លោក​ហ៊ុន សែន​៖ ទំនាក់ទំនង​កម្ពុជា​-​ចិន​ឈានដល់​ចំណុច​គ្រប់​ជ្រុងជ្រោយ​

24-09-2018 3:40 pm 2075
  ស្តាប់
ស្តាប់ជាសំឡេង

​មានប្រសាសន៍​ប្រាប់​ដល់​ឯកអគ្គរដ្ឋទូត​ចិន ផុត​អាណត្តិ ប្រចាំ​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងថា ទំនាក់ទំនង រវាង​កម្ពុជា​-​ចិន ឈានទៅដល់​កិច្ចសហប្រតិបត្តិការ ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ខណៈ​ថ្មី​នេះ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​មានប្រសាសន៍ថា ប្រទេស​មហាមិត្ត​ទាំង​២ ជា​មិត្ត​ដែក​ថែប កសាងឡើង ដោយ​ភាពស្មោះត្រង់ រវាង​មិត្ត​និង​មិត្ត​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ក្រោយ​បញ្ចប់​កិច្ច​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​លោក ស្យង់ ព័​រ ឯកអគ្គរដ្ឋទូត​ចិន​ផុត​អាណត្តិ នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ​។​

​លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ទៀតថា នៅក្នុង​ជំនួប​នេះ លោក ស្យង់ ព័​រ បាន​គោរព​ថ្លែងអំណរគុណ​ជូន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​គាំទ្រ រាល់​កិច្ចការងារ​របស់​លោក នៅក្នុង​ឱកាស​ដែល​លោក បាន​បំពេញ​ការងារ នៅ​កម្ពុជា​។​

​លោក​អគ្គរដ្ឋទូត បាន​ជម្រាបជូន​លោក​ហ៊ុន សែន​ថា ក្នុង​រយៈពេល​២​ឆ្នាំ ដែល​លោក​បាន​មក​បំពេញបេសកកម្ម​ការងារ នៅ​កម្ពុជា គឺ​បាន​យកចិត្តទុកដាក់​ខ្លាំង ក្នុង​ការជំរុញ​ការអនុវត្ត​នយោបាយ​ខ្សែក្រវាត់​និង​ផ្លូវ និង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដទៃទៀត ដែល​ក្នុងនោះ​បាន​ផ្តល់​នូវ​លទ្ធ​ផល​យ៉ាង​ត្រចះត្រចង់ ដោយ​បាន​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា ឈាន​ទៅ​ដល់​ដំណាក់កាល​ថ្មី​មួយទៀត​។ ទន្ទឹមនឹងនេះ លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​សម្របសម្រួល ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី លី ខឺ​ជាំង មក​កាន់​កម្ពុជា ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​ផង​ដែរ​។​

​ជា​ការឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​លោក ឯកអគ្គរដ្ឋទូត និង​មន្ត្រី​ការទូត​ទាំងអស់ ដែល​បាន​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើឲ្យ​ទំនាក់ទំនង​កម្ពុជា​និង​ចិន បាន​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​។​ ​ឆ្លៀត​ឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​តែងតែបាន​គាំទ្រ និង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត