អភិបាល​ក្រុង​ភ្នំពេញ​​សម្រេចយក​​ការរៀបចំ​​សណ្ដាប់ធ្នាប់​​ជា​អាទិភាព​​ក្នុង​អាណត្តិ​ថ្មី​​

21-09-2018 5:00 pm 1064
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រា​ធ​ធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ក្នុង​អាណត្តិ​ថ្មី​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានជ្រើសរើស​យក​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ដូចជា ការប្រើប្រាស់​ចិញ្ចើមផ្លូវ ការចត ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ​ជាដើម ធ្វើជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​កិច្ចការ​ផ្សេងៗ​ទៀត​។ តើ​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​លោក​ឃួង ស្រេង ជ្រើសរើស​យក​ជា​អាទិភាព​នេះ មាន​ប្រសិទ្ធភាព​ទេ ខណៈ​បញ្ហា​សណ្ដាប់ធ្នាប់​នេះ​នៅតែ​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​? (​សេង បារាំង​)

​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជ្រើសរើស​យក​ជា​កិច្ចការ​អាទិភាព ក្នុងចំណោម​កិច្ចការ​ផ្សេងៗ ក្នុង​អាណត្តិ​ថ្មី​នេះ ដែល​លោក​ត្រូវ​យកចិត្តទុកដាក់ និង​ធ្វើ​ការរៀបចំ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បាន​គូសបញ្ជាក់ថា ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ដូចជា​ការរៀបចំ​មិនឱ្យ​រំលោភ​យក​ចិញ្ចើមផ្លូវ​ទៅ​ប្រើប្រាស់​លក់ដូរ មិនឱ្យ​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ចិញ្ចើមផ្លូវ មិនឱ្យ​សង់​រោងការ ឬ​ពិធី​បុណ្យទាន​នៅតាម​ផ្លូវ​សាធារណៈ​ជាដើម គឺជា​ការចង់បាន និង​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​បញ្ហា​ទាំងនេះ វា​ធ្វើឱ្យប៉ះពាល់​យ៉ាងច្រើនដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដូចជា​ធ្វើ ឱ្យមាន​ការកកស្ទះ​ចរាចរណ៍​ជាដើម​……………

​សំឡេង​៖

​លោក​ម៉េត មាស​ភក្ដី បានឱ្យដឹង​ផងដែ​រថា រយៈពេល​៣​ខែ​កន្លងមកនេះ ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ​នៅលើ​ដងផ្លូវ​ចំនួន​១១​ខ្សែ ឃើញថា លទ្ធផល​ទទួលបាន​ជោគជ័យ​ជាង​៩០%​ហើយ ហើយ​អាជ្ញាធរ​នឹង​អនុវត្ត​បន្តទៀត​នៅតាម​ដងផ្លូវ​ផ្សេងៗ​ទៀត​។ យ៉ាងណាក៏ដោយ​លោក​ម៉េត មាស​ភក្ដី ទទួល​ថា ការចុះអនុវត្ត​របស់​អាជ្ញាធរ​នៅ​មិនទាន់បាន​ល្អប្រសើរ និង​មិនមាន​ប្រសិទ្ធិភាព​មួយរយ​ភាគរយ ដែល​ត្រូវ​ទាមទារ​ពេលវេលា​បន្ថែមទៀត​ក្នុង​ការធ្វើ​រឿងនេះ​។​

​ដោយឡែក​រឿង​រិះគន់ថា ចំណាត់ការ​របស់​អាជ្ញា​ធរ​ធ្វើឡើង​បាន​តែមួយ​ប្រាវ តែ​ស្ងប់ស្ងាត់​ទៅវិញ ជាពិសេស​ការរៀបចំ​សណ្ដាប់ធ្នាប់​ទាក់ទង​ទៅនឹង​ការរំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​នេះ​តែម្ដង គេ​សង្កេតឃើញថា មាន​ប្រសិទ្ធភាព​តែមួយ​ភ្លែត តែ​ក្រោយមក​បញ្ហា​ទាំងនេះ​នៅតែ​កើតមាន​ដដែល​។ ឆ្លើយតប​នឹង​ការរិះគន់​នេះ លោក​ម៉េត មាស​ភក្ដី ថា វា​ជា​ទស្សនៈ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​មួយចំនួន ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួនធំ​គាំទ្រ និង​សាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ ហើយក៏​បាន​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ខិតខំ​ធ្វើ​ការងា​រ​នេះ​បន្តទៀត​ផងដែរ​៕

ព័ត៌មានផ្សេងទៀត