស​ឯនាយសមុទ្រ​ផង​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនសន្និបាតUN

ព័ត៌មានផ្សេងទៀត