ប្រវត្តិនៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​

24-09-2018 1:07 pm 1813

​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ​ព្រះ​រាជពិ​ធីទា្វ​រទស​មាស​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​បុរាណ​រៀងមក តែងតែមាន ប្រារព្ធ​ពិធី​នេះ​មិនដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង ១​រោច ខែភទ្របទ​រហូតដល់​ថៃ្ង​ទី​១៥​រោច​មាន​រយៈពេល ១៥​ថៃ្ង ដែល​យើង​ហៅថា​បិណ្ឌ​១, បិណ្ឌ​២ ... និង​ថៃ្ង​បញ្ចប់ គឺជា ថៃ្ង "​ភ្ជុំ​បិ ណ្ឌ​"​។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​ធ្វើឡើង​តាមបែប​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។​

​ប្រវត្តិ​បុណ្យ​ភ្ជុំ​បិណ្ឌ​

​ពាក្យ​ថា "​ភ្ជុំ​បិណ្ឌ​" មកពី​ពាក្យ "​ភ្ជុំ​" រួមគ្នា​ជាមួយ​ពាក្យ "​បិណ្ឌ​" ដែល​មានន័យថា  ភ្ជុំ​គឺ​ការប្រមូលផ្តុំ ឬ​ប្រជុំ​បិណ្ឌ (​មកពី​ភាសាបាលី​) "​ដុំ​បាយ​" ដូច្នេះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាម​វិធី​ងាយ​បាន​ថា គឺជា "​ការប្រជុំ ឬ​ប្រមូលផ្តុំ​ដុំ​បាយ​" (​ការ​ពូត​ដុំ បាយ​ជា​ដុំៗ​ដែល​យើង​ហៅថា "​បាយ​បិណ្ឌ​") ។​

​បើតាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​យើង បាន​បង្ហាញថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺ​កើតមាន​តាំងពី​បុរាណកាល​មកម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យមុន​គេ​មិន​ហៅថា បុណ្យ​ភ្ជុំ​ទេ ដោយ​នៅក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែកចេញជា​ពីរ​ថ្នាក់​។ ថ្នាក់ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់​ពីថ្ងៃ​១​រោច រហូតដល់​ថ្ងៃ​១៤​រោច ជា​វេភ​ត្ត (​ភត្ត​ធ្វើតាម​ថ្ងៃ​) ជា​បន្តបន្ទាប់​។ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​រោច ដែល​គេ​ហៅថា​បុណ្យ​ភ្ជុំ​។ ពិធីបុណ្យ​ទាំងពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវបាន​យើង​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នេះឯង​។​

​រឿង​ទាក់ទង​នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ​

​អ្នកប្រាជ្ញ​បាន​បង្កើតឲ្យមាន​គម្ពីរ ៣ ដែល​ទាក់ទង​ទៅនឹង​ពិធី​បុណ្យកាន់បិណ្ឌ​គឺ :
-    គម្ពី​រ បេត​វត្ថុ : បកស្រាយ​ពី​រឿង​ប្រេត គម្ពីរ​អានិសង្ឃ​បិណ្ឌ​និយាយ​អំពីផល​នៃ​ការធ្វើ​បុណ្យ​
-    គម្ពីរ​ពិទ្យាធរ ឬ​គម្ពីរ​វិជ្ជាធ​រៈ និយាយ​តំណាល​អំពី​ប្រពៃណី​របស់​ជាតិ​ខែ្មរ ដែល ជាប់ទាក់ទង​មកដល់​សព្វ​ថៃ្ង​
-    គម្ពីរ​វិមានវត្ថុ គម្ពីរ​ធម្មបទ​ជាដើម​...​។​

​បើតាម​គម្ពីរ "​ពិទ្យាធ​រ ឬ​វិជ្ជាធរ​" មាន​តំណាល​ថា កាលនោះ​មាន​ព្រះ​ថេរ​មួយ អង្គ​ឈ្មោះ ព្រះឧ​ប​គុត្ត​សេ្ថរ លោក​មានអំណាច​មាន​ឥទ្ធិពល​ច្រើនណាស់ លោក​ក៏បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ច​នៅ​ស្ថាន​នរក ដែល​ពោរពេញ​ដោយ ភ្លើង​ឆេះ សន្ធោរ​សន្ធៅ​ក្តៅ​ខ្លាំង ប៉ុ​នែ្ត​ដោយ​ឥទ្ធិពល របស់លោក ក៏មាន​លេចចេញ​ឲ្យមាន​នូវ ផ្កាឈូករត្ន័​មួយ​ធំ​ប៉ុន​កង​រាជរថ រួច លោក​ក៏​គង់នៅ​លើ​ផ្កាឈូក​នោះ ហើយ​ផ្កាឈូក​នោះ ក៏​ហោះ​កាត់​ស្ថាន​នរក ដែល​ធើ្វ​ឲ្យ ព្រះអង្គ​ត្រជាក់​ស្រួល មិន​បណ្តាលឲ្យ​ប៉ះពាល់​ដល់​ភ្លើង​កម្តៅ​ស្ថាន​នរក​ឡើយ​។​

​រីឯ​ពួក​សត្វ​នរក​វិញ​គ្រាន់តែ​ដឹងថា ព្រះឧ​ប​គុត្ត​សេ្ថរ​លោក និមន្ត​ទៅ​ភ្លាម​ក៏​ធ្វើឲ្យ ពួក​សត្វ​នរក​ទាំងនោះ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ពួក​សត្វ​នរក​ទាំង នោះ​មាន​ការកោតខ្លាច​នូវ ភាព​អស្ចារ្យ​នេះ​យ៉ាងខ្លាំង ក៏​នាំគ្នា​ចុះមក អបអរសាទរ ហើយ​សួរ​អំពី ឬ​ទិ្ធបារមី​របស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ ស​មែ្ត​ង​ធម៌‌​ទេសនា​អោយ​ពួកស​ត្វ​នរក​ទាំងនោះ​ស្តាប់ ក្រោយមក​លោក ក៏បាន​លា​ត្រឡប់ មក​ស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំងនោះ​បាន​ផ្តាំផ្ញើ​ថា "​ទូលព្រះបង្គំ​ទាំងអស់គ្នា​សព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើង​នរក ណា​អត់​អាហារ មិនដែល​មាន​សាច់សាលោហិត​ណា​លើកយក អាហារ​ភោជន ឬ បច្ច័យបួន​មក​ឧបត្ថម្ភ​ខ្ញុំ​ម្តងណា​ទេ គឺ​ខ្ញុំ​អត់ឃ្លាន​នោះ​ខ្លាំងណាស់ រោគា​ព្យាធិ ជំងឺ​តម្កាត់​ក៏មាន​ច្រើន​ដែរ អ៊ីចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្សលោក​វិញ សូម​ព្រះ​តេជគុណ​មេត្តា​ផ្សព្វផ្សាយ​ឲ្យ បងប្អូន​ញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំ​ធ្វើបុណ្យ និមន្ត​ព្រះសង្ឃ​មក ដាក់​បិណ្ឌ ឬ​កាន់បិណ្ឌ​ផង រួចហើយ ផ្សព្វផ្សាយ​ពរ​សព្វ​សាធុការ​ផល្លានិសង្ឃ បុណ្យ​ដាក់​បិណ្ឌ​ដល់​ទូល ព្រះ​បង្គំ​ទាំងអស់គ្នា​ផង ដើម្បី​អោយបាន​ផល​ជួប​ឧបត្ថម្ភ​ឲ្យ បាន​ឆែ្អត​ស្កប់ស្កល់​បាត់​ទុក្ខវេទនា​តទៅ​"​។​

​ព្រះឧ​ប​គុត្ត​តេ្ថ​រ ក៏​នាំយក​បណ្តាំ​ទាំងនោះ​ទៅ​ក្រាបបង្គំ​ទូល​សេ្ត​ច​នាពេលនោះ​ទៅ​។ គ្រាន់តែ​ថ្វាយព្រះពរ​ប៉ុណ្ណឹង​សេ្ត​ចក៏​ធ្វើជា ចុត​ហ្មាយ ផ្សព្វផ្សាយ​ដល់​ប្រជារាស្ត្រ​គ្រប់ៗ​គ្នា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បីឲ្យ​ប្រជារាស្ត្រ​ទាំងអស់​ធ្វើ​បុណ្យដាក់បិណ្ឌ ឬ​កាន់បិណ្ឌ​នៅក្នុង រដូវវស្សា​ដោយ​ផ្តាំផ្ញើ​ទៀតថា ឲ្យធ្វើ​ចំនៅ​ថៃ្ង ១​រោច ខែភទ្របទ​រហូតដល់ ថៃ្ង​១៥​រោច ខែ​ភទ្របទ ឬ​ដាច់​ខែ​ដោយ​ហេតុនេះហើយ​ដែល នាំឲ្យមាន​ពិធី​កាន់បិណ្ឌ​ជា​ប្រពៃណី តាំងពី​ពេលនោះ​រហូតមកដល់​សព្វថៃ្ងនេះ​។​

​មូលហេតុ​ដែល​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

​ប្រជាជន​ខែ្មរ ក៏​តែងតែ​ចងចាំ និង​យល់​គ្រប់ៗ​គ្នា​ថា "​បុណ្យ​ភ្ជុំបិណ្ឌ​" គឺជា​ការធ្វើ​បុណ្យ​ដាក់​បិណ្ឌ ដើម្បី​ឧទ្ទិស​ដល់ បេត​បុគ្គលជាឪ​ពុក ម្តាយ បងប្អូន ញាតិសណ្តាន​ទាំងឡាយ ដែល​បាន​ចែក​ស្ថាន​ទៅហើយ មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាងមុខ​ជា​អ្វី​នោះ​។ ប៉ុ​នែ្ត​បើតាម​អត្ថបទ​របស់លោក​សុង ស៊ីវ វិញ​ការធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ ពុំមែន​មានន័យ​តែ​ប៉ុណ្ណឹង​ទេ គឺ​លោក​បាន​បកស្រាយ​ដោយ​លើកយក​អត្ថន័យ​ចំនួន ៣ គឺ :
-    ដើម្បីឧ​ទិ្ទស​កុសល​ចំពោះ​បេត​បុគ្គល ឬ​ប្រេត​បុគ្គល (​ពាក្យ "​បេត​" ជា​ពាក្យ​បាលី ឯ​ពាក្យ "​ប្រេត​" ជា​ពាក្យ​សំស្ក្រឹត​)
-    ដើម្បីឲ្យ​បានសេចក្តីសុខ​ចម្រើន សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់ខ្លួន​។​
-    ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ គឺ​ការស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់​ទាំង​ការធ្វើ​នំ​គម អន្សម ពេញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏​អាច​កត់សម្គាល់ នូវ​ពាក្យ​មួយ​ទៀតថា "​បុណ្យ​សែនដូនតា​" ដែលជា​ពាក្យ​សាមញ្ញ​សម្រាប់​ប្រជារាស្ត្រ​ខ្លះ ព្រោះថា​ពាក្យ​ទាំងពីរ​គឺ​មានន័យ​ដូចគ្នា​។​

​កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃ​ភត្ត ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើឲ្យមាន​ការលំបា​កដល់​ព្រះសង្ឃ​ក្នុង​ពេលធ្វើគោចរ​បិណ្ឌ​បាត​។ ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត នៅក្នុង​ពិធីបុណ្យ​នេះ គឺធ្វើឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេត​ជនញាតិ និង​ញាតិ​ទាំង​៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផងដែរ តាមរយៈ​អនុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន ដែល​រស់​រងទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ ជាប់ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំងអស់នោះ បាន​រួច​ផុតពី​ក្ដី​លំបាក​សោកសៅ​។​
​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​

ចាប់តាំងពី​សម័យបុរាណ​កាល​រហូតមកដល់​បច្ចុប្បន្ននេះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​តែងតែ​ប្រារព្ធ​នៅក្នុង​រដូវវស្សា ព្រោះ​នៅក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មានឱកាស​ច្រើន​ក្នុង​ការស្វែងរក ចំណីអាហារ ជាង​រដូវ​ផ្សេងៗ​ទាំងអស់​។ ម្យ៉ាងវិញទៀត​នៅក្នុង​វស្សាន​រដូវ អាហារ​របស់​ពួក​ប្រេត ដូចជា​ភក់ជ្រាំ ស្លេស្ម៍ កំ​ហាក សាកសព និង​កាកសំណល់​អសោចិ៍ សម្បូរ​នៅក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច​។ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃនេះ មាន​ពពួក​បេត​ជន (​ពួក​ប្រេត​) សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប ដែល​អត់ឃ្លាន​អាហារ​អស់​រយៈ ពេល​ជាច្រើន​ខែ​មកហើយ​នោះ ត្រូវបាន​រួច​ផុតពី​ការ​ឃុំឃាំង​អនុញ្ញាតឲ្យ​មក​ស្វែងរក​សាច់ញាតិ​នៅ តាម​វត្ត​អារាម​ផ្សេងៗ ដែល​នាំយក​ចំណីអាហារ​ផ្សេងៗ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន​។ ម្យ៉ាងវិញទៀត បើតាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ បើ​ពពួក​បេត​ជន​ទាំងអស់​នោះដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត នៅតែ​មិនឃើញ​នោះ ពពួក​ប្រេត​ទាំងអស់នោះ​នឹង​ស្រែកយំ​ទន្ទ្រាំ​ជើង ព្រោះតែ​ការ​ខកបំណង និង​ភាព​ស្រេកឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត​។ ជាពិសេស​ពពួក​បេត​ជន​ទាំងអស់នោះ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ កូនចៅ​ជាមិនខាន​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​

​ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ បុរាណា​ចារ្យ​រាជបណ្ឌិត​ខ្មែ​រយើង​បានរៀបចំ​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​គិតពី​ថ្ងៃទី​០១​រោច ដល់​ថ្ងៃទី​១៥​រោច ខែ​ភទ្របទ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់បេត​ជនញាតិ​ដែលបាន​ស្លាប់ទៅ​។​ ​នៅក្នុង​រយៈពេល​១៤​ថ្ងៃ នៃ​ការ​កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ​នេះ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បានរៀបចំ​ជា ក្រុម​ដោយ​លោក​តាអាចារ្យ​ចាត់ចែង​នោះ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ ដើម្បី​រៀបចំ​ធ្វើ​យាគូ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង ស្មើនឹង​៣​ទៅ​៤​មុខ​ម្ហូប​។ ពេល​ទូងស្គរ​ចំណាំ​វស្សា អ្នក​នៅក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើមធ្វើ​ចង្ហាន់ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន ត្រូវ​ជ្រើសរើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយបិណ្ឌ បាយបត្តបូ​រ​។ រៀបចំ​រួចហើយ​ត្រូវ​នាំគ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយបង្គំ​ធម៌ សុ​ខោ និង​ធម៌​បរាភវ​សូត្រ​។ ចំណែកឯ​កូនចៅ​ដែល​នៅផ្ទះ ត្រូវ​នាំគ្នា​ខិតខំ​ដុតដៃដុតជើង​បបរ​ឬ​ស្ល​ស្លុក​តាម​មុខម្ហូប​នីមួយៗ ដោយឡែក​ពីគ្នា​។ លុះដល់​ពេល​ព្រឹកព្រាង​អរុណោទ័យ​ត្រូវ​នាំគ្នា​រៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែក​ចង្ហាន់​ទៅ​វត្ត​។​

​នៅក្នុង​វត្ត លោក​តាអាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅលើ​ឧបដ្ឋានសាលា​។ បន្ទាប់មក​លោក​អាចារ្យ​ជា​ប្រធាន ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ វេរ​បាយបត្តបូរ​។​ល​។ លុះដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគា​ថាចប់ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូបអាហារ ចំណី​ចូល​គំនាប់​ជូន​លោកតា​អាចារ្យវត្ត ព្រមទាំង​ចាត់ចែង​ភោជនាហារ​ទទួលភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅក្នុង​ថ្ងៃ វេន​របស់ខ្លួន​នោះ​ផងដែរ​។​

​ការ​ប្រគេន​ចង្ហាន​ដល់​ព្រះសង្ឃ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឧទិស​កោសលឲ​ទៅ​ជីដូន​ជីតាង បងប្អូន និង​ញាតិ​ទាំង​៧​សណ្តាន​ដែល​បាន​ស្លាប់​ក្លាយជា​ប្រេត​ហើយ​ត្រួវបាន​ជាប់ឃំ​នៅក្នុង​នរក ។ ក្នុងការ​បើ​ទ្វានរ​កនេះ ប្រេត​ខ្លះ មាន​ឪ​កាស​រួចផុត​ពី​ការជាប់​ទារុណកម្ម​នៅ​ន​រក ខណៈដែល​ខ្លះទៀត​ត្រូវបាន​គេ​ដោះលែងឲ​នៅក្រៅ​នរក​ជា​បណ្តោះអាសន្ន​ដើម្បី​ទៅ​ទទួលយក​នូវ​ចំណី និង​កោ​សលផល​បុណ្យ​ដែល​កូនចៅ​បាន​ឧទិស​ឲ ហើយ​នឹងត្រូវ​ត្រឡប់​ទៅ​ទទួល​ទុក្ខវេទនា​នៅក្នុង​នរក​បន្តទៀត បន្ទាប់ពី​ពិធី​ភ្ជុំបិណ្ឌ​នេះ​ត្រូវ​បានបញ្ចប់​។ ចំពោះ​ញាតិសណ្តាន​ដែល​មិនបាន​នៅក្នុង​នរក​ក៏ដោយ​ក្តី ក៏​ត្រូវបាន​គេ​ចាត់ទុកថា​អាច​ទទួលបាន​នូវ​កោស​លពី​ពិធីការ​ឧទិស​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ មាន​រៀបចំ​កញ្ចប់​ចតុ​ប្បច្ច័យ (​ស៊ង​) ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ​។ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម នំ​គម និង​បាយបត្តបូរ​ឲ្យទៅ​សិស្សគណ​ទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក សម្រាប់ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ កាលពី​សម័យបុរាណ​មាន​លេងល្បែង​ប្រណាំង​ក្របី សេះ ចាប់ពី​២-៣​គូ ទៅតាម​តំបន់​រៀងៗ​ខ្លួន​[​ត្រូវការ​អំណះអំណាង​] ដើម្បី​អបអរ​នៅក្នុង​ថ្ងៃបុណ្យ​ឆ្លង​បង្ហើយ​។ លើសពីនេះទៅទៀត​ក្របី សេះ និង​របស់​ដែល​ត្រូវ​ប្រកួត គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង លាប​ពណ៌​រលើបរលោង មាន​ពាក់​ប្រឡៅ កណ្ដឹង​ត្រដោក ឬ​ចង្ក្រង​ជាដើម​។​[​ត្រូវការ​អំណះអំណាង​]  កន្លែង​ខ្លះទៀត​មាន​លេងល្បែង​ផ្សេងៗ​ខុស​ពីនេះ​។ ប៉ុន្តែ​រហូតមកដល់​ពេល​បច្ចុប្បន្ននេះ ទំនៀមទម្លាប់​នេះ​ចេះតែ​បាត់ៗ រួញ​ថយ​បន្តិច​ម្ដងៗ សាសនា​កាន់តែ​កន្លង​វែង​ទៅ នាំឲ្យ​ការ​ប្រកាន់ខ្ជាប់​ស្ទើរតែ​បាត់បង់​ច្រើន​ណាស់ដែរ​។​

​ការបោះ​បាយបិណ្ឌ​

​នៅ​ព្រលឹម​ម៉ោង​៤​ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរទៅ​វត្ដ​អា​រ៉ា​ម​នានា​នៅ​ក្នុងភូមិ ឬ​នៅក្បែរ​ផ្ទះ​របស់ខ្លួន ជាមួយនឹង​នំចំណី​ដែល​ធ្វើ​រួចជាស្រេច​ដាក់​ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅ​វត្ដ​។ ការបោះ​បាយបិណ្ឌ​ជា​ជំនឿ​អ​រូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬ​ឧទ្ទិស​កុសល​ឲ្យទៅ​ញាតិសន្ដាន​សាច់សាលោហិ​តដែល បាន​ចែក​ឋាន​ទៅ​បរលោក​។​
​ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិនទាន់មាន​ឯកភាពគ្នា​នៅ​ក្នុងសង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​បានចាត់ទុក​ការបោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិនអាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈដែល​អ្នកខ្លះ​បាន​អះអាង និង​រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការធ្វើ​មិន​គោរព​ទាន​ជាដើម​។​អ្នក​ដែល​ជឿថា បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍​គិតថា បោះ​បាយបិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត (​ហេតុនេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅថា​បាយ​ប្រេត​)​។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន​អះអាងថា ការបោះ​បាយបិណ្ឌ​ជា​ការធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធ​ឡើយ​។​

​ការ​ពូន​ភ្នំខ្សាច់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់ នៅ​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ​យល់ថា វា​ល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ​។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នី​មួយៗ ព្រមទាំង​អុជ​ធូប​ស្មា​លា កំហុស​បាប​មួយចំនួន​ដែល​ខ្លួន​បាន​សាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លងមក​។ ការ​ពូន​ភ្នំខ្សាច់​នេះ​ក៏​ជាការ​ឧទ្ទិស​កុសល​មួយ​ជូន​ដល់​ឧបការី​ជន​ទាំងឡាយ​ដែល​បាន​លាចាក​លោក​ផងដែរ​។​

ប្រេត​

​បើតាម​គម្ពី​ព្រះពុទ្ធសាសនា​បាន​ចែងថា មនុស្ស​ដែល​ស្លាប់ទៅ​តែង​ទៅ​កើត​ទី​ផ្សេងៗ​តាម​កម្ម​របស់ខ្លួន​។ មនុស្ស​ចិត្ដអាក្រក់ ដែល​បានធ្វើ​បាបកម្ម​ផ្សេងៗ លុះ​ស្លាប់ទៅ​តែងតែ​កើតជា​ប្រេត​៤​ប្រភេទ គឺ​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម ប្រេត​ស្រេកឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែល​ភ្លើង​ឆេះ​ជានិច្ច និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឲ្យ​។ គេ​តែង​និយម​ជ្រើសរើស​ចំ​ថ្ងៃ​រនោច​ខែ​ភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះ​ចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះតែ​ងងឹត​ទៅៗ ព្រោះ​ឱកាស​នោះ​ហើយ ដែល​យមរាជ​ដោះលែង​ពួក​ប្រេត​ទាំងនោះ​ឲ្យមក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំ​ទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឲ្យ ព្រោះ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ណាស់​។ ប្រសិនបើ​រយៈពេល​១៥​ថ្ងៃ ពួក​ប្រេត​ដើររក​គ្រប់​វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណា​ធ្វើបុណ្យ​បញ្ជូន​កុសល​ទៅឲ្យ​ទេ ពួកគេ​នឹង​អត់បាយ​អត់​ទឹក​ស្រេកឃ្លាន​រងទុក្ខវេទនា​យ៉ាង​ក្រៃលែង ហើយនឹង​ជេរ​ប្រទេចផ្ដាសា​ដល់​បង​ប្អូន​ញាតិ​កា​ទាំងឡាយឲ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដី​ប្រពន្ធ កូនចៅ ញាតិ​ផៅ​ទាំង​ប្រាំពីរ​សណ្តាន​៕ (ដកស្រង់​ពី​គេហទំព័រ Cambodiamonks.com )

 ពាក្យគន្លឹះ  ភ្ជុំបិណ្ឌ

ព័ត៌មានផ្សេងទៀត